ខ្លាឃ្មុំញីមួយក្បាលនៅព្រះសីហនុ ត្រូវបានជួយសង្រ្គោះ ក្រោយជាប់អន្ទាក់របួសជើង 

10/01/2022 4:00 pm ភ្នំពេញ


ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖ ខ្លាឃ្មុំញីមួយក្បាល ទម្ងន់៧០គីឡូក្រាម ត្រូវបានជួយសង្គ្រោះចេញពីព្រៃទៅសួនសត្វភ្នំតាម៉ៅ ក្រោយជាប់អន្ទាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះ  មានរបួសជើងឆ្វេង ផ្នែកខាងមុខ។ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានឱ្យដឹងថា ដោយសារខ្លាឃ្មុំនេះ មានរបួស គេមិនអាចលែងវាចូលព្រៃវិញទេ ទើបយកវាមកស្ដារនីតិសម្បទា នៅសួនសត្វភ្នំតាម៉ៅ។



ខ្លាឃ្មុំញីមួយក្បាលទម្ងន់ប្រមាណ៧០គីឡូក្រាម មានអាយុប្រហែល១២ឆ្នាំ បានជាប់អន្ទាក់នៅក្នុងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ខ្លាឃ្មុំនេះត្រូវបានជួយសង្គ្រោះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ។ 

លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបញ្ជាក់ប្រាប់សារព័ត៌មានThmey Thmey25ថា ខ្លាឃ្មុំញីត្រូវបានក្រុមការងារនៅក្នុងខេត្តព្រះសីហនុ ប្រទះ ឃើញជាប់អន្ទាក់ និងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនិងស្ដារនីតិសម្បទានៅក្នុងសួនសត្វភ្នំតាម៉ៅ។ 

លោក ទ្រី ស៊ីថេង បញ្ជាក់ដូច្នេះ៖ « សត្វនេះជាប់អន្ទាក់ នៅជើងខាងឆ្វេង ផ្នែកខាងមុខ។ ក្រៅពីនេះ យើងសង្កេតឃើញថា វាមានរបួសចាស់ ប៉ុន្ដែជាហើយ។ របូសនោះប្រហែលមកពីជាប់អន្ទាក់កាលពីមុន ព្រោះមានស្នាមនៅជើងស្ដាំ ផ្នែកខាងក្រោយ។ ជើងរបួសចាស់នោះនៅសល់ត្រឹមម្រាមមួយ ឯម្រាមផ្សេងទៀតដាច់អស់ហើយ»។ 

រូបភាពដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance 


ប្រធានបុគ្គលិករូបនេះ បានបន្តថា ដ្បិតជើងមានរបួស តែនៅពេលមកដល់ភ្នំតាម៉ៅ ស្ថានភាពរបស់ខ្លាឃ្មុំនេះ មានសុខភាពធម្មតា។  ចំណែកឯស្ថានភាពផ្លូវចិត្ត សត្វនេះខ្លាចមនុស្សខ្លាំង ដែលបណ្ដាលឱ្យក្រុមការងារពិបាកធ្វើការងារបន្ដិច។ បើតាមលោក ស៊ី ថែង  ក្រុមលោកត្រូវការពេលព្យាបាល និងការសិក្សាពីសុខភាពរបស់សត្វនេះ បន្តមួយរយៈសិន។

ជាមួយគ្នានេះ លោក ទ្រី ស៊ីថេង បានអំពាវនាវឱ្យ សាធារណជនទាំងអស់សូមចូលរូមជួយការពារ និងអភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងសូមឱ្យអ្នកចូលចិត្តបរិភោគសាច់សត្វព្រៃ កាត់បន្ថយ ព្រោះប្រសិនបើសកម្មភាពនៃការជួញដូរសាច់សត្វទាំងនេះនៅលើទីផ្សារនៅតែបន្តមាន នោះអ្នកបរបាញ់ក៏នៅតែធ្វើសកម្មភាពបន្ត៕ 

 

ព័ត៌មានទាក់ទង