«សន្លឹកគុយទាវសរីរាង្គ​»ផលិតពីអង្ករ​បាក់គ្មានទីផ្សារ កំពុងចែកចាយទាំងក្នុង និងក្រៅស្រុក

30/12/2021 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី
ភ្នំពេញ​៖ ក្រុមហ៊ុន Amru Rice Cambodia ​បាន​ផលិតផលិតផលថ្មីមួយ គឺ«សន្លឹកគុយទាវសរីរាង្គខ្មែរ» ក្នុងអំឡុងកូវីដ-១៩ ហើយកំពុងចែកចាយទៅលើទីផ្សារក្នុងស្រុក និងបាននាំចេញ​ទៅទីផ្សារអឺរ៉ុបផងដែរ។ អ្នកស្រី ឃី មុន្នី នាយិកាក្រុមហ៊ុននាំចេញអង្ករ Amru Rice បានថ្លែងក្នុងកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា សន្លឹកគុយទាវសរីរាង្គនេះ គឺផលិតចេញពីប្រភេទអង្ករបាក់ ហើយដែលពិបាករកទីផ្សារលក់។ បើតាមអ្នកស្រី មុន្នី ការផលិត​ផល សន្លឹកគុយទាវសរីរាង្គនេះ ក៏ចង់ចូលរួមបំពេញបន្ថែមផលិតសុខភាពក្នុងទីផ្សារ ជួយស្វែងរកទីផ្សារបន្ថែម​ដល់​កសិករខ្មែរ ក៏ដូចជាបន្តផ្តល់ការងារដល់បុគ្គលិកខ្លួន ក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩។​



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ឃី មុន្នី  ដូចតទៅ៖

​https://web.facebook.com/ThmeyThmey/videos/429176065368229/

រយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយគឺក្រុមហ៊ុន Amru Rice Cambodia បានផលិតគឺ «សន្លឹកគុយទាវសរីរាង្គខ្មែរ» ដែលបានបំពេញតម្រូវការជូនអតិថិជនទាំងក្នុងស្រុក និងក្រៅប្រទេសមួយចំនួនផងដែរ។ «សន្លឹកគុយទាវសរីរាង្គ»ផលិតចេញពីប្រភេទអង្ករបាក់ ហើយដែលពិបាករកទីផ្សារ។ នេះបើតាមអ្នកស្រី ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុន Amru Rice Cambodia ។


អ្នកស្រី  ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុន Amru Rice Cambodia..

តាមអគ្គនាយិកាក្រុមហ៊ុនដដែល ​ទម្រាំទទួលបាននូវស្តង់ដារគុណភាពចំណីអាហារ សម្រាប់ផលិតផលសន្លឹកគុយទាវរបស់ខ្លួន អ្នកស្រី​បានសហការជាមួយអ្នកជំនាញ ក៏ដូចជាមានការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រាប់ចាប់ពីទីតាំងដាំដុះ និងពូជស្រូវដែលជាវត្ថុធាតុដើម ដើម្បីធានាគុណភាព រហូតដល់ខ្សែច្រវ៉ាក់ផលិតកម្មសន្លឹកគុយទាវ និងការចែកចាយលើទីផ្សារ។ «ទម្រាំតែចេញជាផលិតផល «សន្លឹកគុយទាវសរីរាង្គខ្មែរ» ត្រូវមានការអត់ធ្មត់ច្រើន និងមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ទៅលើគ្រប់ផ្នែកនៃច្រវាក់ផលិតកម្មទាំងមូល»។​ អ្នកស្រី ឃី មុន្នី ពន្យល់បន្ថែម។

​លើសពីនេះ អ្នកស្រី ឃី មុន្នី ដែល​មានបទពិសោធ១០ឆ្នាំហើយក្នុងវិស័​យស្រូវអង្ករនេះ ​ចង់ឱ្យប្រជាពលរដ្ឋខ្មែរ ឃើញថាអង្ករ អាចច្នៃចេញជាផលិតផលចំណីអាហារជាច្រើនប្រភេទ  បន្ថែមទៀត។ ស្រ្តីវ័យ ៣៥ឆ្នាំ រូបនេះ សង្ឃឹមថា ការផលិត«សន្លឹកគុយទាវសរីរាង្គ» របស់ Amru Rice មិនត្រឹមតែផ្តល់ស្ថិរភាពការងារដល់បុគ្គលិកខ្លួននោះទេ ប៉ុន្តែក៏អាចផ្តល់ជាទីផ្សារ និងលើកស្ទួយជីវភាពប្រជាកសិករបន្ថែមទៀត​ដែរ៕


 

ព័ត៌មានទាក់ទង