« អូមីក្រុង » ជាវិញ្ញាសារសាកល្បងថ្មីសម្រាប់ស្ដារវិស័យទេសចរណ៍កម្ពុជា

18/01/2022 11:00 am សៀមរាប

ដោយ៖ ជឿន ស្រីណយ

វិស័យទេសចរណ៍កម្ពុជា បានងើបឡើងវិញមួយកម្រិត ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេសទទួលជនបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានក្លាយជាវិញ្ញាសារសាកល្បងថ្មីសម្រាប់ស្ដារវិស័យទេសចរណ៍កម្ពុជា។ តើអូមីក្រុង នឹងប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?



ជើងហោះហើរចេញ-ចូលជាច្រើន ត្រូវបានផ្អាកបណ្ដោះអាសន្នរយៈពេលយូរ ដែលធ្វើឱ្យកម្ពុជា មិនមានទេសចរអន្តរជាតិ។ គ្មានទេសចរអន្តរជាតិច្រើននេះ បណ្ដាលឱ្យជីវកម្មទេសចរណ៍មួយចំនួនបានដួលរលំ។ អាជីវកម្មខ្លះ បន្តរស់យ៉ាងលំបាករយៈពេលជិត២ឆ្នាំ។ អ្នកធ្វើការផ្នែកទេសចរណ៍ជាច្រើន បានប្ដូរការងារបណ្ដោះអាសន្ន និងខ្លះទៀត បានបោះបង់អាជីពក្នុងវិស័យទេសចរណ៍។ 

ស្ថានភាពទេសចរណ៍កម្ពុជាបានងើបឡើងបន្តិចនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ មិនបានប៉ុន្មានខែផង កូវីដ-១៩ បំប្លែងថ្មីអូមីក្រុងក៏កំពុងរីករាលដាល ក្នុងប្រទេស។ ការណ៍នេះបានធ្វើឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ បារម្ភពីផលប៉ះពាល់ជាថ្មីម្ដងទៀត។  

លោក ហេង សម្បត្តិ អ្នកគ្រប់គ្រងផ្ទះស្នាក់លំហែកាយរីសតក្នុងខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានThmeyThmey25 ថា លំហែកាយរីសត បានរៀបចំរួចរាល់អំឡុងដើមឆ្នាំ២០២១ តែមិនទាន់បើកទទួលភ្ញៀវទេ ព្រោះការរីករាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ម្ចាស់រីសត ត្រូវចំណាយថវិកា លើការថែទាំ និងប្រាក់ខែបុគ្គលិកប្រមាណ១០នាក់។ រហូតដល់ចុងឆ្នាំ២០២១ទើប លំហែកាយរីសត មានភ្ញៀវទៅសម្រាក និងទទួលបានការគាំទ្រជាបន្តបន្ទាប់។ ដ្បិតទេសចរ បានរើបឡើងបន្តិចក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែ អូមីក្រុង ធ្វើឱ្យលោក សម្បត្តិ បារម្ភពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ជាថ្មីម្ដងទៀត។

លោក សម្បត្តិ បារម្ភដូច្នេះ៖ «ការព្រួយបារម្ភតែងតែមាន តែភ្ញៀវទេសចរនៅដើរកម្សាន្តនៅឡើយជាពិសេសថ្ងៃសុក្រ និងថ្ងៃសៅរិ៍។ យើងព្យាយាមការពារ ព្រោះយើងក៏ខ្លាចឆ្លងដល់ខ្លួនឯងដែរ»។ 

ជាមួយគ្នានេះ លោក ហេង សម្បត្តិ កំពុងរង់ចាំមើលស្ថានភាពជំងឺកូវីដ-១៩ អូមីក្រុងបន្តទៀត។ បើសិន អូមីក្រុង មិនរីករាលដាលច្រើន ឬបង្កជាបញ្ហាប្រឈមណាមួយទេ លោកនឹងពង្រីកកន្លែងស្នាក់នៅក្នុង លំហែកាយរីសត បន្ថែម ខណៈបច្ចុប្បន្នរីសតនេះមាន ១០បន្ទប់ តែមិនគ្រប់តម្រូវការភ្ញៀវទេសចរនោះទេ។
ងាកទៅអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ក៏បានងើបឡើងវិញខ្លះៗហើយ នាចុងឆ្នាំ២០២១កន្លងទៅនេះ ។ អាជីវកម្មនៅតំបន់ផាប់ស្ត្រីត បានបើកទទួលភ្ញៀវទេសចរវិញខ្លះៗ តែសណ្ឋាគារធំៗមួយចំនួនមិនទាន់បើកដំណើរការឡើងវិញនោះទេ ថ្វីបើភ្ញៀវអន្តរជាតិចូលមកកម្ពុជា មានតិចតួចនៅឡើយ ។ 

