«អួត App» ជាសហគមន៍ឌីជីថលសម្រាប់អ្នកចូលចិត្តដើរកម្សាន្តនៅកម្ពុជា

27/01/2022 4:00 pm ភ្នំពេញ


ដោយ៖ សឿន លក្ខិណា 
 
កំពង់ស្ពឺ៖  «អួត អែប» (Uot App) ជាសហគមន៍ទេសចរណ៍ឌីជីថលមួយ ដែលបង្កើតឡើងសម្រាប់អ្នកចូលចិត្តដើរលេងកម្សាន្តតំបន់ទេសចរណ៍នានាក្នុងស្រុក។ លោក ពេជ សូរៀត សហស្ថាបនិកអួត App លើកឡើងថា កម្មវិធីនេះ បង្កើតក្នុងគោលដៅជំរុញវិស័យទេសចរណ៍កម្ពុជានៅគ្រប់តំបន់ឱ្យកាន់តែមានសក្កានុពល ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍កាន់តែមានភាពល្អប្រសើរ។



អួត App ជាធុរកិច្ចថ្មីមួយដែលត្រូវបានបង្កើតឡើងសម្រាប់ចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍នានានៅកម្ពុជា ទៅកាន់ពិភពលោកឱ្យបានស្គាល់ បានដឹង តាមរយៈកម្មវិធីនេះដែលប្រតិបត្តិការតាមទូរសព្ទដៃ។ អួត App ក៏ត្រូវបានបង្កើតឡើងដើម្បីចូលរួមស្តារវិស័យទេសចរណ៍កម្ពុជា ពីវិបត្តិកូវីដ-១៩ ផងដែរ។ 
លោក ពេជ សូរៀត បានលើកឡើងថា កម្មវិធីអួត App នេះ  គឺមិនមែនជាការអួតក្អេងក្អាងនៃការដើរកម្សាន្តរបស់បុគ្គលម្នាក់ៗនោះទេ។ លោក បញ្ជាក់ដូច្នេះថា៖«អួតនេះ គឺយើងអួតទេសភាព ក៏ដូចជា ទេសចរណ៍របស់ខ្មែរយើង ដែលគ្រប់គ្នាយល់ស្រប ថាទេសចរណ៍ខ្មែរយើង គឺស្អាតហើយអស្ចារ្យ។ យើងគួរតែអួតពីគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាយើងឱ្យកាន់តែល្បីល្បាញ ឱ្យអ្នកទាំងអស់គ្នានៅលើពិភពលោកបានឃើញទេសចរណ៍នៅស្រុកខ្មែរយើង។  អ៊ីចឹង បានយើងដាក់ឈ្មោះថា អួត»។ 


 
សហគមន៍ទេសចរណ៍ឌីជីថល ដែលមានឈ្មោះថា អួត App ត្រូវបានប្រត្តិបត្តិការលើកម្មវិធីក្នុងទូរសព្ទដៃ រយៈពេលជាងមួយឆ្នាំមកហើយ។ សូរៀត និយាយថា៖«ចាប់តាំងពីការដាក់ឱ្យដំណើរការមក អួត App មានអាយុមួយឆ្នាំហើយ និងមានអ្នកប្រើប្រាស់រហូតដល់ទៅជាង៤ពាន់នាក់ ព្រមទាំងដាក់បញ្ចូលទីតាំងទេសចរណ៍រហូតដល់ទៅ ជាង៣០០ទីតាំង»។ 
 
នាយកប្រតិបត្តិ និង សហស្ថាបនិក អួត App រូបនេះ បន្តថា កម្មវិធីនេះ គឺមានមុខងារសំខាន់ៗចំនួន៤ ក្នុងការចូលរួមលើកស្ទួយតំបន់ទេសចរណ៍នានា នៅកម្ពុជា។ គឺទីមួយ យើងហៅថាអួតតគ្នា ដែលមានន័យថា អ្នកដែលបានដើរលេង យកមកអួត ហើយអួត App យកបទពិសោធរបស់ពួកគេមកអួតតគ្នា ដើម្បីឱ្យអ្នកទាំងអស់គ្នាមើលឃើញតាមរយៈអួត App។ ទីពីរ គឺអួត ដែលមានន័យថា  អួតជាសហគមន៍ឌីជីថលដែលពួកគេចែករំលែកដោយផ្ទាល់។ ទីបី គឺជាមុខងារផ្សព្វផ្សាយ ដែលមានលក់ផលិតផលនិងសេវាកម្ម ហើយពួកគេ អាចលក់ផ្ទាល់នៅក្នុង អួត App។ ទីបួន ការណាត់គ្នាដើរ គឺពួកគេ អាចណាត់គ្នាដើរ។ លោក ថ្លែងថា៖«ទាំងនេះហើយគឺធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានប្រយោជន៍ពី អួត App ហើយទេសចរណ៍ខ្មែរយើងក៏រីកចម្រើនតាមហ្នឹងដែរ»។

គំនិតនិងភាពច្នៃប្រឌិតផ្នែកធុរកិច្ចថ្មីនៃក្រុមការងាររបស់លោក ពេជ សូវៀត ដែលអនុវត្តបានជាងមួយឆ្នាំក្នុងការចូលរួមស្តារវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩មកនេះ ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងការគាំទ្រពីស្ថាប័នជំនាញចំនួនបី ផងដែរ។  លោក អះអាងថា៖«អួត App ទទួលបានពានរង្វាន់ចំនួនពីរ ដោយទីមួយ ផ្ដល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយពានរង្វាន់នេះបញ្ជាក់ពីការសសើរទាក់ទងទៅនិងទេសចរណ៍បៃតង។ ទីពីរ គឺជាពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ដែលយើងទទួលបាន [ជ័យលាភី] លេខពីរ។ ទីបី គឺទទួលបានពានរង្វាន់ជាសាច់ប្រាក់ ពីកម្មវិធីទេសចរណ៍ខ្មែរបង្កើតថ្មីដែលរៀបចំឡើងដោយ Impact Hub និងសហគ្រិនខ្មែរ»៕

ព័ត៌មានទាក់ទង