ក្រុមហ៊ុនមួយនៅបាត់ដំបង ប្រមូលទិញស្វាយ ម្នាស់ ក្រូច​ ប្រមាណ​៣០០តោន​រាល់​ខែ កែច្នៃ​​ជាតំណាប់

22/12/2021 12:00 pm ភ្នំពេញ



ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ក្រុមហ៊ុន មិសុតា ហ្វូដ បានដំណើរការរោងចក្រផលិត​ផ្លែឈើសម្ងួត ដែលមានទីតាំង​ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ​ខេត្តបាត់ដំបង រយៈពេល៤ឆ្នាំហើយ។ មិនត្រឹមតែចង់បង្ហាញគុណភាពតំណាប់ផ្លែឈើខ្មែរ តែនៅក្នុងស្រុកនោះទេ ក្រុមហ៊ុននេះ ក៏ប្រឹងប្រែងពង្រីកទីផ្សារផលិតផល​ខ្លួននៅក្រៅប្រទេស​ដែរ ពិសេសជំរុញការនាំចេញទៅប្រទេសជប៉ុន​។ លោក ផល រតនា អ្នកគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន មិសុតា បាន​ប្រាប់កម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗថា ក្រៅពីផ្តល់​កាងារដល់​​ពលរដ្ឋក្នុងខេត្តបាត់ដំបងប្រ​មាណ៥០នាក់ ក្រុមហ៊ុនកែច្នៃផ្លែឈើសម្ងួតនេះ ក៏​អាចប្រមូលទិញផ្លែឈើតាមរដូវកាល ពីប្រជាកសិករក្នុងខេត្តបាត់ដំបង​ ពី២០០-៣០០តោន ក្នុងមួយខែៗ​ដែរ។​ ទោះយ៉ាងណា បរិមាណនៃការប្រមូលផ្លែឈើពីកសិករក៏ប្រែប្រួលដែរ អាស្រ័យលើតម្រូវការរបស់អតិថិជន ។


 
​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ផល រតនា  ដូចតទៅ៖
 
https://fb.watch/99-DmjhKhW/
 

​លោក ផល រតនា អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន មិសុតា ហ្វូដ បានបញ្ជាក់ថា​ ក្នុងមួយខែៗ ក្រុមហ៊ុន អាចជួយ​ទិញផ្លែឈើមួយចំនួនដូចជា ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់ ពី២០០ ទៅ៣០០តោន ពីប្រជាកសិករក្នុងខេត្តបាត់ដំបង ដើម្បីយកមកកែច្នៃជាតំណាប់ផ្លែឈើ។ បើតាមលោក ផល រតនា ​បរិមាណនេះ ក៏អាចប្រែប្រួលដែរ អាស្រ័យលើការបញ្ជាទិញ និងតម្រូវការរបស់អតិថិជន។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ផល រតនា បានគូសបញ្ជាក់​ថា ក្រុមហ៊ុនតែគិតគូរទៅលើរសជាតិ ចំណូលចិត្តផ្សេងគ្នារបស់អតិថិជន ទាំងនៅអាស៊ី និងអឺរ៉ុប គឺត្រូវបត់បែន និងមានគំនិតច្នៃប្រឌិតថ្មី ប្លែកជានិច្ច។
 
លោក ផល រតនា អ្នកគ្រប់គ្រងផ្នែកផ្សាយពាណិជ្ជកម្មក្រុមហ៊ុន មិសុតា ហ្វូដ

បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុនមិសុតាហ្វូដ មិនត្រឹមតែផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏ត្រូវបាននាំចេញទៅទីផ្សារបរទេសមួយចំនួនដែរ ពិសេសទីផ្សារប្រទេសជប៉ុន។  នេះបើតាមលោក ផល រតនា ដោយលោកបានឱ្យដឹងទៀតថា ទម្រាំតែមានការទទួលស្គាល់នូវស្តង់ដារគុណភាព ពីទីផ្សារប្រទេសជប៉ុន ​ក្រុមហ៊ុនមិសុតា បានបំពេញនូវលក្ខខណ្ឌជាច្រើន ទាំង​សម្ភារៈប្រើប្រាស់ ដំណើរការផលិត និងការបណ្តាលបុគ្គលិក ដើម្បីធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពផលិតផលខ្លួន៕




 ​
 

ព័ត៌មានទាក់ទង