បើតាមលោក លោក ដេវីដ ចាយ៉ាពីយ៉តធ៍  ប្រធានសមាគមសណ្ឋាគារសាខាខេត្តសៀមរាប ការរីករាលដាលនៃជំងឺកូវីដ-១៩ អូមីក្រុង ក៏កំពុងរាំងស្ទះដល់ការសម្រេចចិត្តរបស់ទេសចរអន្តរជាតិមកម្សាន្តនៅខេត្តសៀមរាប។ 
«សម្រាប់ឥឡូវយើងមើលឃើញថាការកក់មិនទាន់មានច្រើននៅឡើយទេ ដោយសារការឆ្លងអូមីក្រុងលើពិភពលោក។ ភ្ញៀវមិនទាន់មានទំនុកចិត្តក្នុងការធ្វើដំណើរ ហើយនៅតំបន់អឺរ៉ុបនៅមានការរឹតត្បិតដែរ។ យើងមានសង្ឃឹមរហូតដល់ចុងឆ្នាំទើបល្អប្រសើរឡើងវិញ »។ នេះជាការលើកឡើងរបស់លោក ដេវីដ ចាយ៉ាពីយ៉តធ៍។ 

មិនខុសគ្នាប៉ុន្មាន លោកស្រី ឆាយ ស៊ីវលីន អ្នកជំនាញក្នុងវិស័យទេសចរណ៍មួយរូបទៀត ព្រួយបារម្ភពី អូមីក្រុង អាចប៉ះពាល់ដល់ការងើបឡើងវិញនៃ វិស័យទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលពឹងផ្អែកលើទេសចរអន្តរជាតិ។ មុនមានវត្តមានជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ភ្ញៀវទេសចរអន្តរជាតិបានកក់មកកម្សាន្តនៅកម្ពុជាមួយចំនួន។

« យើងរំពឹងពីភ្ញៀវបរទេសច្រើន តែអូមីក្រុងកំពុងយាយីនៅតំបន់អឺរ៉ុប និងអាស៊ីមួយចំនួនទៀត ដែលធ្វើឱ្យប្រទេសខ្លះរឹតត្បិត។ ដល់អ៊ីចឹងទៅជើងហោះហើរពិបាក! ភ្ញៀវមកយើង ហើយត្រឡប់ទៅវិញត្រូវការធ្វើចត្តាឡីស័ក។ ភ្ញៀវគាត់អត់ចង់មកទេ។ យើងមានក្ដីបារម្ភខ្លាំងណាស់ »។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។

អូមីក្រុង បានធ្វើឱ្យភ្ញៀវទេសចរមួយចំនួនពន្យារពេលមកកម្ពុជា និងមួយចំនួនទៀតកំពុងពិចារណាឡើងវិញសម្រាប់ការចេញដើរកម្សាន្ត។ យ៉ាងណាមិញ លោកស្រី ឆាយ ស៊ីវលីន លើកទឹកចិត្តឱ្យអាជីវករ បន្តពង្រឹងផលិតផលទេសចរណ៍ និងសេវាកម្មរបស់ខ្លួន ដើម្បីទទួលភ្ញៀវជាតិ ដែលជាប្រភពចំណូលចំពោះមុខ ខណៈទេសចរជាតិដើរកម្សាន្តយ៉ាងគំហុក។

ប្រធានសមាគមសណ្ឋាគារកម្ពុជា  លោក ឌិន សុមេធារិទ្ធ មើលឃើញថា ការរីករាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអាចជាឧបសគ្គថ្មីផងដែរ សម្រាប់អាជីវករក្នុងវិស័យទេសចរណ៍ទាំងមូល។ តែលោក ឌិន សុមេធារិទ្ធ ជឿថាការផ្ដល់វ៉ាក់សាំងជំរុញដូសទី៤ អាចទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ អូមីក្រុងនេះបាន។

ប្រធានសមាគមសណ្ឋាគារកម្ពុជារូបនេះ បញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖ « តាមរយៈវ៉ាក់សាំងជំរុញ សមាគមសណ្ឋាគារសង្ឃឹមថា នឹងជួយទប់ស្កាត់ការរីករាលនៃជំងឺនេះបាន»។

ដ្បិតករណី អូមីក្រុង កំពុងកើនឡើងលើពិភពលោក ហើយកម្ពុជាក៏មានករណីឆ្លងក្នុងសហគមន៍ តែលោក ជា អូន អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាងថា មេរោគប្រភេទនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ការបើកជើកហោះហើរក្នុងប្រទេសកម្ពុជានោះទេ។ 

