​លោក អ៊ឹម ថា បើក​ម៉ាតលក់ផលិតផលខ្មែរ​ ដើម្បីជួយជ្រោមជ្រែងដល់ជីវភាព​កសិករ

18/12/2021 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ខេមរា ម៉ាត គឺជាហាងលក់ទំនិញ និង​ចំណីអាហារ​កែច្នៃ ដែលផលិតដោយកសិករខ្មែរ។ លោក អ៊ឹម ថា អគ្គនាយក ខេមរា ម៉ាត បានបង្កើតយីហោនេះឡើងព្រោះ​ចិត្តស្រឡាញ់ ចង់ចូលរួមជួយរកទីផ្សារជូនកសិករ និងបំពេញនូវតម្រូវការផលិតផលខ្មែរ ដល់អតិថិជននៅរាជធានីភ្នំពេញ។ សម្រាប់ លោក អ៊ឹម ​ខេមរាម៉ាត គឺជាទីផ្សារមួយដែលកសិករអាចលក់ផលិតផលកែច្នៃរបស់ខ្លួន​បាន។



​​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក អ៊ឹម ថា ដូចតទៅ៖

https://fb.watch/9I2oqYuIXq/

លោក អ៊ឹម ថា បានបើកដំណើរការ«ខេមរា ម៉ាត»នៅរាជធានីភ្នំពេញ ជាងកន្លះឆ្នាំហើយ។ ​ជាម៉ាត់ដែលដាក់លក់រាយនូវទំនិញរាប់រយមុខ ​ភាគច្រើនជាផលិតផលខ្មែរដែល ប្រមូលទិញពី​ប្រជាកសិករអ្នកផលិតផ្ទាល់។ ​សហគ្រិនវ័យ៣១ឆ្នាំរូបនេះ បញ្ជាក់នៅក្នុងកម្មវិធីគំនិតថ្មី​ថា លោកបង្កើតម៉ាតនេះ ព្រោះចង់ក្លាយជាទីផ្សារមួយ ដែលកសិករអាចលក់ផលិតផលកែច្នៃរបស់ខ្លួនបាន ក្នុងតម្លៃសមរម្យ។ លោក អ៊ឹម​ ថា ថ្លែង ដូច្នេះ៖«ខេមរា ម៉ាត បង្កើតឡើងមក ព្រោះចិត្តស្រឡាញ់ ចង់ជំរុញ លើកកម្ពស់ផលិតផលក្នុងស្រុក ដូចនេះយើងដើរតួនាទី ជាអ្នកសម្របសម្រួលជាមួយគ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ភាពចំណេញច្រើន ទៅកាន់ប្រជាកសិករជាអ្នកផលិតបាន តែពិបាករកទីផ្សារ»។

ដ្បិតតែ ខេមរា ម៉ាត ទើបមានវត្តមាននៅក្នុងទីផ្សារ ប៉ុន្តែលោក អ៊ឹម ថា អះអាងថាម៉ាត​របស់ខ្លួន ទទួលបាន​អតិថិជនជាច្រើនគួរសម ដោយសារតែ​គុណភាពផលិតផល ​ដែលមាន​សុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ ស្របតាមស្តង់ដារចំណីអាហារ។ លោក អ៊ឹម ថា សង្ឃឹមថា ខេមរា ម៉ាត នឹងអាចពង្រីកខ្លួន​កាន់តែច្រើនទៀត នៅរាជធានីភ្នំពេញ ក្នុងពេល​ខាងមុខ៕ 


 

ព័ត៌មានទាក់ទង