កូនក្រពើភ្នំ និងមេមួយក្បាល ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃស្រែពក 

19/01/2022 5:00 pm ភ្នំពេញ


ដោយ៖ ហុង ស្រីណា 
ក្រុមការងារសិក្សាស្រាវជ្រាវនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញកូនក្រពើភ្នំថ្មី ១ក្បាល និងមេមួយក្បាល ពេលចុះអង្កេត និងឃ្លាំមើលកូនក្រពើភ្នំ៨ក្បាល ដែលបានរកឃើញកាលពីខែកញ្ញា ឆ្នាំ២០២១។

 

ក្រុមការងារសិក្សាស្រាវជ្រាវនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះអង្កេត និងឃ្លាំមើលសត្វក្រពើភ្នំនៅតាមដងទន្លេស្រែពកក្នុងភូមិសាស្រ្ត ដែនជម្រកសត្វព្រៃស្រែពក។ ក្នុងដំណើរការឃ្លាំមើលនោះ គេបានឃើញកូនក្រពើភ្នំថ្មីមួយក្បាល និងមេរបស់វា កំពុងហែលទឹកជាមួយកូនក្រពើភ្នំចំនួន៨ក្បាល ដែលគេរកឃើញកាលពីខែកញ្ញា ឆ្នាំ២០២១។ កូនក្រពើភ្នំទាំងនេះ មានអាយុចន្លោះពី ៧-៨ ខែ។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កូនក្រពើភ្នំ៨ក្បាល ជាកូនក្រពើរកឃើញកាលពីខែកញ្ញាកន្លងទៅ ព្រោះក្រពើទាំងនោះរីកមាឌធំជាងមុន។ ចំណែកឯ កូនក្រពើភ្នំ១ក្បាល ដែលទើបរកឃើញនេះ ជាវត្តមានកូនក្រពើភ្នំថ្មី។ លើសពីនេះ គេក៏បានប្រទះឃើញមេក្រពើញីមួយក្បាលជាមួយគ្នាផងដែរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា នៅក្នុងដែនជម្រកសត្វព្រៃស្រែពក យ៉ាងហោចណាស់ក៏មានមេក្រពើញីឈ្មោលមួយគូដែរ ទើបវាអាចមានកូនថ្មីទាំងអស់នេះ។ 



លោក នេត្រ ភក្ត្រា  អះអាងដូច្នេះ ៖ «តាមការសន្និដ្ឋាន វត្តមានមេក្រពើមួយគូនេះ អ្នកជំនាញនឹងបន្តតាមដានរកទីតាំងដែលមេក្រពើឈ្មោលនៅ»។

លោក នេត្រ ភក្រ្តា បានបន្ថែមថា ការរកឃើញកូនក្រពើភ្នំទាំង៩ក្បាល និងមេក្រពើញីមួយក្បាលនេះ គឺជារឿងវិជ្ជមានមួយសម្រាប់អ្នកអភិរក្ស ពិសេសប្រភេទក្រពើភ្នំនេះ។ លោក នេត្រ ភក្រ្តា សង្ឃឹមថា ចំនួនក្រុមគ្រួសារក្រពើភ្នំនៅតាមទន្លេស្រែពកនឹងមានការកើនឡើងតាមរយៈការការពារ និងអភិរក្ស។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជួយចូលរួមអភិរក្សប្រភេទសត្វទាំងអស់នេះ។

ចំពោះការតាមដាននេះនឹងមានវត្តមានមន្ត្រីអភិរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF Cambodia ដើម្បីមើលពីការវិវត្តន៍របស់ក្រពើទាំងនោះ និងការពារជម្រកវា មិនឱ្យមានប្រជាជនចូលទៅផងដែរ។


 ក្រពើភ្នំ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។  នាពេលបច្ចុប្បន្នក្រពើភ្នំមានប្រមាណ ១ពាន់ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ចំណែកឯ កម្ពុជាមានក្រពើភ្នំច្រើនជាងគេ សល់ចន្លោះពី ២០០ ទៅ ៤០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់អារ៉ែង និងដែនជម្រកសត្វព្រៃស្រែពក នៃប្រទេសកម្ពុជា៕
 

ព័ត៌មានទាក់ទង