ចូលឆ្នាំចិន៖ អាជីវករមួយចំនួន បារម្ភលក់ដើមផ្កាអង្គាសីលថយចុះ ខណៈឆ្នាំនេះអ្នកទិញមិនសូវអ៊ូអរ

28/01/2022 2:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ «ដើមផ្កាអង្គាសីល» ត្រូវដាក់លក់ព្រោងព្រាតតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ មុនថ្ងៃចូលឆ្នាំចិន និងវៀតណាមមកដល់។ ក្នុងឆ្នាំនេះ អាជីវករមួយចំនួនហាក់បារម្ភពីការលក់ដើមផ្កាអង្គាសីលថយចុះ ខណៈអ្នកទិញមិនសូវអ៊ូអរដូចឆ្នាំមុនៗឡើយ។


 
អ្នកស្រី ពេជ្រ ធារី អាជីវករលក់ផ្កានៅជិតវត្តសំពៅមាស បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា អ្នកស្រីប្រកបរបរលក់ផ្កាអង្គាសីលតាមរដូវនៅទីតាំងខាងលើនេះជាង៧ឆ្នាំហើយ។ អ្នកស្រី បានលើកឡើងថា ក្នុងឆ្នាំនេះផ្កាអង្គាសីលដែលអ្នកស្រីទិញបានយកមកពីខេត្តពោធិ៍សាត់ និងប្រទេសវៀតណាម។  អ្នកស្រីលើកឡើងថា ចំពោះផ្កានាំមកពីខេត្តពោធិ៍សាត់ តម្លៃប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្ដែផ្កានាំចូលមកពីក្រៅប្រទេសថ្លៃកើនប្រមាណ ១០ទៅ២០ដុល្លារក្នុងមួយដើម។ 



អាជីវកររូបនេះ បានបញ្ជាក់ថា អ្នកស្រីកាត់បន្ថយចំនួនផ្កាដែលត្រូវទិញចូល ព្រោះមិនហ៊ានចំណាយដូចឆ្នាំមុន ដោយបារម្ភគ្មានអតិថិជនច្រើនដូចរាល់ឆ្នាំ។ 

អ្នកស្រី ធារី លើកឡើងដូច្នេះ៖ « ផ្កាអង្គាសីលវៀតណាមឆ្នាំនេះឡើង។ ឆ្នាំមុនយើងទិញថ្លៃ៧០ដុល្លារ
ឆ្នាំនេះទិញចូល៨០ទៅ៩០ដុល្លារ។ ឆ្នាំនេះ ខ្ញុំទិញតិចជាងឆ្នាំទៅឆ្ងាយណាស់ មិនហ៊ានទិញច្រើនទេ ព្រោះមានជំងឺផង អ្នកទិញក៏មានមិនច្រើនដែរ»។
 
ជាមួយគ្នានេះ អ្នកស្រី ឆែម មុំ អាជីវករលក់ផ្កាអង្គាសីលនៅមុខវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ឆ្នាំនេះអ្នកស្រីនៅតែបន្តលក់ផ្កាអង្គាសីលដែលទិញពីខេត្តពោធិ៍សាត់ដូចរាល់ឆ្នាំ ប៉ុន្ដែអ្នកស្រីទិញផ្កាមកលក់តិចជាងឆ្នាំមុនៗ។ ទន្ទឹមគ្នានេះ អ្នកស្រីកំពុងបារម្ភថា ផ្ការបស់អ្នកស្រី អាចនឹងពិបាកលក់
ដោយសារចលនានៃការទិញផ្ការបស់អតិថិជននៅស្ងាត់នៅឡើយ ។ 
 

«ខ្ញុំទិញផ្កា១០ទៅ២០ដើមប៉ុណ្ណោះ ព្រោះមើលទៅឆ្នាំនេះផ្កាលក់មិនសូវដាច់។ ចំពោះហេតុផលខ្ញុំមិនទាន់ច្បាស់នៅឡើយទេ។  បើខ្ញុំមើលទៅឆ្នាំនេះ មិនសូវអ្នកទិញចេញចូល ហើយពេលដកជើងធូបក៏មានមនុស្សតិចដែរ។ ដូច្នេះចំនួនភ្ញៀវអាចនឹងធ្លាក់ចុះតាមហ្នឹង»។ នេះជាការលើកឡើងរបស់អ្នកស្រី មុំ។
 
ខុសពីអាជីវករពីររូបខាងលើ អ្នកស្រី គឹមលី ជាអ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីបានលើកឡើងថា ឆ្នាំនេះកន្លែងលក់របស់អ្នកស្រីលក់ដាច់ជាងឆ្នាំកន្លងទៅ ព្រោះកន្លែងអ្នកស្រី លក់ដាច់ខ្លាំង លើប្រភេទផ្កាអង្គាសីលដាក់ក្នុងផើងដែលនាំចូលពីវៀតណាម។ អ្នកស្រី បានបញ្ជាក់ថា ផ្កាមានផើង ងាយស្រួលតាំង អាចរក្សាទុក និងផ្ការីកបានយូរ ។

ជាពិសេសអាចទុកដល់ឆ្នាំក្រោយៗបាន ទើបគេនិយមទិញ។  « ឆ្នាំនេះផ្កាកន្លែងខ្ញុំលក់ដាច់ជាងឆ្នាំមុនៗ។ ឆ្នាំនេះ កន្លែងខ្ញុំត្រៀម៣០០ផើង ដើម្បីលក់ ហើយសង្ឃឹមមួយរយភាគរយថាលក់អស់»។ នេះជាការលើកឡើងរបស់អ្នកស្រី គឹមលី៕ 
 

 

ព័ត៌មានទាក់ទង