រុក្ខជាតិ៩ប្រភេទ អាចរស់បានទាំងក្នុងទឹក និងលើដីគោក

25/11/2022 10:00 am ភ្នំពេញ


ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖ ប្រទេសកម្ពុជា ស្ថិតនៅតំបន់ត្រូពិក ដែលមានអាកាសធាតុក្ដៅសើម។ នេះជាមូលហេតុដែលធ្វើឱ្យនៅតាមតំបន់ព្រៃ និងតាមស្រុក មានចម្រុះដោយប្រភេទរុក្ខជាតិច្រើនប្រភេទ ហើយខ្លះអាចបរិភោគបាន ឬមិនបានតាមប្រភេទ។ ថ្ងៃនេះ សារព័ត៌មាន Thmeythmey25 សូមលើកយករុក្ខជាតិចំនួន៩ប្រភេទ ដែលអាចរស់បានទាំងក្នុងទឹក និងលើគោក។

 
 

រុក្ខជាតិទាំង៩ប្រភេទនេះ អាចប្រើជាបន្លែ ឬផ្លែឈើ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដោយលក្ខណៈពិសេសរបស់វា អាចរស់នៅទាំងលើគោក និងក្នុងទឹក។ រុក្ខជាតិទាំង៩ប្រភេទនោះ រួមមានដើមត្នោត រាំង ស្ដៅ ឫស្សី អម្ពិល អម្ពិលទឹក ក្ទម្ពទេស ក្រសាំង បំពេញរាជ ជារុក្ខជាតិដែលអាចធននឹងទឹក និងបន្តរស់នៅតាមធម្មតា ទោះបីជាក្នុងទឹក ឬលើគោក។ 

ត្នោត៖ រុក្ខជាតិប្រភេទនេះ ពលរដ្ឋភាគច្រើនបានស្គាល់ថា ជាប្រភេទរុក្ខជាតិធន់ទឹក រួមជាមួយអាកាសធាតុណាស់។ លក្ខណៈពិសេសរបស់វា ងាយដុះ មិនរើសដី មានអត្ថប្រយោជន៍ច្រើន និងអាចប្រើជាប្រយោជន៍ តាមតម្រូវការរបស់ពលរដ្ឋតាមតំបន់។ គេអាចបរិភោគបានទាំងផ្លែខ្ចី ចាស់ ទុំ ទឹក និងគមជាដើម។ 
រាំង៖ ជារុក្ខជាតិព្រៃមួយប្រភេទ ធន់នឹងអាកាសធាតុ ហើយអាចរស់បានទាំងនៅក្នុងទឹក និងលើគោក។



លក្ខណៈពិសេសរបស់ដើមរាំង អាចរស់បាន ទាំងនៅលើដីស្ងួតហួតហែង គ្មានជីជាតិ បើទោះជារុក្ខជាតិប្រភេទផ្សេងរស់មិនបាន ក៏វានៅតែមានជីវិតរស់បាន។ លើពីនេះ ទោះបីជាវាត្រូវរស់ក្នុងទឹក ជម្រៅជ្រៅ រហូតលិចផុតចុងដល់រាប់ឆ្នាំក្តី ក៏វានៅតែមានជីវិតដូចធម្មតា។ ពលរដ្ឋភាគច្រើនតែងយកស្លឹករបស់ធ្វើជាអន្លក់ សម្រាប់ផ្ទាប់ ជាមួយប្រហុក ផ្អក ទឹកគ្រឿង និងបន្លែស្រស់ សម្រាប់នំបញ្ចុកជាដើម។  

អម្ពិលទឹក៖ ជារុក្ខជាតិមួយប្រភេទមានដុះតាមព្រៃ ឬជិតៗមាត់ទឹក នៅតាមស្រុកស្រែចម្ការ។ ពលរដ្ឋភាគច្រើនតែងប្រទះឃើញ ដុះនៅលើគោក។ ជាមួយគ្នានេះ មានអ្នកខ្លះគិតថា វាអាចរស់បានតែនៅគោក ប៉ុន្ដែប្រភេទរុក្ខជាតិ អាចរស់បានទាំងក្នុងទឹកផងដែរ។ អម្ពិលទឹក ត្រូវបានពលរដ្ឋបរិភោគផ្លែខ្ចី ចាស់ និងទុំ។ ផ្លែចាស់ និងទុំ ជាមួយអំបិល ប្រហុក និងទឹកត្រីស្ករជាដើម។ រុក្ខជាតិនេះភាគច្រើន ដុះនៅតាមព្រៃ ឬក្បែរផ្ទះអ្នកស្រុក។ បច្ចុប្បន្នអម្ពិលទឹក ត្រូវបានពេលរដ្ឋមួយចំនួន ដាំជិតៗផ្ទះ ឬដាំលក្ខណៈចម្ការផងដែរ។
 

