យន្តការដេញថ្លៃជ្រូករស់! ក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម លើកហេតុផលរៀងៗខ្លួន

14/02/2022 2:00 pm ភ្នំពេញ

ដោយ៖ អ៊ុត រស្មី  និង អ៊ូ សុខមាន

ភ្នំពេញ៖ ក្រោយមានលិខិតឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លើករណីសំណើសុំផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា  ស្ថាប័នទាំងពីរ បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់រៀងៗខ្លួនដើម្បីបង្ហាញជំហរលើយន្តការដេញថ្លៃជ្រូករស់។


កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងថា ក្រសួងមានគោលដៅធានាឲ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំអំពីគោលបំណងនៃគំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំជ្រូករស់ផ្តត់ផ្គង់មកកម្ពុជា។

«យន្តការដេញថ្លៃជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា  រៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ ធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាព ព្រមទាំងការផ្គត់ផ្គង់មានតម្លៃសមរម្យ »។ នេះជាការអះអាងរបស់ក្រសួងសេដ្ឋកិច្ចដោយបន្ថែមថា ការដេញថ្លៃនេះ យកមកអនុវត្តក្នុងករណីដែលមានការខ្វះជ្រូកប៉ុណ្ណោះ។

ក្រសួងដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា យន្តការនេះ គឺពឹងផ្អែកលើក្រសួងកសិកម្ម ក្នុងការកំណត់កូតានៃបរិមាណនាំចូល , កំណត់គុណវុឌ្ឍិនៃក្រុមហ៊ុននាំចូល និងធ្វើការដេញថ្លៃដោយតម្លាភាព ដើម្បីបំពេញសេចក្ដីត្រូវការប្រើប្រាស់ជ្រូកក្នុងស្រុក ក៏ដូចជារក្សាកម្រិតតម្លៃសាច់ជ្រូកឲ្យសមរម្យ។

បើតាមក្រសួងសេដ្ឋកិច្ច យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ជាចំណែកនៃការជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់ ហើយថែមទាំងធានានិរន្តភាពនៃការចិញ្ចឹមជ្រូករបស់កសិករក្នុងបរិបទកូវីដ-១៩ ។

មួយថ្ងៃក្រោយមក ពោលគឺថ្ងៃទី១២ ខែកុម្ភៈ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច។

ស្ថាប័នជំនាញរបស់ក្រសួងកសិកម្ម បានបង្ហាញជំហរថា ខ្លួនឯកភាពឲ្យមានការសិក្សាថ្លៃដើមផលិតកម្មជ្រូកនៅកម្ពុជា ធៀបនឹងប្រទេសជិតខាង ប៉ុន្តែបានទទូចមិនឲ្យមានការរៀបចំនីតិវិធីដេញថ្លៃផ្គត់ផ្គង់ជ្រូកនោះឡើយ។

«អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មិនដែលមានបំណងមិនចូលរួមប្រជុំពាក់ព័ន្ធនឹងជំនាញរបស់ខ្លួននោះឡើយ តែអ្វីដែលសំខាន់នោះគឺលទ្ធផលដែលទទួលបានពីការសិក្សាថ្លៃដើមផលិតកម្មជ្រូក មិនបានចង្អុលបង្ហាញឲ្យបង្កើតយន្តការដាក់ដេញថ្លៃនោះទេ បែរជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តជំរុញរៀបចំសៀវភៅបន្ទុកស្តីពីការដេញថ្លៃនាំចូលសត្វជ្រូករស់មកផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅច្រកព្រំដែនជាមួយថ្ងៃ ឬវៀតណាម»។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន។

អគ្គនាយកដ្ឋានសុខភាពសត្វ បានលើកឡើងថា ការលើកយកយន្តការរៀបចំដេញថ្លៃជ្រូករស់មកផ្គត់ផ្គង់ទីផ្សារពេលមានតម្រូវការខ្វះខាតក្នុងស្រុក ក្នុងរយៈពេលមួយកំណត់ទាំងបរិមាណ និងតម្លៃគឺជាយុទ្ធសាស្រ្តមួយដែលពិបាកនឹងអនុវត្ត ព្រោះថាតម្លៃជ្រូករស់មានការប្រែប្រួលជានិច្ចទៅតាមពេលវេលា និងទីកន្លែង ប្រសិនបើមានជំងឺផ្ទុះឡើងនោះ នឹងមានការប្រែប្រួលខ្លាំងបំផុត។
ជាមួយគ្នានេះ  អគ្គនាយកដ្ឋានសុខភាពសត្វ បានបង្ហាញពីការសោកស្តាយ ដោយសារតែឯកសារក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើតសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ពុំមានសកម្មភាពគាំទ្រដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វចូលរួម ទោះជាអនុវិស័យនេះ មានការចូលរួមដោយផ្ទាល់ពីការស្រូបយកកំលាំងពលកម្ម និងកំណើតជីវភាពគ្រួសា និងសេដ្ឋកិច្ចជាតិក៏ដោយ។
 
