របាយការណ៍​៖ ដីព្រៃ​លិច​ទឹក​ជាង ៨​ពាន់​ហិកតា នៅ​បាត់ដំបង និង​ពោធិ៍សាត់ ត្រូវបាន​ទន្ទ្រាន

06/12/2021 5:00 pm បាត់ដំបង

​ដោយ​៖ ឈុំ ចន្ថា 

​ដីព្រៃ​លិច​ទឹក​ជាង ៨​ពាន់​ហិកតា ស្ថិតនៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ត្រូវបាន​កាប់​ទន្ទ្រាន​ខុសច្បាប់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​ក្រុមការងារ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​។ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ក្រុមការងារ​អន្តរក្រសួង បាន​រកឃើញ​ដី​ជាង ៨​ពាន់​ហិកតា​ត្រូវបាន​កាប់​ទន្ទ្រាន​។ 

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតនៅ​ស្រុក​ចំនួន​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ជាប់​នឹង​តំបន់​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ចំនួន ៣៧៦៨,៤​ហិកតា ត្រូវបាន​កាប់​ទន្ទ្រាន​។ រដ្ឋមន្ត្រី​រូបនេះ បាន​បញ្ជាក់ថា ក្នុងស្រុក​សង្កែ មាន​៤​ឃុំ ដែល​បាន​កាប់​ទន្ទ្រាន លើ​ទីតាំង​៦​កន្លែង ស្មើនឹង​១១៤,៥​ហិកតា និង​មាន​ពលរដ្ឋ​រស់នៅ ១៩៤៤​គ្រួសារ​។ 



​ដោយឡែក ស្រុក​ថ្មគោល មាន​៤​ឃុំ ដែលមាន​៨​កន្លែង ស្មើនឹង​ផ្ទៃដី ៣៨៦​ហិកតា និង​មាន​ពលរដ្ឋ ៦៩​គ្រួសារ​។ ចំណែក ស្រុក​មោងឫស្សី​វិញ មាន​៥​ឃុំ ដែល​បាន​ទន្ទ្រាន​កាន់កាប់​លើ​ទីតាំង​ចំនួន ១១​កន្លែង ស្មើនឹង ២១៤,៧​ហិកតា និង​មាន​ពលរដ្ឋ​ចំនួន​១៩២​គ្រួសារ​។ រីឯ ស្រុក​ឯក​ភ្នំ មាន​៤​ឃុំ បាន​ទន្ទ្រាន​កាន់កាប់ ដោយមាន​៤​កន្លែង ស្មើនឹង ៣០៥៣,២​ហិកតា និង​មាន​ពលរដ្ឋ ៣០៩​គ្រួសារ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក វេ​ង សាខុន កាលពី​ថ្ងៃទី​៥ ធ្នូ  បង្ហាញថា ក្នុង​ខេត្តពោធិ៍សាត់ អាជ្ញាធរ​បាន​រកឃើញ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ចំនួន ៤,៤៣៤.០៧​ហិកតា ដែលមាន​ពលរដ្ឋ​រស់​នៅ​ចំនួន ១៩២១​គ្រួសារ ស្ថិតនៅ​ស្រុក​បាកាន កណ្ដៀង និង​ក្រគរ​។ ក្នុងនោះ ស្រុក​បាកាន មាន​៤​ឃុំ ដែល​បាន​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ប្រមាណ ១០២២,៦៨​ហិកតា និង​មាន​ពលរដ្ឋ​រស់នៅ ៣៤៩​គ្រួសារ​។ 



​សម្រាប់​ស្រុក​កណ្តៀង មាន​៦​ឃុំ ដែល​បាន​ទន្ទ្រាន​ដី​ចំនួន ១៨៦៣,៧៩​ហិកតា និង​មាន​ពលរដ្ឋ​រស់នៅ ៦៦២​គ្រួសារ និង​ស្រុក​ក្រគរ មាន​៧​ឃុំ មានការ​ទន្ទ្រាន​ចំនួន ១ ៥៤៧,៦​ហិកតា និង​មាន​ពលរដ្ឋ​រស់នៅ ៩១០​គ្រួសារ​។ 

​ទាក់ទង​នឹង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ និង​បាត់ដំបង​នេះ ក្រុមការងារ​អន្តរក្រសួង តម្រូវឱ្យ​ជនល្មើស​ដាំ​ដើមឈើ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​បាន​ទន្ទ្រាន ជាពិសេស​ដើម​ឫស្សី​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ ពិសេស​ដំណាំ​ស្រូវ ក្រុមការងារ​អន្តរក្រសួង ទុកពេល​ឱ្យ​ប្រមូល​ផល រួច​ស្នើ​ឱ្យធ្វើ លិខិត​ទទួលកំហុស និង​ប្រគល់​ដីព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ​។​



​សូមបញ្ជាក់ថា តាមរយៈ​សារ​សំឡេង​ពិសេស ពាក់ព័ន្ធ​នឹង​បញ្ហា​បឹង​ទន្លេសាប នៅ​ថ្ងៃទី​២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។ សម្ដេច ហ៊ុន សែន បានប្រកាស​មិន​អត់ឱន​ឱ្យ​មន្ត្រី​ណា ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​លោភលន់​ខុសច្បាប់ ខណៈ​រដ្ឋាភិបាល កំពុង​រវល់​ប្រឹងប្រែង​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ​ទេ​៕

ព័ត៌មានទាក់ទង