បើតាមលោក ជា អូន ជើងហោះហើរមកកាន់កម្ពុជាមានប្រមាណ ៨ ទៅ ១០ជើងក្នុងមួយថ្ងៃ ដែលស្មើរនឹងអ្នកដំណើរប្រមាណ ៧០០ ទៅ ១០០០នាក់។ លោកសង្កត់ធ្ងន់ដូច្នេះ៖ « ជារួមនៅប្រទេសគេមានការរឹតត្បិត តែនៅស្រុកយើងមិនទាន់រឹតត្បិតទេ។ យើងប្រយ័ត្ន បើសិនជាមើលRapid Test (តេស្តរហ័ស)ឃើញវិជ្ជមាន យើងយកទៅពិនិត្យPCRបន្តទៀត។ តែចំនួននេះ ដូចជាមិនកើនឡើងគួរឱ្យភ័យខ្លាចពេកនោះទេ។ អ៊ីចឹងហើយទើបធ្វើឱ្យអ្នកដំណើរកើនឡើង តែកើនឡើងតិច »។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ដូចជាប្រទេសថៃ កំពុងដំណើរការឡើងវិញផងដែរ។ ជើងហោះហើរពីតំបន់អឺរ៉ុប និង អាម៉េរិក ក៏បន្តហោះមកកម្ពុជាជាបន្តបន្ទាប់ ។ ចំណែក ក្រុមហ៊ុនជើងហោះហើរ របស់សិង្ហបុរី តែងធ្វើដំណើរចូលអាកាសយាន្តដ្ឋានកេងកង ខេត្តព្រះសីហនុជាប្រចាំ។ 

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក លើកឡើងថា ដ្បិតមានការរំខានដោយមេរោគកូវីដ-១៩ថ្មី អូមីក្រុង តែផែនការទទួលទេសចរអន្ដរជាតិនៅដដែល គ្រាន់តែអ្នកទេសចរដែលចូលមក ត្រូវគោរពទៅតាមលក្ខខណ្ឌ ការធ្វើដំណើរចូលរបស់កម្ពុជា។ លោកបន្តថា អ្នកទេសចរតម្រូវឱ្យគោរពតាមវិធានការសុខាភិបាលរបស់កម្ពុជា ដោយត្រូវមានតេស្ដបញ្ជាក់ PCR ពេលមកដល់កម្ពុជា ហើយត្រូវតេស្តរហ័សបញ្ជាក់ម្ដងទៀត មុនធ្វើដំណើរកម្សាន្តតាមតំបន់ផ្សេងៗបាន។ 

លោក តុប សុភ័ក បន្ថែមខ្លីដូច្នេះ៖«មិនទាន់មានអីupdate(ធ្វើបច្ចុប្បន្នភាព)ថ្មីទេ ពេលមកដល់តេស្ដវិជ្ជមាន សុខាភិបាលចាត់ចែងតាមនោះ»។ 

ជុំវិញបញ្ហានេះដែរ លោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន (ASEANTA) មើលឃើញថា ការរីករាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មិនទាន់ធ្វើឱ្យប៉ះពាល់ទេសចរណ៍តំបន់អាស៊ានច្រើននោះទេ ព្រោះប្រជាជនភាគច្រើន បានយល់ដឹងពីការការពារ និង អនុវត្តវិធានសុវត្ថិភាពសុខាភិបាល។

លោក Eddy អះអាងដូច្នេះ៖ «បច្ចុប្បន្ននេះ យើងស្ថិតក្នុងស្ថានភាពល្អប្រសើរជាងបើប្រៀបធៀបទៅនឹងឆ្នាំ 2020 និង 2021 ក្នុងការប្រឈមមុខនឹង Omicron ព្រោះអត្រាការចាក់វ៉ាក់សាំងល្អ ព្រមទាំងវ៉ាក់សាំងជំរុញ និង ការព្យាបាល កូវីដ-១៩បានល្អ និងយន្តការសុខភាព»។

យ៉ាងណាមិញដើម្បីស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានបាន លោក Eddy Krismeidi Soemawilaga ណែនាំឱ្យប្រទេសក្នុងតំបន់អាស៊ាន បង្កើតយន្តការរួមជាមួយគ្នា គឺការបើកព្រំដែនឡើងវិញ។ លោកក៏បានលើកទឹកចិត្ត ឱ្យអាជីវករ ត្រៀមខ្លួនឆ្លើយតបពេលមានបញ្ហាណាមួយ និងបត់បែនឱ្យត្រូវស្ថានការណ៍ ដើម្បីបន្តអាជីវកម្មរបស់ខ្លួន៕






 

ព័ត៌មានទាក់ទង