​លោក ជាង បូរ៉ា បង្កើតក្រុមហ៊ុនផលិតនំ និង​តែ​​សុខភាព ដើម្បី​លើកស្ទួយ​ផលិ​ត​​​ផលក្នុងស្រុ​ក

20/12/2021 12:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជិត៨ឆ្នាំហើយ ដែលក្រុមហ៊ុន រ៉ា គឹមឡុង ឯក. បានដំណើរការកែច្នៃផលិតផលសុខភាពពីធម្មជាតិមួយចំនួនដូចជាតែស្លឹកទៀបបារាំង តែខ្ញី តែម្រុម នំឃុកឃី  ដោយលោក ជាង បូរ៉ា ម្ចាស់ក្រុមហ៊ុននេះ​ផ្ទាល់តែម្តង។ សហគ្រិនរូបនេះ ចាប់ផ្តើមផ្លាស់ប្តូ​រខ្លួន ពីអ្នកជំនាញព័ត៌មានវិទ្យា មកជាអ្នកផលិតក្នុងស្រុក ដោយសារឃើញវត្តមានផលិតផលបរទេសជាច្រើន ហូរចូលទីផ្សារកម្ពុជា។ លោកចង់បង្ហាញថា ផលិតផលខ្មែរ​​ក៏មានគុណភាពល្អ សម្រាប់​ ប្រជាជនក្នុងស្រុក និងមានឆន្ទៈនាំចេញផលិតផលទាំងនេះ ទៅក្រៅប្រទេសផងដែរ​។ ​លោក ជាង បូរ៉ា បានចំណាយពេលស្រាវជ្រាវច្រើន ដើម្បីអាចផលិតផលនីមួយៗឱ្យមានស្តង់ដារសុវត្ថិភាពចំណីអាហារបាន ដោយចាប់ផ្តើមប្តូរពីការផលិត ផលិតផល​ដោយដៃ ​ទៅជាការផលិតដោយគ្រឿងម៉ាស៊ីន និងជំរុញការដាំដុះតាមបែបធម្មជាតិផងដែរ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង  កញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក  ជាង បូរ៉ា  ដូចតទៅ៖

  https://fb.watch/9IamIjQmMm/ 

លោក ជាង បូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនរ៉ាគីមឡុង ឯក. ដែលបានវិវត្តន៍ខ្លួនពីបុគ្គលិកផ្នែក ព័ត៌មានវិទ្យា(IT) មកជាអ្នកផលិតក្នុងស្រុកផ្នែកផលិតផលសុខភាពកែច្នៃពីធម្មជាតិ។ ក្នុងបទសម្ភាសន៍​ ជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ជាង បូរ៉ា បញ្ជាក់ថា លោកបានចំណាយពេលស្រាវជ្រាវជាច្រើន ដោយប្តូរពីផលិតផលធ្វើដោយដៃ ឱ្យដំឡើងជាគ្រឿងម៉ាស៊ីន ឱ្យមានស្តង់ដារសុវត្ថិភាពចំណីអាហារ ដូរទាំងការដាំដុះឱ្យមានលក្ខណៈធម្មជាតិផងដែរ ពិ​សេស​ការធ្វើទីផ្សារដោយជួបជាមួយអ្នកមានឥទ្ធិពលក្នុងសង្គម ដែលពួកគាត់ស្ម័គ្រចិត្តជួយផ្សព្វផ្សាយបន្តទៀតផង។


 
ទម្រាំមកដល់ចំណុចនេះ មានការលំបាកគួរសមសម្រាប់ម្ចាស់ក្រុមហ៊ុន ខ្វះបទពិសោធន៍ដូចរូបលោក ពោលគឺត្រូវចំណាយដើមទុនច្រើនក្នុងវិស័យនេះ។ ទោះយ៉ាងនេះក្តី លោក បូរ៉ា ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមពីស្ថាប័នពាក់ព័ន្ធ និងសមាគមសុវត្ថិភាពចំណីអាហារ ពិសេសការកែប្រែការផលិតឱ្យមានលក្ខណៈស្តង់ដារទាំងគុណភាព និងសុវត្ថិភាព។ ម្ចាស់ក្រុមហ៊ុនរ៉ាគីមឡុងសង្កត់ធ្ងន់ថា៖«អ្នកធ្វើមុខរបរប្រភេទនេះ ត្រូវមានចិត្តស្រឡាញ់ជាធំ ព្រោះត្រូវការពេលវេលាយូរ ទម្រាំទទួលបានផ្លែផ្កា យ៉ាងតិចពី៣ ទៅ៥ឆ្នាំ ទើប​ដឹងចំ​ណេញ​ខាត ហើយត្រូវការចំណាយទុនច្រើន ទៅលើគ្រប់ផ្នែក ទាំងទៅលើប្រាក់ខែបុគ្គលិក ផ្នែកប្រតិបត្តិការផ្សេងៗ លុយត្រៀមខាត វាខុសពី ការយកផលិតផលពីគេមកលក់ស្រាប់ៗ អាចឆាប់កែកុនចេញបាន ពេលលក់មិនចំណេញ»។
 
ទោះបីជាជួបការលំបាកច្រើន ប៉ុន្តែលោក ជាង បូរ៉ា មិនដែលរាថយឡើយ។ លោក បូរ៉ា យល់ថា នៅពេលផលិតផលរបស់ក្រុមហ៊ុនខ្លួនមានដំណើរការ​ល្អ និងមានការគាំទ្រនៅក្នុងទីផ្សារនោះនឹងធានាបាននូវនិរន្តរភាពឱកា​សកាងារដល់ពល​រដ្ឋក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក និងចូលរួមជំរុញនូវចរន្តសេដ្ឋកិច្ចជាតិទៀត​ផង៕
  
 
 
 
 


 

ព័ត៌មានទាក់ទង