អ្នកស្រាវជ្រាវធ្វើកំណាយនៅឡដុតកុលាលភាជន៍ សម័យអង្គរនៅក្រុមឡទ្វារដីឆ្នាំង

09/02/2022 5:00 pm ភ្នំពេញ


ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ នៅទីទួលមួយកន្លែង ដែលជាទួលឡដុតកុលាលភាជន៍ នៅពាយព្យក្រុងអង្គរធំ។ កន្លងមក មានការធ្វើកំណាយ និងប្រទះឃើញឡដុតកុលាលភាជន៍មួយរួចហើយ នៅទួលត្រពាំងបុស្ស ហើយអ្នកស្រាវជ្រាវបានរកឃើញទួលច្រើនទៀតនៅក្បែរគ្នា ដែលគេឱ្យឈ្មោះថា ក្រុមឡទ្វារដីឆ្នាំង។



អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ លោក ទិន ទីណា បានឱ្យដឹងថា កំណាយស្រាវជ្រាវនៅទួលឡបុរាណនៅពេលនេះ គឺដើម្បីប្រៀបធៀបលទ្ធផល ទៅនឹងអ្វីដែលរកឃើញពីរចនាសម្ព័ន្ធឡទី១។ លោករំឭកថា នៅចុងឆ្នាំ២០១៩ ក្រុមការងារលោកបានធ្វើកំណាយទីទួលត្រពាំងបុស្ស ដោយរកឃើញរចនាសម្ព័ន្ធឡដុតកុលាលភាជន៍ ដែលទ្រង់ទ្រាយខុសពីឡដែលរកឃើញនៅតំបន់អង្គរ។ 
 
លោក ទិន ទីណា ពន្យល់ថា៖« កន្លងមកមានអ្នកស្រាវជ្រាវខ្លះគាត់ដើរមកឃើញបំណែកកុលាលភាជន៍ ដើម្បីបញ្ជាក់ថាកន្លែងនេះជាឡ ឬកន្លែងប្រើប្រាស់យើងក៏កំណាយ នៅទួលត្រពាំងបុស្ស ដែលអ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1  ក្រោយកំណាយយើងឃើញរចនាសម្ព័នឡខុសប្លែកពីឡដែលយើងបានកំណាយនៅតំបន់អង្គរ ដូចនៅឡតានី ខ្នារពោធិ៍ សសិ អន្លង់ធំ»។
 
បុរាណវិទូ លោក វិទូ ភិរម្យ ដែលចូលរួមធ្វើកំណាយនៅទីតាំងឡបុរាណខាងលើ បានរៀបរាប់ថា រចនាសម្ព័ន្ធឡបុរាណនៅត្រពាំងទួលបុស្ស មានរូបរាងស្ទើរមូល ដោយមានទំហំទទឹង២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ ដែលទ្រង់ទ្រាយនេះខុសពីឡបុរាណដែលរកឃើញកន្លងមក។ លោកពន្យល់ថា៖« វាហាក់ជាការរកឃើញថ្មីនៅស្រុកខ្មែរ ព្រោះមិនមែនជាឡវែងនោះទេ ឡនេះស្ទើរតែមូល តែអ្វីសំខាន់ របៀបនៃការដុតភាជន៍ គេមានកម្រាលដូចចង្រ្កានហើយរៀបភាជន៍លើកម្រាល រួចគេដុតភ្លើងពីក្រោម ហើយមានជញ្ជាំងដើម្បីទប់កម្រាល នៅជុំវិញជាជញ្ជាំងឡ»។

លោក ឆាយ រចនា ប្រធានការិយាល័យអង្គភាពកុលាលភាជន៍អង្គរ នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ពន្យល់ថា ការសិក្សាស្រាវជ្រាវដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា LiDAR បង្ហាញថា ក្រុមឡទ្វារដីឆ្នាំង ដែលនៅក្បែរក្រុងអង្គរធំ មានទួលឡតូចធំសរុប ២៤កន្លែង។ លោកថា ការជ្រើសរើសទីតាំងនេះ សម្រាប់ការធ្វើកំណាយ ដោយសារទួលនេះមានទំហំធំជាងទួលមុន ហើយក្រៅពីចង់ដឹងអាយុកាល គេក៏ចង់ដឹងពីមូលហេតុដែលដូនតាធ្វើឡច្រើននៅតំបន់ឡទ្វារដីឆ្នាំងនេះផងដែរ។
 
ករណីនេះ លោក ទិន ទីណា ពន្យល់ថា កន្លងមកការស្រាវជ្រាវពីឡដុតកុលាលភាជន៍ដូចនៅឡតានី នៃស្រុកបន្ទាយស្រី គឺមានរចនាសម្ព័ន្ធដូចៗគ្នា។ ចំពោះករណីនៅទីតាំងកំណាយថ្មីនេះ គេនឹងធ្វើការប្រៀបធៀបចំពោះរចនាសម្ព័ន្ធ ប្រសិនបើវាដូចគ្នា នោះគេនឹងសន្មត់ថា វាគ្មានអ្វីដែលត្រូវសិក្សាបន្តទេ តែប្រសិនបើខុសគ្នា នោះគេនឹងបន្តកំណាយទៅឡផ្សេងទៀត ព្រោះថាឡទាំង២៤ ដែលបង្កើតឡើងដោយសហគមន៍ចំនួន១២ក្រុម អាចមានមុខងារផលិតរបស់ផ្សេងៗគ្នាក៏ថាបាន។ 
 
អ្វីដែលពិសេសនោះ អ្នកស្រាវជ្រាវមិនសូវប្រទះឃើញបំណែកកុលាលភាជន៍ច្រើនទេក្នុងរណ្ដៅកំណាយ ដែលសបញ្ជាក់ថា ឡទ្វារដីឆ្នាំងនេះ ផលិតភាជន៍ដោយប្រើបច្ចេកទេសខ្ពស់ និងជាភាជន៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ឡនេះ ចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សទី ១៣។ នេះជាការបញ្ជាក់ពីលោក ទិន ទីណា៕

ព័ត៌មានទាក់ទង