«បង្កងតាកែវ» នឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅខែមេសាខាងមុខ

10/01/2022 5:00 pm តាកែវ


ដោយ៖    ឈុំ ចន្ថា 

ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត«បង្កងតាកែវ» នៅចុងខែមេសាខាងមុខនេះ។ ការដាក់ «បង្កងតាកែវ» ចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនេះ គឺដើម្បីបង្ហាញពីសក្ដានុពលបង្កងទឹកសាបរបស់ខេត្តកែវ ពិសេសជួយពង្រឹងតម្លៃ និងទំនុកចិត្តដល់អ្នកទិញ។

 

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មី២៥ ថា ការជ្រើសរើស «បង្កងតាកែវ» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «បង្កងតាកែវ» លើទីផ្សារ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ និងពិសា «បង្កងតាកែវ»។ ពិសេស ដើម្បីចូលរួមប្រកួតប្រជែងពិព័រណ៍ចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិ នៅថៃ វៀតណាម ចិននាពេលខាងមុខ។ 

លោក ប្រាប់ដូច្នេះថា៖«ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺជាឧបករណ៍កម្មសិទ្ធបញ្ញាមួយដែលជួយបង្កើនតម្លៃ និងទំនុបចិត្តដល់អ្នកប្រើប្រាស់ ដែលធ្វើឱ្យពួកគេហ៊ានចំណាយថវិការ ដើម្បីទិញ«បង្កងតាកែវ»មកពិសារ។ លើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្រ្តបង្កងតាកែវ«បង្កងតាកែវ» តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក។ បង្កើនការងារក្នុងតំបន់ដោយផ្ទាល់ ឬមិនផ្ទាល់ កាត់បន្ថយការចំណាកស្រុក»។ 



លោក ស៊ាង ថៃ បន្ថែមថា ការប្រើប្រាស់រូបសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញ «បង្កងតាកែវ» នេះ តម្រូវឱ្យកសិករដាក់ពាក្យស្នើសុំចូលជាសមាជិក និងចុះកិច្ចសន្យា ដោយអនុលោមតាមសៀវភៅគ្រួសារ។ សមាជិកទាំងអស់អាចកសាងកេរ្តិ៍ឈ្មោះម៉ាកផ្ទាល់ខ្លួន ភ្ជាប់នឹងម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញ«បង្កងតាកែវ» ដើម្បីញែកឱ្យដាច់ពីសមាជិកផ្សេង។ 



ចាប់តាំងពីឆ្នាំ២០០៩មក នាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម បានចុះសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផលសក្ដានុពលចំនួន ២២ ជាម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញរួមមាន ម្រេចគិរីវង្ស កាហ្វេរតនគិរី កាហ្វេមណ្ឌលគិរី សាច់ក្រក និងប្រហុកសៀមរាប ផាមួងកោះដាច់ សូត្រភ្នំស្រុកខេត្តបន្ទាយមានជ័យ ម្នាស់ទឹកឃ្មុំ ក្រូចថ្លុងស្ទឹងត្រែង ទុរេន ទឹកត្រីកំពត ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង់ អង្ករ ណែមបាត់ដំបង អង្ករនាងអំខេត្តក្រចេះ ហូលព្រែកចង្រ្កានកំពង់ចាម ពង់ទាកូនស្រែនាងតាកែវ អង្ករក្រហមស្វាយរៀង ក្រវ៉ាញពោធិ៍សាត់ និងបង្កងតាកែវ៕ 

 

ព័ត៌មានទាក់ទង