អាជ្ញាធរជាតិអប្សរា រៀបចំទីតាំងមើលថ្ងៃលិចមួយទៀត នៅប្រាសាទភ្នំក្រោម

30/01/2022 12:37 pm សៀមរាប


សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំទីតាំងទស្សនាថ្ងៃលិចមួយកន្លែងបន្ថែមទៀត គឺនៅប្រាសាទភ្នំក្រោម ដើម្បីបង្កើតជាជម្រើសបន្ថែមទៀត សម្រាប់អ្នកនិយមទស្សនាថ្ងៃលិច។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក សេង សុធារ៉ា បានឱ្យសារព័ត៌មានថ្មីៗដឹងថា កន្លងមកទេសចរភាគច្រើន និយមទៅទស្សនាថ្ងៃលិច នៅប្រាសាទភ្នំបាខែង​។ ដូច្នេះដើម្បីបញ្ចៀស​ហានិភ័យដល់ប្រាសាទ ដោយសារការទទួលអ្នកទស្សនាដ៏ច្រើន ក៏ដូចជាដើម្បីបង្កើតជម្រើសផ្សេងដល់ទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំសម្រួលដល់ការទស្សនាថ្ងៃលិចមួយទៀត នៅប្រាសាទភ្នំក្រោម ក្បែរបឹងទន្លេសាប។ លោក សេង សុធារ៉ា បន្ថែម។
 
សម្រាប់លោក សេង សុធារ៉ា រមណីយដ្ឋានប្រាសាទភ្នំក្រោម ជាទីតាំងដ៏ទាក់ទាញមួយ ទេសចរក្រៅពីមើលថ្ងៃលិចដ៏ស្រស់ស្អាត ពួកគេអាចទស្សនានូវទិដ្ឋភាពផ្សេងៗទៀត ដូចជាទិដ្ឋភាពក្រុងសៀមរាប បឹងទន្លេសាប និងវាលស្រែដ៏ខៀវស្រងាត់ និងដាច់កន្ទុយភ្នែកនៅជុំវិញជាដើម។ លោក សេង សុធារ៉ា បន្ត៖«យើងមានប្រាសាទហើយ យើងចង់ឱ្យគាត់ភ្ញៀវមកទស្សនាថ្ងៃលិច នៅនេះមិនត្រឹមថ្ងៃលិចទេ គាត់អាចទស្សនាទីតាំងពិសេសចំនួន៣ មានទិដ្ឋភាពក្រុងសៀមរាប ទស្សនាថ្ងៃលិចនៅខាងក្រោយប្រាសាទ និងទស្សនាទន្លេសាប»។ 
 
ដើម្បីលើកតម្លៃប្រាសាទភ្នំក្រោម ដែលសង់ដំណាលគ្នាជាមួយប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មី ដើម្បីសម្រួលដល់ការទស្សនានៅជុំវិញនោះ​ដែរ​។ តាមការបញ្ជាក់ពីលោក សេង សុធារ៉ា ការរៀបចំនោះ បានប្រមាណ ៦០ភាគរយហើយ ដោយមានរៀបចំជាផ្លូវដើរជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស និងផ្លូវទស្សនាចំណុចពិសេសទាំង៣ទីតាំងខាងលើ។ ក្នុងនោះក៏មានការដាក់បង្គោលចងខ្សែ ដើម្បីការពារសុវត្ថិភាពទេសចរ នៅតំបន់ដែលមានហានិភ័យជាដើម។

ក្រៅពីប្រាសាទភ្នំបាខែង កន្លងមកអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងសម្រាប់ទស្សនាថ្ងៃលិច នៅកន្លែងផ្សេងទៀត ដូចជានៅប្រាសាទប្រែរូប។ ដោយសារបច្ចុប្បន្ន អ្នកជំនាញកំពុងជួសជុលប្រាសាទប្រែរូប ​ការទស្សនាព្រះអាទិត្យលិចត្រូវផ្អាកមួយរយៈសិន។ 
 
ក្រៅពីទីតាំងខាងលើ អាជ្ញាធរជាតិអប្សរា ក៏កំពុងគិតគូររៀបចំ ទីគយគន់ព្រះអាទិត្យអស្តង្គត នៅកន្លែងដទៃទៀត ដូចជានៅប្រាសាទបន្ទាយសំរ៉ែ និងបារាយណ៍ខាងលិចជាដើម៕
 

ព័ត៌មានទាក់ទង