សិប្បកម្មមួយនៅស្រុកត្រាំកក់ ផ្តល់ការងារដល់អ្នកមានពិការភាពលើការកែច្នៃសំណល់ដូងធ្វើទ្រនាប់ជើង និងវត្ថុផ្សេងៗ

13/02/2023 5:00 pm ភ្នំពេញ


ដោយ៖ឈុំ ចន្ថា

ក្រៅពីផលិតស្ករគ្រាប់ដូង សិប្បកម្មមួយកន្លែងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានកែច្នៃកាកសំណល់ដូងទៅជាទ្រនាប់ជើង ថូផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ។ សិប្បកម្មនេះ កំពុងផ្ដល់ការងារមួយផ្នែកធំដល់អ្នកមានពិការភាព និងអ្នកកើតជំងឺអេដស៍ជាច្រើននាក់។ កន្លងទៅ ផលិតផលកែច្នៃទាំងនេះ ទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្តែវិបត្តិកូវីដ -១៩ បានធ្វើឱ្យការបញ្ជាទិញ ពីអតិថិជនមួយចំនួនធ្លាក់ចុះ។



លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្ម កូកូឌឺតាកែវ (CoCo de Takeo) បានបង្កើតគំនិតកែច្នៃសំបក និងកាកសំណល់ដូង ទៅជាទ្រនាប់ជើង ថូផ្កា កម្រាលព្រំ ទ្រនាប់ចាន ឬកែវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ។ មិនតែប៉ុណ្ណោះសិប្បកម្មរបស់លោក ក៏អាចផលិតប្រេងដូង សាប៊ូ និងសរសៃមី ដែលសុទ្ធសឹងចេញពីផ្លែដូងទៀតដែរ។
 
លោក មាគ ស៊ន បានរៀបរាប់ដូច្នេះថា៖«ដំបូងយើងធ្វើតែស្ករគ្រាប់ដូងទេ តែឥឡូវសម្រាប់សាច់ដូងយើងបានយកទៅធ្វើប្រេងដូង សាប៊ូ ហើយកាកដូងដែលសល់មួយផ្នែកហ្នឹង គឺយើងយកទៅផលិតមីដែរ អាហ្នឹងផ្នែកសាច់ដូង។ ចំពោះ លលាដដូង យើងកែច្នៃវាទៅជាវត្ថុអនុស្សាវរីយ៍តូចតាចមានដូចជា បន្តោងសោជាដើម។ ចំណែកស្រកីដូង យើងយកទៅកែច្នៃក្នុងម៉ាស៊ីនធ្វើជាជីកំប៉ុស ហើយនៅសល់សរសៃដូង យើងធ្វើវាទៅជាស្បែកជើង កម្រាលជូតជើង ទ្រនាប់ចាន និងវត្ថុជាច្រើនមុខទៀត»។ 

ប្រធានមណ្ឌលសិប្បកម្ម កូកូឌឺតាកែវរូបនេះបានបញ្ជាក់ថា ការកែឆ្នៃកាកដំណល់ដូងទៅជាវត្ថុប្រើប្រាស់ទាំងនេះ គឺមានគោលបំណងជំរុញឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើតការងារប្រចាំថ្ងៃឱ្យពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអ្នកមានពិការភាព។ ជាក់ស្ដែង សិប្បកម្មមួយនេះ បានផ្ដល់ការងារឱ្យអ្នកពិការ គ ថ្លង់ និងអ្នកកើតជំងឺអេដស៍ប្រមាណ២០នាក់ ក្នុងចំណោមបុគ្គលិកសរុប៤០នាក់។ 



លោក ឱ្យដឹងថា ក្នុងមួយខែៗសិប្បកម្មរបស់លោក អាចផលិតទ្រនាប់ជើងបានប្រមាណ១០០គូ ឬច្រើនជាងនេះ តាមតម្រូវការទីផ្សារច្រើន ឬតិច។ ផលិតផលរបស់លោកទាំងអស់ ភាគច្រើនដាក់លក់តាមបណ្ដាញសង្គម និងគោលដៅទេសចរណ៍ក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយសារកូវីដ-១៩ បានធ្វើឱ្យទេសចរធ្លាក់ចុះ ហើយអតិថិជនមួយចំនួនក៏ផ្អាកការបញ្ជាទិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណា លោកនៅតែបន្តជំរុញការផលិតឱ្យច្រើនជាងមុន ដោយលោក សង្ឃឹមថា ទីផ្សារនឹងងើបឡើងវិញក្រោយពេលជំងឺកូវីដ-១៩ ធូរស្រាល។



លោក ប្រាប់យ៉ាងដូច្នេះថា៖«ម្នាក់ៗអត់ហ៊ានកម្មង់របស់យើងយកទៅលក់ទេ ព្រោះទេសចរអត់មាន។ ឆ្នាំ២០១៩ ហ្នឹងវាពិបាកណាស់ ព្រោះកូវីដ តែខ្ញុំអត់ចង់ឱ្យបុគ្គលិកឈប់។ ខ្ញុំចេះតែព្យាយាមរកផលិតផលណាដែលអាចជំរុញឲ្យមានការប្រើប្រាស់ក្នុងស្រុក។ អ៊ីចឹង ឲ្យពួកគាត់ មកចូលរួមកែច្នៃស្រកីដូងអីហ្នឹងទៅ ក៏បានការងារឲ្យពួកគាត់ធ្វើពេញលេញដែរ»។ 

លោក មាគ ស៊ន បានអំពាវនាវឱ្យពលរដ្ឋលើកស្ទួយ និងប្រើប្រាស់ផលិតក្នុងស្រុក ពិសេសគាំទ្រដល់ស្នាដៃផលិតរបស់អ្នកមានពិការភាព ដើម្បីលើកទឹកចិត្ត និងផ្ដល់ការងារឱ្យពួកគេអាចមានចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាព។ 



សិប្បកម្មស្ករគ្រាប់ដូងនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដោយគំនិតផ្ដួចផ្ដើមពីសហគមន៍កាតូលិក។ លុះមកដល់ឆ្នាំ២០១៩ សិប្បកម្មមួយនេះ បានពង្រីកការកែឆ្នៃផ្លែដូងទៅជា ទ្រនាប់ជើង ប្រេងដូង សាប៊ូ មី និងវត្ថុប្រើប្រាស់ជាច្រើនផ្សេងទៀត៕ 

 

ព័ត៌មានទាក់ទង