មីយ៉ាន់ម៉ា យកបទពិសោធស្ដារវិស័យទេសចរណ៍កម្ពុជា ទៅអនុវត្ត

19/01/2022 9:00 am ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោក តេ អួង នឹងយកបទពិសោធនៃការស្ដារវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការបើកទេសចរណ៍សុវត្ថិភាព ទៅអនុវត្តនៅ ប្រទេសមីយ៉ាន់ម៉ា។



ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបជាមួយលោក តេ អួង រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចសហការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោក ថោង ខុន បានលើកឡើងពីការស្ដារវិស័យទេសចរណ៍ តាមរយៈការបើកទេសចរណ៍សុវត្ថិភាព ដែលធ្វើឱ្យកម្ពុជាអាចទទួលបានអ្នកដំណើរបរទេសប្រមាណ ២ពាន់នាក់ក្នុងមួយថ្ងៃ។ 

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា សាទរចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ។ លើសពីនេះ លោកនឹងយកកម្ពុជាជាគំរូសម្រាប់ការស្ដារវិស័យទេសចរណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា។ « បទពិសោធន៍នេះនឹងក្លាយជាគំរូសម្រាប់មីយ៉ាន់ម៉ា ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ»។ នេះជាការបញ្ជាក់របស់ លោក តេង អួង។

បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា នឹងជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លើសពីនេះប្រទេសទាំងពីរនឹង ផ្លាស់ប្ដូរបទពិសោធគ្នា ក្នុងការអភិវឌ្ឍធនធានមនុស្ស និង អ្នកជំនាញក្នុងវិស័យទេសចរណ៍បន្ថែមទៀត ។ 

សូមជម្រាបថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៦ ដល់២២មករា នៅខេត្តព្រះសីហនុ ដែលមានការចូលរួម ពីអ្នកជំនាញទេសចរណ៍ក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេសចំនួន៣ផ្សេងទៀត គឺ ជប៉ុន កូរ៉េខាងត្បូង និងចិន៕


 

ព័ត៌មានទាក់ទង