លោក សោម សម្បត្តិ ចែករំលែកយុទ្ធសាស្រ្ត ៤៤៤៤ ជាដើមទុនដឹកនាំសម្រាប់ម្ចាស់អាជីវកម្ម

27/01/2022 2:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ បច្ចុប្បន្នបុគ្គលមួយចំនួនហាក់រំភើបចិត្តនឹងពាក្យថា សហគ្រិន ឬម្ចាស់អាជីវកម្ម ទោះស្ថិតក្នុងកម្រិតណាក៏ដោយ។ គំនិតចង់បើកអាជីវកម្មមួយមិនមែនជាការលំបាកប៉ុន្មានទេ តែរបៀបធ្វើឱ្យអាជីវកម្មនោះអាចដំណើរការបាន និងរីកចម្រើន ទើបជារឿងដ៏លំបាក។ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានចែករំលែកនូវយុទ្ធសាស្រ្ត ៤៤៤៤ រួមមាន SWOT , POLC , 4P , PEST  ដើម្បីផ្តល់ជូនជាដើមទុនក្នុងការដឹកនាំ សម្រាប់ ម្ចាស់អាជីវកម្ម។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក សោម សម្បត្តិ ដូចតទៅ៖
 
«យុទ្ធសាស្រ្ត ៤៤៤៤ ត្រៀមខ្លួន ងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គម»

«យុទ្ធសាស្រ្ត ៤៤៤៤ ត្រៀមខ្លួន ងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គម» ========== ជិតពីរឆ្នាំហើយដែលស្ថានភាពជំងឺកូវីដ- ១៩ បានញាំញីសេដ្ឋកិច្ចជាតិទាំងមូល។ ទន្ទឹមនេះអាជីវកម្មជាច្រើនបានជាប់គាំង តែក៏មានអាជីវកម្មមួយចំនួនមានឱកាសរីកលូតលាស់ក្នុងស្ថានភាពនេះដូចគ្នា។ ទាំងនេះ វាអាស្រ័យលើស្ថានភាពសង្គម សមត្ថភាពដឹកនាំ គ្រប់គ្រង របស់ម្ចាស់អាជីវកម្មរៀងៗខ្លួន។ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ-ផែន ថ្នាំ(ពណ៌ជាតិ) មានបទពិសោធ២០ឆ្នាំក្នុងភាពជាសហគ្រិន និងមានអាជីវកម្មមួយចំនួនក្នុងដៃ បានផ្តល់ជូននូវ យុទ្ធសាស្រ្ត ៤៤៤៤ ដែលផ្តោតទៅលើ SWOT, POLE...ទៅកាន់ម្ចាស់អាជីវកម្ម ដើម្បីជាដើមទុន សម្រាប់ឱកាសងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ។

Posted by Thmey Thmey on Thursday, January 6, 2022


ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ- ផែន (ថ្នាំពណ៌ជាតិ) បានចែករំលែកនូវយុទ្ធសាស្រ្ត ៤៤៤៤ សម្រាប់ទុកជាដើមទុនក្នុងការដឹកនាំអាជីវកម្ម ពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យនៅកម្ពុជា។ ចំពោះយុទ្ធសាស្រ្ត ៤៤៤៤ នេះរួមមាន SWOT មានន័យថាម្ចាស់អាជីវកម្មត្រូវចេះវិភាគពី ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែងគ្រប់ចំណុចនៃអាជីវកម្មរបស់ខ្លួន។

រីឯ POLC គឺក្នុងនាមជាអ្នកដឹកនាំមុខជំនួញគ្រប់រូបត្រូវមានការរៀបចំផែនការប្រចាំសប្តាហ៍ ខែ និងឆ្នាំ ក៏ដូចជាការចាត់ចែងក្រុមការងារឱ្យមានប្រសិទ្ធភាពទៅតាមសមត្ថភាព និងទេពកោសល្យ។ ការពង្រឹងភាពជាអ្នកដឹកនាំ ដោយបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ តាមរយៈការរៀនសូត្រ  ដកយកបទពិសោធទាំងនៅក្នុង និងក្រៅស្ថាប័ន។
 
សហគ្រិនវ័យ៥០ឆ្នាំរូបនេះ បញ្ជាក់ចំពោះពាក្យ 4P ដែលសំដៅទៅលើគុណភាពផលិតផលផ្សេងៗក្នុងការផលិតបានរបស់ក្រុមហ៊ុនហើយសមស្របទៅនឹងតម្លៃមួយនៅលើទីផ្សារ។ រឹតតែពិសេសគឺ សមត្ថភាពនៃសេវាកម្មចែកចាយផលិតផលទាំងនោះឱ្យបានដល់ដៃអតិថិជនគោលដៅរបស់ខ្លួន និងវិធីសាស្រ្តជួយផ្សព្វផ្សាយផលិតផលក្នុងដៃឱ្យមានប្រសិទ្ធភាព។

លោក សោម សម្បត្តិ សង្កត់ធ្ងន់ថា៖  «កាន់តែសំខាន់សម្រាប់ម្ចាស់អាជីវកម្ម គួរតែចេះយកចិត្តទុកដាក់ តាមដានស្ថានភាព៤ទន្ទឹមគ្នា រួមមាន នយោបាយជាតិ អន្តរជាតិ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាផងដែរ»៕
  
  
 


 

ព័ត៌មានទាក់ទង