ការចិញ្ចឹមជ្រូកក្នុងស្រុកថយចុះ ធ្វើឱ្យ«ជ្រូកខ្វៃ»ឡើងថ្លៃ

31/01/2022 10:00 am ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ការចិញ្ចឹមជ្រូកក្នុងស្រុកបានថយចុះ បន្ទាប់ពីជ្រូករាប់ពាន់ក្បាលត្រូវបានសម្លាប់ ដោយសារជំងឺប៉េស្តអាហ្រ្វិក នៅប៉ុន្មានខែចុងក្រោយនេះ។ ការថយចុះបរិមាណជ្រូកក្នុងស្រុកនេះ បានធ្វើឱ្យជ្រូកខ្វៃឡើងថ្លៃ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តបិទការនាំចូលពីប្រទេសជិតខាង។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 


អ្នកស្រី ហេង ឆាយឆែ អាជីវករលក់ជ្រូកខ្វៃ ១៧ឆ្នាំនៅផ្សារអូឫស្សី បានលើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ ជ្រូកខ្វៃលក់ដាច់ជាងឆ្នាំមុន ចន្លោះពី១៥ ទៅ២០ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រី អះអាងថា ជ្រូករស់ដែលទិញយកមកខ្វៃឆ្នាំនេះ ឡើងថ្លៃប្រមាណ ៥ទៅ១០ដុល្លារក្នុងមួយក្បាល ព្រោះជ្រូកក្នុងស្រុកថយចុះ ហើយក្រសួងបិទការនាំចូលពីប្រទេសជិតខាង។ 

អ្នកស្រី ឆាយឆែ ប្រាប់ដូច្នេះថា៖«យើងពិបាកទិញជ្រូកចូលណាស់ឆ្នាំហ្នឹង ដោយសារជ្រូកឡើងថ្លៃ។ ព្រោះអីគេបិទជាយដែន យើងអត់អាចយកជ្រូកក្រៅស្រុកចូលទេ គឺយើងលក់ជ្រូកក្នុងស្រុកដែលយកពីខេត្ត រតនគិរី និងព្រែកតាមាក់។ ជ្រូកខ្មែរយើងល្អ ហើយឆ្ងាញ់ តែតម្លៃវាថ្លៃជាងជ្រូកពីក្រៅ។ ជ្រូកក្នុងស្រុកយើងអត់សូវមាន ហើយនាំចូលអត់បានទៀត អ៊ីចឹង ជ្រូកវាឡើងថ្លៃជាងមុន គឺមកពីគេចិញ្ចឹមអត់សូវបាន ជ្រូកងាប់ច្រើនពេក»។


 
ចំណែក អ្នកស្រី លឹម លីជាង ប្រកបរបរខ្វៃជ្រូកជាង១០ឆ្នាំ បានឱ្យដឹងថា ក្នុងមួយថ្ងៃ អ្នកស្រី អាចលក់ជ្រូកខ្វៃបានប្រមាណ១០ក្បាល ខណៈភ្ញៀវបញ្ជាទិញច្រើននៅថ្ងៃសែនចូលឆ្នាំចិន។ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អ្នកស្រី អាចលក់បានសរុបជាង២០០ក្បាល ដែលក្នុងមួយក្បាលមានតម្លៃចន្លោះពី ៦០ ទៅ៩០ម៉ឺនរៀល។  

អ្នកស្រី លីជាង បានត្អូញត្អែរពីតម្លៃជ្រូករស់ឡើងថ្លៃ បន្ទាប់ពីក្រសួងបិទការនាំចូលពីប្រទេសជិតខាង ពិសេសថៃ និងវៀតណាម។ លោក បញ្ជាក់ដូច្នេះថា៖«ឥឡូវអត់មានជ្រូកទិញទេ ព្រោះជ្រូកឥឡូវស្បើយហើយ យើងពិបាកទិញណាស់ ព្រោះវាថ្លៃ។ ឆ្នាំមុន សម្បូរជ្រូក តែឥឡូវគេបិទអត់ឱ្យនាំជ្រូកពីក្រៅ»។ 




កន្លងទៅ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងដែរថា ជ្រូករាប់ពាន់ក្បាល បានងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្ត បោះបង់ការចិញ្ចឹម។ លោក អំពាវនាវឱ្យកសិករកុំបាក់ទឹកចិត្ត ចាប់ផ្ដើមចិញ្ចឹមជ្រូកឡើងវិញ ដើម្បីជំរុញដល់ការផ្គត់ផ្គង់ជ្រូកក្នុងស្រុក។

លោក ស្រ៊ុនពៅ បានបន្ថែមថា រយៈពេល២ ឬ៣ខែទៀត កម្ពុជាអាចនឹងប្រឈមខ្វះសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដូចថៃ និងវៀតណាមដែរ ប្រសិនបើ កសិករមិនរួមគ្នាចិញ្ចឹមជ្រូកឡើងវិញ៕
 

ព័ត៌មានទាក់ទង