ជ្រូកកណ្ដុរខ្វៃ កំពុងត្រូវប៉ាន់ថ្ងៃចូលឆ្នាំចិន

31/01/2022 3:00 pm ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនមួយចំនួន បានងាកមកទិញជ្រូកកណ្ដុរខ្វៃ ជំនួសជ្រូកធម្មតា សម្រាប់សែនចូលឆ្នាំចិនវិញ។ អ្នកលក់ជ្រូកខ្វៃ បានអះអាងថា ជ្រូកកណ្ដុរខ្វៃឆ្នាំនេះ ត្រូវប៉ាន់ព្រោះជ្រូកកណ្ដុរមិនសូវមានខ្លាញ់ និងមានរសជាតិឆ្ងាញ់ជាងជ្រូកធម្មតា។



លោក នូ ចាន់ថា អ្នកគ្រប់គ្រងហាងខ្វៃជ្រូកកណ្ដុរមួយកន្លែង នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានឱ្យដឹងថា ឆ្នាំនេះហាងរបស់លោកមានភ្ញៀវបញ្ជាទិញជ្រូកកណ្ដុរច្រើន រហូតដល់ជិត១ពាន់ក្បាល ខណៈតម្លៃក៏ឡើងថ្លៃដោយថ្ងៃធម្មតាតម្លៃត្រឹម១៣០ដុល្លារក្នុងមួយក្បាល រីឯថ្ងៃសែនចិនតម្លៃ១៥០ដុល្លារក្នុងមួយក្បាល។
 លោក បន្តថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្ញៀវបញ្ជាទិញច្រើន រហូតលោកសម្រេចបិទការបញ្ជាទិញ ដោយសារជ្រូក ឡើងថ្លៃ និងពិបាករកទិញ។ 

លោក នូ ចាន់ថា ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«និយាយទៅ មានភ្ញៀវមកកក់ច្រើនមែនទែន។ សូម្បី ខ្ញុំបិទការបញ្ជាទិញតាំង៣ថ្ងៃមុន​ ប៉ុន្តែនៅតែមានភ្ញៀវមកទិញរហូត។ ខ្ញុំ​បិទការទទួល ដោយសារជ្រូកកណ្ដុរសុទ្ធ យើងអត់ងាយរកទេ​ ហើយយើងក៏មិនអាចបន្លំជ្រូកថៃ វៀតណាមបានដែរ។ អ៊ីចឹងយើងទទួលតែប៉ុណ្ណឹង»។ 



ចំណែក​ លោក ឌុក ដេត ម្ចាស់ភោជនីយដ្ឋាន សួនមេអំបៅ នៅខេត្តសៀមរាប បានឱ្យដឹងថា នៅសៀមរាប មានភ្ញៀវមួយចំនួនតូចប៉ុណ្ណោះ បានបញ្ជាទិញជ្រូកកណ្ដុរខ្វៃពីភោជនីយដ្ឋានរបស់លោក ខណៈជ្រូកខ្មែរនៅតែពេញនិយម ដដែល។ លោក បន្តថា មូលហេតុដែលភ្ញៀវចង់បានជ្រូកកណ្ដុរខ្វៃ សែនចូលឆ្នាំចិន ដោយសារជ្រូកប្រភេទនេះមានរសជាតិឆ្ងាញ់។ 

លោក ប្រាប់ដូច្នេះថា៖«ខ្ញុំទើបតែចាប់ផ្ដើមខ្វៃជ្រូកកណ្ដុរនេះ១ឆ្នាំទេ តែឃើញថាជ្រូកកណ្ដុរគេ និយមហូបច្រើនណាស់ ហើយចូលឆ្នាំចិននេះ។ ខ្ញុំមានអ្នកបញ្ជាទិញ ២ក្បាលដែរ។ ការណ៍ដែលពួកគាត់បញ្ជាទិញជ្រូកកណ្ដុរនេះល្អម្យ៉ាងដែរ ព្រោះថាជាធម្មតា តែគេសែនចប់​ គេហូបខ្លួនឯងហើយ​។ អ៊ីចឹង ទី១ជ្រូកហ្នឹងឆ្ងាញ់ ហើយអត់សូវមានខ្លាញ់។ ទី២ អាចមកពីសមាជិកគ្រួសារគាត់តិច។ អ៊ីចឹងគាត់ទិញតាមតម្រូវការរបស់គាត់»។



លោក ឌុត ដេត បញ្ជាក់ថា ជ្រូកកណ្ដុរដែលលោកយកមកខ្វៃនេះ គឺទិញពីពលរដ្ឋនៅលើភ្នំគូលែន ដែលចិញ្ចឹមលក្ខណៈគ្រួសារ។​ នៅរដូវចូលឆ្នាំចិននេះ ជ្រូកកណ្ដុរភ្នំគូលែន ឡើងថ្លៃប្រមាណ៥ដុល្លារ ដោយក្នុងមួយក្បាលតម្លៃ៤០ម៉ឺនរៀល។ 
 
ជាមួយគ្នានេះ លោក ស៊ុត ថៃលី អ្នកសម្របសម្រួលរកទីផ្សារលក់ជ្រូកកណ្ដុរ និងជាអ្នកចិញ្ចឹមផង បានឱ្យដឹងថា រៀងរាល់ចូលឆ្នាំចិន ការលក់ជ្រូកកណ្ដុររបស់ពលរដ្ឋនៅភ្នំគូលែន មានការកើនឡើងជាង៧០ភាគរយ ដោយក្នុងមួយខែអាចលក់បានជាង ៦០ក្បាល ធៀបនឹងខែធម្មតាលក់បានតែជាង២០ក្បាលប៉ុណ្ណោះ។ ជ្រូកកណ្ដុរចាប់ពី៦ ទៅដល់៨គីឡូមានតម្លៃ៤០ម៉ឺនរៀល ខណៈចូលឆ្នាំចិន ឬថ្ងៃបុណ្យផ្សេង ជ្រូកកណ្ដុរអាចឡើងថ្លៃ ដល់៤៥ម៉ឺនរៀល ឬ៥០ម៉ឺនរៀល។ 
 
លោក ពន្យល់ថា មូលហេតុដែលជ្រូកកណ្ដុរឡើងថ្លៃ គឺដោយសារតម្រូវការនៅពេលបុណ្យទានមានច្រើន រីឯជ្រូកមានការខ្វះខាត ទើបពលរដ្ឋដំឡើងថ្លៃ។ លោក ប្រាប់ថាដូច្នេះថា៖«បើគិតតាំងពីដើមខែមករានេះមក ខាងយើងលក់ចេញបានជាង៣០ក្បាល ហើយភ្ញៀវដែលកក់ទុក​ចូលឆ្នាំចិន ប្រហែល៦ក្បាលដែរ គឺសម្រាប់សែន។​ ប៉ុន្តែ អ្នកផ្សេងទៀត ខ្ញុំអត់ដឹងថាគេទិញទៅសែនដែរ ឬយ៉ាងណាទេ តែភាគច្រើនគេកក់ទុក នៅថ្ងៃ៣១មករា ស្ទើរទាំងអស់»។ 

បច្ចុប្បន្ន នៅលើភ្នំគូលែន មានពលរដ្ឋចិញ្ចឹមជ្រូកកណ្ដុរប្រមាណ៣០០គ្រួសារ ដែលអាចលក់បានប្រហែល៤០០ក្បាល ក្នុងមួយឆ្នាំ៕




 

ព័ត៌មានទាក់ទង