រុក្ខជាតិ៦ប្រភេទ មានគមអាចប្រើជាបន្លែ និងច្នៃធ្វើម្ហូបបានច្រើនមុខ

29/11/2022 9:00 am ភ្នំពេញ


ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ រុក្ខជាតិបន្លែមានច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជា។ ពពួករុក្ខជាតិបន្លែគេអាចប្រើ ស្លឹក ផ្លែនិងដើម។  ក្នុងនោះមានរុក្ខជាតិចំនួន៦ប្រភេទ អាចយកគមធ្វើជាបន្លែ និងច្នៃជាម្ហូបបានតាមតម្រូវការ។

 

គមរុក្ខជាតិ ជាបន្លែមួយប្រភេទដែលមានឱជារស និងត្រូវបានពលរដ្ឋភាគច្រើន និយមបរិភោគ។ បន្លែប្រភេទនេះ មិនសម្បូរដូចបន្លែផ្សេងៗនៅលើទៅផ្សារឡើយ។ បន្លែកម្រ មិនមែនមានន័យថារុក្ខជាតិទាំងនេះកម្រ ឬពិបាករកនោះទេ ប៉ុន្ដែគេមិនសូវកាប់ពួកវា ដើម្បីយកគមធ្វើជាបន្លែនោះទេ។ រុក្ខជាតិទាំង៦ប្រភេទនោះ មានដូង, ត្នោត, ជ្រែ ផ្តៅ សោម និងស្លា។  

គមដូង៖ ស្ថិតនៅផ្នែកខាងលើ នៅចន្លោះដើម និងស្លឹករបស់វា។ ដូងដែលត្រូវបានដាំតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ត្រូវការចំណាយពេល២ឆ្នាំ ទើបអាចកាប់យកគមបាន។ ចំណែកឯដូងដែលពលរដ្ឋដាំតាមផ្ទះធម្មតា យ៉ាងតិចក៏ត្រូវការចំណាយពេលចន្លោះពី៣ ទៅ៤ឆ្នាំ ទើបអាចកាប់យកគមបាន។ ពលរដ្ឋខ្មែរ មិននិយមកាប់ដូងយកគមជាធ្វើបន្លែទេ។ គមដូងមានពណ៌ស មានរសជាតិផ្អែម ប្រហាក់ប្រហែលរសជាតិប៉ិកួៈ ប៉ុន្ដែសណ្ឋានសាច់របស់គមដូង ហាប់ជាងសាច់ប៉ិកួៈបន្តិច។ គមរបស់វាអាចយកទៅស្លកកូរ ស្ងោរ ឆា ប្រហើរ ខ ញាំ និងធ្វើជាអន្លក់ជាដើម។



គមត្នោត៖ ស្ថិតនៅផ្នែកកណ្ដាលរវាង ដើមនិងស្លឹករបស់វា។ សាច់គម មានពណ៌ប្រហែលសម្បកពងមាន់ រសជាតិផ្អែមលាយរសហាងបន្តិច ប៉ុន្ដែនៅពេលស្លឆ្អិនរសហាងនឹងបាត់ នៅសល់ត្រឹមរសផ្អែមប៉ុណ្ណោះ។ គមត្នោត ត្រូវបានគេយកទៅស្លកកូរ ប្រហើរ  ឆា ខ ធ្វើជាបន្លែស៊ុប និងអន្លក់ជាដើម។ ក្រៅពីនេះ ពលរដ្ឋមួយចំនួនក៏អាចយកទៅធ្វើជ្រក់ ឬច្នៃតាមបែបផ្សេងៗតាមតម្រូវការ និងចំណូលចិត្ត។



គមជ្រែ៖ ពលរដ្ឋភាគច្រើន មិនសូវបានស្គាល់ និងភ្នក់រសជាតិគមជ្រែណាស់។ រសជាតិ ពណ៌ និងក្លិនរបស់គមជ្រែ មិនសូវខុសគ្នាប៉ុន្មាន ពីគមត្នោត និងគមដូងនោះទេ។ គេអាចរកគមរបស់វាបាន នៅពេលមានអ្នកកាប់រំលំដើមជ្រែ ដែលដល់អាយុកាលអាចយកធ្វើជាម្សៅ សម្រាប់ប្រើការ។ ចំពោះជ្រែភាគច្រើនដុះក្នុងបឹង ឬតាមតំបន់ដែលមានទឹកលិច។ គមជ្រែអាចយកទៅស្លកកូរ ប្រហើរ ឆា ខ  និងធ្វើជាអន្លក់ជ្រលកទឹកគ្រឿង ប្រហុក ផ្អក បានដូចគ្នា។   

គមផ្ដៅ៖ ជាគមរុក្ខជាតិដែលសម្បូរនៅខេត្តដែលមានព្រៃ និងភ្នំ ដូចជាខេត្តមណ្ឌលគិរី រតនគិរី សៀមរាប និងកំពង់ធំ។ គមរបស់វាសម្បូរចន្លោះខែមិថុនា ដល់ខែវិច្ឆិកា។ រុក្ខជាតិផ្ដៅ មិនខុសពីរុក្ខជាតិផ្សេងទេ ឱ្យតែរដូវសម្បូរភ្លៀង ពួកវាឆាប់លូតលាស់ និងល្អជាងរដូវប្រាំង។  នៅចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា គមផ្ដៅ ឬចុងផ្ដៅ សម្បូរនៅតាមផ្សារជនជាតិដើមភាគតិច ពិសេសនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ 

គមសោម៖ ត្រូវបានគេកាប់ចេញពីព្រៃ ក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ និងសើម។ ភាគច្រើនសោម ច្រើនដុះនៅតាមមាត់ទឹកក្នុងព្រៃ ពិសេសនៅតាមព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ គមសោម មានរសជាតិប្រហែលនឹងគមផ្ដៅ។ គេអាចយកទៅស្លកកូរ ឆា ស្ងោរ និងធ្វើអន្លក់ និងច្នៃទៅតាមចំណូលចិត្ត និងជីវភាពប្រចាំថ្ងៃ។

គមស្លា៖ ដូចជាគម របស់រុក្ខជាតិ៥ប្រភេទខាងលើដែរ ប៉ុន្ដែគមរបស់វាមិនសូវសម្បូរដូចជាគមផ្សេងៗទៀតទេ។  ពលរដ្ឋកម្ពុជាភាគច្រើន មិនសូវដាំដើមស្លា រហូតដល់មានអ្នកខ្លះមិនស្គាល់ និងមិនដឹងថា គមរបស់វាអាចយកបរិភោគបានផង។  ម្យ៉ាងនៅតាមផ្ទះនីមួយៗ កម្រឃើញមានអ្នកដាំរុក្ខជាតិប្រភេទនេះណាស់ ព្រោះមិនសូវមានតម្រូវការ និងចំណាយពេលយូរ។ គមស្លាអាចស្ល និងប្រើប្រាស់ ដូចគមត្នោត ដូង ជ្រែ សោម និងផ្តៅដែរ៕

 

ព័ត៌មានទាក់ទង