អម្ពិល៖ ពលរដ្ឋភាគច្រើនបានដឹងថាអម្ពិល អាចរស់នៅបានទាំងក្នុងទឹក និងលើគោក។ រុក្ខជាតិប្រភេទនេះ អាចសម្របខ្លួនដូចជាដើមរាំដែរ។ ទោះបីជាដើមរបស់វា នៅក្នុងទឹករាប់ឆ្នាំឬរាំងស្ងួតរយៈពេលយូរ ក៏រុក្ខជាតិប្រភេទនេះនៅតែមានជីវិត និងរស់តាមធម្មតា។ អម្ពិលគេអាចបរិភោគបានទាំងត្រួយ ផ្លែខ្ចី ចាស់ និងទុំ។ 


រូបភាពផ្ដល់ដោយ អ្នកស្រី ពៅ ស្រីផែង ម្ចាស់ចំការអំពិលទឹក

ក្ទម្ពទេស៖ ជារុក្ខជាតិធ្វើអន្លក់ដែលធននឹងអាកាសធាតុ និងអាចរស់នៅបាន ទាំងក្នុងទឹក និងលើដីគោក។ រុក្ខជាតិប្រភេទនេះ ដុះនៅតាមស្រុកភូមិជិតផ្ទះ ប៉ុន្តែនៅពេលមានទឹកលិចវាក៏នៅរស់បាន មិនងាប់ដូចជារុក្ខជាតិប្រភេទផ្សេងឡើយ។  ក្ទម្ពទេស ពលរដ្ឋភាគច្រើនស្គាល់ដោយសារនៅក្នុងជីវភាពប្រចាំថ្ងៃ ត្រួយរបស់វាបានក្លាយជាបន្លែពេញនិយម សម្រាប់ធ្វើអន្លក់នំបញ្ចុក ប្រហុក ផ្អក និងទឹកគ្រឿង។ល។  
ក្រសាំង៖ រុក្ខជាតិនេះ អាចរស់ដោយស្របតាមអាកាសធាតុគ្រប់រដូវ និងច្រើនមានដុះតាមស្រុកចម្ការ ក្នុងនៅខេត្តតាកែវ និងកំពង់ស្ពឺជាដើម។ ក្រសាំង ត្រូវប្រើត្រួយ សម្រាប់ធ្វើជាអន្លក់ ឬស្លកកូរ។ ចំណែកឯផ្លែគេយកធ្វើម្ជូរ បន្ថែមរសជាតិជូរ សម្រាប់បង់សម្ល ឬចិញ្ច្រាំជាមួយប្រហុក និងដាក់ទឹកត្រីជាដើម។ រុក្ខជាតិនៅអាចរស់បានមិនថាក្នុងទឹក ឬនៅលើគោកនោះទេ។ 

ស្ដៅ៖ ជារុក្ខជាតិដុះនៅតាមព្រៃ និងស្រុកភូមិ។ ពលរដ្ឋភាគច្រើនស្គាល់ និងនិយមបរិភោគវាតាមរដូវ។ មនុស្សមួយចំនួនធំ មិនប្រាកដចិត្តថា រុក្ខជាតិប្រភេទនេះ ធន់នឹងទឹក ឬអត់ទេ ព្រោះធម្មតា ច្រើនឃើញវាដុះនៅលើគោក ប៉ុន្ដែវាក៏មិនលក្ខណៈពិសេសដូចជារុក្ខជាតិទាំង៧ប្រភេទទៀតដែរ។  
ឫស្សី៖ ក៏ជារុក្ខជាតិមួយប្រភេទ ដែលអាចរស់នៅបានទាំងក្នុងទឹក និងលើគោគ។ បើនិយាយទៅមិនថា ឫស្សីស្រុក ឬឫស្សីព្រៃទេ វាសុទ្ធអាចរស់ក្នុងទឹកបានដូចគ្នា។ ឫស្សីបើដុះតាមមាត់ទឹក ឬក្នុងទឹកវាអាចនឹងដុះ ទំពាំងធំៗជាង ឫស្សីដែលនៅលើគោក។ 

បំពេញរាជ៖ បំពេញរាជជារុក្ខជាតិហូបផ្លែ ដែលត្រូវបានគេដាំនៅតាមស្រុកភូមិ ដូចជាស្វាយ ចេក ល្ហុងដែរ ប៉ុន្ដែលក្ខណៈពិសេសរបស់វា គឺអាចធន់នឹងទឹកប្រហាក់ប្រហែលរុក្ខជាតិដទៃទៀត ទាំង៨ប្រភេទខាងលើ។ បំពេញរាជ គេអាចបរិភោគផ្លែរបស់វា នៅពេលខ្ចី ចាស់ និងទុំ។ ចំពោះផ្លែរុក្ខជាតិប្រភេទនេះ ខ្ចី និងចាស់ គេអាចយកធ្វើជាជ្រក់។ ចំណែកឯនៅពេលទុំ គេអាចយកទៅហូបតាមធម្មតា។

សូមបញ្ជាក់ថា ក្រៅពីរុក្ខជាតិទាំង៩ប្រភេទខាងលើ ក៏នៅមានរុក្ខជាតិផ្សេងទៀត ដែលអាចរស់បានទាំងក្នុងទឹក និងលើគោកផងដែរ៕




 

ព័ត៌មានទាក់ទង