ក្រុងបាត់ដំបង ព្រះសីហនុ និងសៀមរាប ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន២០២២-២០២៤

18/01/2022 10:00 am ព្រះសីហនុ

ដោយ៖ រួបរួម

ក្រុងចំនួន៣របស់កម្ពុជា បានជាប់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (ASEAN Clean Tourist City Standard) សម្រាប់ឆ្នាំ២០២២-២០២៤ ក្នុងចំណោមក្រុងផ្សេងទៀតនៅក្នុងតំបន់។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។



ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប រួមទាំងក្រុង១៨ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងទទួលរង្វាន់ ASEAN Clean Tourist City Awards នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន។

«ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន»។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតតាំងពីឆ្នាំ២០១១មក និងដាក់ឲ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៥។

សម្រាប់ឆ្នាំ២០២២-២០២៤ ក្រៅពីទីក្រុងបីរបស់កម្ពុជា ជ័យលាភី១៨ផ្សេងទៀតរួមមាន ក្រុង Tutong Town, Tutong Municipal Board (ព្រុយណេ), Luang Prabang City, Pakse City, Viengxay City (ឡាវ), City Council of Penang Island, Municipal Council of Langawi City of Tourism, Muar (ម៉ាឡេស៊ី), Mandalay, Nay Pyi Taw, Myeik (មីយ៉ាន់ម៉ា), Baguio City, City of Hagan (ហ្វីលីពីន), Khon Kaen Municipality, Pattaya City, Koh Mak Subdistrict Administrative Organization (ថៃ), Ha Long City, Da Lat City, Vung Tau City (វៀតណាម)៕
 

ព័ត៌មានទាក់ទង