លោក ឡៃហេង ងាកមកច្នៃគ្រាប់ស្វាយចន្ទីលក់តាមអនឡាញ ដោយសារគ្រាប់ចន្ទីស្រស់មានតម្លៃទាប

23/04/2022 3:00 pm ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

លោក ងួន ឡៃហេង ជាម្ចាស់អាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិរាជានុកូល ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម្ចាស់អាជីវកម្មរូបនេះ បានកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីលក់ ដោយសារតម្លៃលក់ទៅក្រៅប្រទេស បានធ្លាក់ចុះ។

 

តម្លៃគ្រប់ចន្ទីលក់ទៅក្រៅប្រទេសបានធ្លាក់ចុះ ដោយសារជំងឺកូវីដ-១៩។ បញ្ហានេះបានធ្វើឲ្យកសិករ ជាច្រើន ព្រួយបារម្ភ និងប្រឈមខាតថវិកា។ កន្លងទៅ គ្រាប់ស្វាយចន្ទី មានតម្លៃទាបបំផុត ២ ៧០០រៀល និងកើនឡើងពី ៥ ៥០០រៀល ទៅ ៦ ៥០០រៀល តែប៉ុណ្ណោះ។ ដោយជួបបញ្ហាធ្លាក់ថ្លៃនេះ លោក ងួន ឡៃហេង បានកែច្នៃគ្រាប់ចន្ទីរបស់ខ្លួនជាផលិតផលសម្រេច និងលក់តាមអនឡាញ។ 

ម្ចាស់ចម្ការចន្ទីជាង៨០ហិកតានៅខេត្តស្ទឹងត្រែង លោក ឡៃហេង អាចច្នៃគ្រាប់ចន្ទីរបស់លោកជាផលិតផលសម្រេច និងមានទីផ្សារវិញ ដោយមិនចាំតែការនាំចេញគ្រាប់ចន្ទីស្រស់នោះទេ។ ក្នុងមួយថ្ងៃ លោក ឡៃហេង អាចលក់គ្រាប់ចន្ទីបាន ១០ ទៅ១៥គីឡូ ដោយក្នុង១គីឡូ មានតម្លៃ ១៣ ដុល្លារ ទៅ១៥ដុល្លារ។ ដំបូងឡើយ តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីស្រស់ ឡើងចុះតាមឈ្មួញបរទេស និងតាមស្ថានភាពពិភពលោក។ កសិកររូបនេះ អះអាងថា បើបន្តពឹងផ្អែកលើការនាំចេញទៅបរទេសទាំងស្រុង នោះកសិផល នឹងមានតម្លៃថោក។ 

កសិករវ័យ៥៥ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ៖ « តម្លៃទីផ្សារនៅក្នុងស្រុក និងនាំចេញទៅបរទេស វាខុសគ្នាដោយសារតែ យើងបានកំណត់តម្លៃធាតុដើម រួចស្រាច់ហើយ។ ទោះបីជាទីផ្សារបរទេស វាឡើងចុះក៏មិនប៉ះពាល់ដល់តម្លៃវត្ថុធាតុដើមនោះដែរ។ បន្ទាប់ពីទូទាត់ប្រាក់ក្នុងការចំណាយរួចមក យើងក៏នៅសល់ប្រាក់ចំណេញបន្តិចបន្តួចដែរ»។

លោក ឡៃហេង សង្ឃឹមថា អាជីវកម្មនេះ នឹងមានការគាំទ្រច្រើននាពេលអនាគត។ លោកលើកទឹកចិត្តឱ្យកសិករ ដែលជួបបញ្ហាទាំងអស់ ងាកមកច្នៃកសិផលខ្លួនឱ្យក្លាយជាផលិតផលសម្រេចថ្មីមួយ។ ការច្នៃផលិតផល នឹងជួយលើកកម្ពស់ផលិតផលជាតិ ប៉ុន្តែផលិតផលទាំងអស់ ត្រូវការអតិថិជន គាំទ្រផលិតផលជាតិច្រើន ជៀសវាងគាំទ្រតែផលិតផលបរទេស។ 

«សម្រាប់ផលលំបាកនៅក្នុងការផលិត មានច្រើនចាប់តាំងពីការផលិត ការជ្រើសរើសគ្រាប់ពូជល្អ! យើងក៏ត្រូវការបច្ចេកទេសបន្ថែមទៀត។ ប្រសិនបើប្រជាជន មានការគាំទ្រក្នុងស្រុកច្រើន នោះវានឹងមានភាពល្អប្រសើរជាង ការនាំចេញទៅក្រៅប្រទេស»។ នេះជាការបញ្ជាក់បន្ថែមពីកសិកររូបនេះ។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១ ក្រសួងបាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៩១ម៉ឺនតោន។ ចំនួននេះ កើនឡើង ៣៤៣ភាគរយ ធៀបជាមួយ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រទេសវៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីលំដាប់ទីមួយរបស់កម្ពុជា៕

 

ព័ត៌មានទាក់ទង