កំពង់ផែកោះទន្សាយតម្លៃ ១.២លានដុល្លារ ជំរុញទេសចរកម្ពុជា-វៀតណាម និងកោះនានា

11/01/2022 11:00 am ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃ៥ពាន់លានរៀល ឬស្មើនឹងប្រមាណ ១.២លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៩មករានេះ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រំពឹងថា កំពង់ផែទេសចរណ៍នេះ នឹងជំរុញដល់ការធ្វើទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងវៀតណាម។



កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៩មករា ឆ្នាំ២០២២។ ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្នុងគោលបំណងពង្រីកសក្តានុពលទេសចរណ៍ខេត្តកែប និងបម្រើឱ្យវិស័យទេសចរណ៍។ បន្ថែមពីនេះប្រជាជនក្នុងតំបន់ នឹងអាចរកចំណូលពីកំពង់ផែទេសចរណ៍កោះទន្សាយនេះបានតាមរយៈ ភ្ញៀវទេសចរដើរលេងតាមកោះនានា។ 
 
បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កំពង់ផែនេះអាចទទួលនាវា ដឹកទេសចររហូតដល់ជិត៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន ។ ទេសចរដែលទៅកម្សាន្តតាមកោះ នឹងជួយធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ទទួលបានចំណូល ព្រមទាំងរួមចំណែកជួយសេដ្ឋកិច្ចមូលដ្ឋាន។

លោក សោម ពិសិដ្ឋ បញ្ជាក់ដូច្នេះ៖ « កំពង់ផែទេសចរណ៍កោះទន្សាយ មានសក្តានុពលសម្រាប់ពង្រីកមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានទេសចរទៅតាមកោះ ជាពិសេសគឺកោះទន្សាយ។ នាវាផ្សេងដែលដាក់ទេសចរក្រោម ៣០០នាក់អាចចតបាន។ បងប្អូនអាជីវករក្នុងវិស័យទេសចរណ៍ នឹងមានចំណូល ពីទេសចរដែលដើរកម្សាន្តតាមទឹក និងតាមកោះ »។
ក្រៅពីមានតួនាទីជំរុញទេសចរក្នុងស្រុក កំពង់ផែទេសចរណ៍កោះទន្សាយ ក៏ជាផលិតផលសំខាន់ ដែលទាក់ទាញទេសចរ ពីបរទេស តាមរយៈការធ្វើដំណើរផ្លូវទឹកពីប្រទេសដទៃ។ ត្រង់ចំណុចនេះ អភិបាលខេត្តកែប រំពឹងថានៅពេលកំពង់ផែទេសចរណ៍នេះដាក់ឱ្យប្រើប្រាស់ ខេត្តកែបនឹងអាចមានភ្ញៀវទេសចរពីវៀតណាមមកកម្សាន្ត។ 
 
« ខេត្តកែបមានដែនដឹងប្រវត្តិសាស្ត្រជាប់ នឹងខេត្តគៀនយ៉ាង ប្រទេសវៀតណាម អ៊ីចឹងខ្ញុំមានជំនឿថា នាថ្ងៃអនាគត វិស័យទេសចរណ៍មិនមែនតែពង្រីកនៅក្នុងខេត្ត តែអាចនឹងពង្រីកក្នុងតំបន់ ដែលជាទ្វីភាគីរវៀតណាម និងកម្ពុជា។ ផែទេសចរណ៍នេះ ជាកន្លែងសម្រាប់ចល័តទេសចរវិលជុំទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស »។ នេះជាការលើកឡើងរបស់ អភិបាលខេត្តកែប។ 
 
សូមជម្រាបថា កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានសាងសង់ លើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីឆ្នាំ២០១៩ មានផ្ទៃក្រឡាសរុបប្រមាណ ជិត៥ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់សរុបជិត ៥ពាន់លានរៀល៕

 

ព័ត៌មានទាក់ទង