អគ្គនាយកដ្ឋានសុខភាពសត្វ បានបង្ហាញជំហរបដិសេធរបស់ខ្លួនដែលស្របតាមអនុសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងនៅខេត្តព្រៃវែង កាលពីឆ្នាំ២០២០ ថា សម្តេចមិនអនុញ្ញាតបណ្តោយឲ្យមានការនាំចូលជ្រូករស់១លានក្បាល មកសម្លាប់ការចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។

លិខិត​លោក អូន ព័ន្ធមុនីរ័ត្ន ទៅកាន់លោក វេង សាខុន

នៅមុនការឆ្លើយឆ្លងគ្នាតាមសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួននេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ផងដែរនោះ បានសរសេរលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។

អមដោយលិខិតចុះថ្ងៃទី៨ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បានភ្ជាប់ជាមួយសេចក្តីព្រាងបឋមយន្តការដេញថ្លៃ (សៀវភៅបន្ទុក) ហើយខ្លឹមសារលិខិត គឺឆ្លើយតបទៅនឹងលិខិតរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយខាងកសិកម្ម ស្នើឲ្យផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងប្រាប់ លោក វេង សាខុន ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យសំណើរយ៉ាងយកចិត្តទុកដាក់ ហើយក៏មានមតិយោបល់មួយចំនួនជូនក្រសួងកសិកម្មវិញ។

តាមខ្លឹមសារជារួម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានកត់សម្គាល់ពីតម្លៃសាច់ជ្រូកនៅលើទីផ្សារនាពេលបច្ចុប្បន្នដែលបានហក់ឡើងខ្ពស់  ហើយមានមួយផ្នែកបង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងដោយតម្លាភាពរវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់នៅកម្ពុជា។  ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងធ្វើសេចក្តីព្រាងនៃយន្តការដេញថ្លៃនាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់កម្ពុជា។
 
សាច់ជ្រូកដែលចរាចរនៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន មានតម្លៃជាមធ្យមពី២៥០០០ទៅ២៦០០០រៀលក្នុមួយគីឡូក្រាម។ តម្លៃនេះគឺបានឡើងថ្លៃជិត១០០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០១៩ និង២០២០ សាច់ជ្រូក គឺមានតម្លៃត្រឹម១៧០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃសាច់ជ្រូកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋ ពិជាពិសេនៅក្នុងបរិបទនៃប្រក្រតីភាពថ្មីក្នុងការរស់នៅជំងឺកូវីដ-១៩។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការកើនឡើងថ្លៃជ្រូករស់នាពេលបច្ចុប្បន្ន គឺមានមួយផ្នែកបណ្តាលមកពីកង្វះយន្តការប្រកួតប្រជែងដោយតម្លាភាពរវាងក្រុមហ៊ុននាំចូលជ្រូករស់ សម្រាប់ផ្គត់ផ្គង់នៅទីផ្សារកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានថ្លែងទៅកាន់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ៖ «ជាក់ស្តែង ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ គឺបានលក់ជ្រូករស់នៅក្នុងថ្លៃមួយខ្ពស់ ពី ១១ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងឆ្នាំ២០១៩និង២០២២ ដល់ ១៤០០០រៀលក្នុងមួយគីឡូក្រាមនាអំឡុងឆ្នាំ២០២១ ខណៈក្រុមហ៊ុនទាំងនោះទិញពីកសិដ្ឋាននៅប្រទេសថៃមានតម្លៃត្រឹមពី៦៥០០ទៅ៧០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។  

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃ គ.ស.ហ បានបញ្ចប់សេចក្តីព្រាងបឋមនៃយន្តការដេញថ្លៃនាំចូលជ្រូករស់ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងការផ្តល់ធាតុចូលពីក្រសួងពាណិជ្ជកម្ម តែលោកសោកស្តាយដែលក្រសួងកសិកម្ម មិនបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួម។

