ការធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ផ្ដល់ទំនុកចិត្តខ្ពស់ដល់ទេសចរអន្តរជាតិមកកម្ពុជា

13/01/2022 5:00 pm ព្រះសីហនុ

ដោយ៖ ជឿន ស្រីណយ 

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍អាស៊ាន នៅថ្ងៃទី១៦ ដល់២២ ខែមករា។ វេទិកានេះ នឹងមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងសហគ្រិនពីប្រទេសអាស៊ាន ដោយផ្ទាល់ និងតាមអនឡាញ។ បើតាមលោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន (ASEANTA) ការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្តថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព។



ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២នេះ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីអ្នកជំនាញទេសចរណ៍ក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេស ៣ផ្សេងទៀតគឺជប៉ុន កូរ៉េខាងត្បូង និងចិន។ 

លោក Eddy Krismeidi Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន(ASEANTA) បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា វេទិកាទេសចរណ៍អាស៊ាន នឹងក្លាយជាផ្នែកមួយចូលរួមផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកថា «កម្ពុជា ជាទិសដៅទេសចរណ៍សុវត្ថិភាព»។ 

លោក លើកឡើងថា នេះជាការរួមគ្នារបស់អាស៊ានក្នុងគោលដៅស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាសញ្ញាវិជ្ជមានមួយដល់ការបើកច្រកព្រំដែនព្រមគ្នា ពិសេសជំរុញការផ្សព្វផ្សាយកាន់តែខ្លាំងឱ្យបណ្ដាប្រទេសអឺរ៉ុបងាកមកចាប់អាម្មណ៍អាស៊ានវិញ។ 

ប្រធានសមាគម រូបនេះប្រាប់ដូច្នេះ ៖« ការរៀបចំវេទិកានេះបានជោគជ័យរបស់អាស៊ាន  ជាពិសេស   កម្ពុជា ដែលជាម្ចាស់ផ្ទះ ក្នុងអំឡុងជំងឺកូវីដ-១៩ នឹងរួមចំណែកកសាងទំនុកចិត្តដល់អ្នកពាក់ព័ន្ធថាវិស័យទេសចរណ៍ក្នុងតំបន់កំពុងតែងើបឡើងវិញ»។  

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍តំបន់អាស៊ានឡើងវិញ ខណៈកម្ពុជា ក៏ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយផងដែរ។ 

រដ្ឋមន្រ្តីរូបនេះ អះអាងថា ទោះជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កំពុងរាលដាល ប៉ុន្តែការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាសុវត្ថិភាព ដល់អ្នកចូលរួម និងត្រៀមខ្លួនឆ្លើយតបរាល់បញ្ហាដែលអាចកើតឡើង។ អ្នកចូលរួមវេទិការនេះ ត្រូវមានលិខិត បញ្ជាក់ការធ្វើតេស្តPCR អវិជ្ជមានកូវីដ-១៩ ចំនួន ៧២ម៉ោងមុនមកដល់កម្ពុជា និងលិខិតបញ្ជាក់ថាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 

គិតមកពេលនេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានសម្រេចបាន ៩៥ភាគរយ ដែលមានការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ ដូចជាស្តង់ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព។ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប។ សម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ មានអ្នកលក់ សរុបចំនួន១៨៧ស្តង់។ អ្នកទិញ មានចំនួន៤០ក្រុមហ៊ុន និងអ្នកសារព័ត៌មានមួយទៀត សរុប ៣២២នាក់មកពីប្រទេសចំនួន២៧៕ 

 

ព័ត៌មានទាក់ទង