គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងចូលឆ្នាំចិនឡើងថ្លៃ

31/01/2022 1:00 pm ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី 
ភ្នំពេញ៖ អាជីវករផ្សារអូរឫស្សី ប្រកបរបរលក់គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងចូលឆ្នាំចិន លើកឡើងថា ឆ្នាំនេះទំនិញទាំងនោះឡើងថ្លៃ និងពិបាករកទិញយកមកលក់ទៀតផង។ បើតាមការអះអាងរបស់អាជីវករ ទំនិញសែនចិនឡើងថ្លៃនេះ ប្រហែលដោយសារ ការកកស្ទះទំនិញនៅព្រំដែនចិន និងវៀតណាម។

 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 


មិនខុសពីឆ្នាំមុនៗឡើយ ពលរដ្ឋចិន វៀតណាម និងខ្មែរជាប់សែស្រឡាយចិន កំពុងមមាញឹកក្នុងការរៀបចំរណ្ដាប់សែនចូលឆ្នាំចិន ដូចជា ផ្កាអង្គាសីល ផ្កាស្បៃរឿង ដើមក្រូច គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងផ្ទះផ្សេងទៀត។ ប៉ុន្តែទំនិញរណ្ដាប់សែនទាំងនេះ មានអតិផរណាជាងឆ្នាំមុន។

លោក ហេង សេងឃន ជាអ្នកលក់គ្រឿងរណ្ដាប់សែន និងអីវ៉ាន់តុបតែងផ្ទះ ប្រមាណ២០ឆ្នាំមកហើយ នៅផ្សារអូរឫស្សី អះអាងថា ទំនិញនាំចូលយកមកលក់ឆ្នាំនេះ ថ្លៃជាងឆ្នាំមុន ហើយថែមទាំងពិបាករកទិញទៀតផង។ លោកពន្យល់ដូច្នេះ៖ «ការនាំចូលរៀងពិបាក (នៅតាម)ព្រំដែន អត់ងាយយកចូល ព្រោះអីយើងយកមក ត្រូវបង់ពន្ធ បង់អីទៀត វារៀងថ្លៃ។ អ៊ីចឹងពេលយើងយកមកថ្លៃ យកលក់ទៅតាមតែឥវ៉ាន់ថ្លៃហ្នឹង ហើយថាអីវ៉ាន់ឡើងថ្លៃ ឡើងថ្លៃពីនាយមក »។

ម្ចាស់តូបC0៧ នៃផ្សារអូរឫស្សីរូបនេះ បានពន្យល់ទៀតថា ដ្បិតទំនិញនាំចូលឆ្នាំនេះឡើងថ្លៃ និងពិបាករកទិញ ប៉ុន្តែលោកមិនលក់ថ្លៃខ្លាំងឡើយ ខណៈភ្ញៀវក៏មិនសាញនឹងតម្លៃដែរ។ «ចំណេញ១រៀល(ដុល្លារ) ២រៀល(ដុល្លារ) អ៊ីចឹងទៅ មិនចំណេញកប់ ១០-២០រៀល(ដុល្លារ)ដូចគេ គឺអត់ទេ។ (ភ្ញៀវ)អត់សាញ(តម្លៃ)ទេ ព្រោះអីគេដឹងថាឡើងថ្លៃដែរ»។ 

អីវ៉ាន់ក៏ឡើងថ្លៃ ហើយថែមទាំងមិនសូវមានភ្ញៀវកុះករមករកទិញទៀត។ នេះជាការលើកឡើងរបស់ អ្នកស្រី សឿន នារី ដែលបន្ថែមថា ទោះឆ្នាំនេះ មិនសូវមានអ្នកទិញឈូឆរ ប៉ុន្តែឆ្នាំនេះ វាប្រសើរជាងឆ្នាំមុន ដែលខ្សត់ភ្ញៀវ ដោយសារជំងឺឆ្លងកូវីដ-១៩ រាតត្បាត។ 

កំពុងរៀបអីវ៉ាន់ដែលភ្ញៀវខ្លួនបញ្ជាទិញ ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ ឆ្លៀតមកផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ដូច្នេះ៖ «ថ្លៃពីចុងដៃនេះទេ! កាលដើមដៃក៏អត់សូវអីដែរ ថ្លៃមកឥឡូវដែលមានជំងឺថ្មីហ្នឹងចូលទៀតហ្នឹង។ ហើយគ្រប់ច្រកគេបិទខ្ទប់ខ្លះអ៊ីចឹងទៅ អ៊ីវ៉ាន់វាមកអត់ទាន់  វាថ្លៃបន្តិច ហើយអត់មានឥវ៉ាន់លក់»។ 
ជុំវិញការឡើងថ្លៃនៃទំនិញនេះ អ្នកស្រី នារី លើកឧទាហរណ៍ថា ប្រសិនបើអីវ៉ាន់ធ្លាប់ទិញចូល២ម៉ឺនរៀល ឥឡូវឡើងថ្លៃបន្ថែមពី៥ពាន់រៀល ទៅ១ម៉ឺនរៀល ។ ដូច្នេះអ្នកស្រី ក៏ត្រូវលក់ដំឡើងថ្លៃដូចគ្នា។


ចំពោះលោក លី ម៉េង ក៏មិនហ៊ានយកអីវ៉ាន់ច្រើនមកលក់នៅចូលឆ្នាំចិននេះទេ ដោយសារតែទំនិញឡើងថ្លៃពេក។  «ឆ្នាំនេះលក់មិនសូវដាច់ប៉ុន្មានដូចរាល់ឆ្នាំទេ ព្រោះកូវីដ(១៩)ទើបនឹងធូរស្បើយ។ វាមិនប្រសើរប៉ុន្មានទេ ទើបនឹងកូវីដ(១៩)ចប់ តែវាគ្រាន់បើជាងពេលមានកូវីដ(១៩)ដែរ»។ នេះជាការអះអាងរបស់ លោក លីម៉េង ដែលបន្ថែមថា ភ្ញៀវដែរមកទិញភាគច្រើនជាជនជាតិខ្មែរ កាត់សែស្រឡាយចិន ហើយក៏មានភ្ញៀវជនជាតិចិនខ្លះៗដែរ៕ 


 

ព័ត៌មានទាក់ទង