ប្រាសាទឯកភ្នំ ជាទីទេសចរណ៍វប្បធម៌ដ៏ចំណាស់នៅបាត់ដំបង

05/01/2022 11:00 am ភ្នំពេញ


ដោយ៖ ញ៉ែម ចាន់ 
បាត់ដំបង៖ ប្រាសាទឯកភ្នំ ជាប្រាសាទមានអាយុកាលដ៏វ័យចំណាស់មួយ ស្ថិតនៅភូមិស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រាសាទនេះ មានរចនាបថសាងសង់ស្រដៀង ទៅនឹងប្រាសាទអង្គវត្ត មានកសិន្ធុព័ទ្ធជុំវិញ។ ទឹកកសិន្ធុប្រាសាទ ដែលមានខួបប្រាំងវស្សានេះ  បានក្លាយជាប្រភពទឹកដ៏សំខាន់ ដល់ការប្រើប្រាស់របស់ព្រះសង្ឈ និងប្រាសាទផងដែរ។


 


លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានបង្ហាញថា ប្រាសាទឯកភ្នំ កសាងឡើងក្នុងរាជ្យ ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១។ លោកបន្តថា ប្រាសាទឯកភ្នំនេះ  មានរចនាបថ ការសាងសង់ស្រដៀងទៅនឹង ប្រាសាទអង្គវត្តដែរ ដោយ មានកំពែងព័ទ្ធជុំវិញ តួប៉មកណ្តាល និងកសិន្ធុទឹកព័ទ្ធជុំវិញ។ 

សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងលក្រោម៖ 
 



រីឯលក្ខណៈស្ថាបត្យកម្មប្រាសាទនេះ សង់នៅលើដីរាបស្មើ លើកជាខឿនខ្ពស់ មានប្លង់រាងបួនជ្រុងទ្រវែង បណ្តោយពីលិច ទៅកើត ជាង ៨៥ ម៉ែត្រ និងទទឹងពីជើងទៅត្បូង ប្រវែង ៦៣  ម៉ែត្រ ព័ទ្ធជុំវិញដោយកសិន្ធុទឹក ពីខាងក្រៅ ។ ប្រាសាទឯកភ្នំ មានខ្លោងទ្វារចេញចូលចំនួនពីរ មួយនៅទិសខាងកើត និង មួយទៀត នៅទិសខាងលិច  ។ 

ចំណែកតួប្រាង្គកណ្តាលនៃប្រាសាទនេះ គឺជាទីសក្ការដ៏សំខាន់ ហើយនៅខាងត្បួងនៃប្រាង្គកណ្តាល មានបណ្តាល័យ ព័ទ្ធជុំវិញដោយរោងទង ធ្វើពីថ្មបាយក្រៀម។ 
បើតាមឯកសារស្រាវជ្រាវ នៃ សិលាចារិក K 211 ប្រាសាទឯកភ្នំ មានសិលាចារិក ១១ បន្ទាត់ ជាភាសាសំស្រ្កឹត និងភាសាខ្មែរ ដែលបញ្ជាក់ឈ្មោះដើមនៃ ប្រាសាទនេះ គឺ នរេន្ទ្រគ្រាម ដែលមានន័យថា ភូមិមនុស្សរបស់អ្នកធំលើសគេនៅលើផែនដី គឺព្រះរាជា បានស្ថាបនា នៅដើម សតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ័្មនទី១ ឆ្នាំ ១០៣៧ គ.ស ប៉ុន្តែឯកសារស្រាវជ្រាវខ្លះទៀត ប្រែសិលាចារិកនេះថា សាងសង់នៅឆ្នាំ ១០២៧ គ.ស គឺ ខុសគ្នា១០ឆ្នាំ។

ប្រាសាទឯកភ្នំនេះ មានចម្លាក់ក្បាច់ដូចជា រឿងកូរសមុទ្រទឹកដោះនៅតាម ផ្តែរទ្វារកណ្តាល និងប៉មកណ្តាល ដែលបង្ហាញពីរឿងព្រេងទេវកថា ដំណាលពី ពពួក ទេវតា និងយក្សទាញ ពស់នាគ ដណ្ដើម យកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈ ក៏ដូចជាចម្លាក់ ព្រះឥសូរ កំពុងគង់លើយានជំនិះគោនន្ទិន ជាមួយមហោសី  ព្រះវិស្ណុ ព្រះឥន្ទ្រគង់លើដំរី និងចម្លាក់ផ្សេងៗទៀត ទាក់ទងរឿងទេវកថា ក្នុងព្រហ្មញ្ញសាសនា ជាដើម។

បើទោះបីសព្វថ្ងៃ ប្រាសាទនេះ រងការខូចខាត និងបាត់បង់ទ្រង់ទ្រាយដើមមួយចំនួន   ដោយសារសង្គ្រាម និងកត្តាធម្មជាតិ  យ៉ាងណាក្តី តែប្រាសាទនេះ ត្រូវបានក្រុមការងារបច្ចេកទេស របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុល ជណ្តើរខាងកើត ទល់ទ្រខ្លោងទ្វា ខាងលិច និងផ្នែកខ្លះនៃប្រាង្គកណ្តាល ព្រមទាំងបានធ្វើការពង្រឹងក្បាច់ចម្លាក់ ដែលសឹករេចរឹលខ្លាំង ។

 ម្យ៉ាងទៀតប្រាសាទនេះនៅតែជាកន្លែងរមណីយដ្ឋានវប្បធម៌ ដែលមានធម្មជាតិស្រស់បំព្រង ដើមឈើ ដុះជុំវិញជាច្រើនដើម បង្កើតជាម្លប់ដ៏ត្រឈឹងត្រឈៃ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត៕ 



 

ព័ត៌មានទាក់ទង