លោក បានបញ្ជាក់ថា៖ «យន្តការនេះ គឺនឹងត្រូវប្រើប្រាស់នៅពេលដែលមានកង្វះការផ្គត់ផ្គង់ជ្រូករស់នៅក្នុងស្រុកតែប៉ុណ្ណោះ ដោយពុំត្រូវបានយកមកអនុវត្តជាប្រចាំឡើយ។ ទន្ទឹមនេះ ការកំណត់បរិមាណជ្រូករស់ដែលនឹងអនុញ្ញាតឱ្យនាំចូលក្នុងការពេលចាំបាច់ណាមួយនោះ គឺជាសមត្ថភាពរបស់គណៈកម្មការដេញថ្លៃ ដែលមានក្រសួងកសិកម្ម ជាប្រធាន»។

ពាក់ព័ន្ធនឹងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លោក វេង សាខុន មិនបានឆ្លើយតបទៅនឹងការសាកសួររបស់សារព័ត៌មានថ្មីៗឡើយ ប៉ុន្តែលោកបានស្នើឲ្យចាំមើលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ក្រសួងកសិកម្ម បានច្រានចោលអត្ថបទសារព័ត៌មានចំនួនទាក់ទងនឹងការលើកឡើងថា «ការឡើងថ្លៃជ្រូករស់ ដោយសារកង្វះយន្តការប្រកួតប្រជែង» ដោយអះអាងថា «ការចុះផ្សាយអត្ថបទនេះ ខុសពីការពិត ហើយមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណជនមានការយល់ច្រឡំមកលើក្រសួង»។
 
តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម អះអាងពីការដាក់ចេញនូវគោលការណ៍គ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាំងថ្ងៃទី១ធ្នូ ឆ្នាំ២០២០មក ក្នុងគោលដៅទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺបេស្តជ្រូកអាហ្វ្រិកមកបំផ្លាញសេដ្ឋកិច្ចជាតិ និងទប់ស្កាត់ការនាំចូលជ្រូករស់លើសពីតម្រូវការមកបំផ្លាញដល់អ្នកចិញ្ចឹមក្នុងស្រុក និងធានាស្ថេរភាពតម្លៃជ្រូករស់នៅលើទីផ្សារ។  

លើសពីនេះទៅទៀត អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ក៏បានជំរុញលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ដែលនាំឱ្យមានការចិញ្ចឹមសត្វមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។  ប៉ុន្តែ ក្រសួងកសិកម្ម បានលើកឡើងថា៖«ការផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារនៅមានការខ្វះខាត ដែលតម្រូវឱ្យមានការនាំចូលបំពេញបន្ថែមប្រមាណ២ ៥០០ក្បាលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ហើយ ចាប់ពីតុលា ឆ្នាំ២០២១មក មិនមានការនាំចូលជ្រូករស់មកបំពេញបន្ថែមទេ រហូតមកដល់បច្ចុប្បន្ន»។
បច្ចុប្បន្ននៅប្រទេសថៃ ថ្លៃដើមផលិតកម្មនៃសាច់ជ្រូករស់មានចន្លោះពី ៩ ៦០០រៀល(២,៤ដុល្លា) ទៅ ១០ ០០០រៀល(២,៥ដុល្លារ) ក្នុងមួយគីឡូក្រាម។ ចំណែកនៅកម្ពុជា សាច់ជ្រូករស់គឺមានថ្លៃដើមចំនួន ១១ ៦០០រៀល (២,៩ដុល្លារ) ក្នុងមួយគីឡូក្រាម។

ក្រសួងកសិកម្ម អះអាងថា ទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ ក៏តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះឡើយ ហើយតម្លៃអាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទសាច់ជ្រូក។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួល ពី២០ ០០០ទៅ ២៥ ០០០រៀលក្នុងមួយគីឡូក្រាម។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងកសិកម្ម អះអាងថា ស្ថិរភាពថ្លៃសាច់ជ្រូករស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ បានធ្វើឲ្យផលិតកម្មជ្រូកមានការកើនឡើង ហើយសមាជិកសមាគមអ្នកចិញ្ចឹមសត្វ បានបោះទុនវិនិយោគបន្ថែមលើការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មកាន់តែធំ និងទំនើប៕ 

 

ព័ត៌មានទាក់ទង