ដើមឈើ ១​ពាន់​ដើម ត្រូវបាន​ដាំ​ស្ដារឡើងវិញ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​

06/12/2021 2:00 pm ព្រះវិហារ

​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ អង្គការ WCS  សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ចុះ​ដាំ​កូនឈើ​ចំនួន​១​ពាន់​ដើម លើ​ទីតាំង​ដែល​បានកា​ប់រាន​នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ ការដាំ​កូនឈើ​នេះ ធ្វើឡើង​ដើម្បី​ស្ដារឡើងវិញ​នូវ​តំបន់​ការពារ​ដែល​រេចរឹល និង​ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរឡើង​វិញ​នូវ​បរិស្ថាន និង​ធនធានធម្មជាតិ​។



​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅ អង្គការ WCS  សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ដាំ​កូន​គគីរ បេង នាងនួន ធ្នង់ ចំនួន​១​ពាន់​ដើម នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ លោក Nev Broadis ទីប្រឹក្សាបច្ចេកទេស​តំបន់ការពារធម្មជាតិ​ភាគ​ខាងជើង​នៃ​អង្គការ​WCS បាន​បញ្ជាក់ថា គម្រោង​ខាងលើ​ត្រូវបាន​គាំទ្រ​ការងារ​អភិរក្ស​តំបន់ការពារធម្មជាតិ​ចំនួន ៤​រួមមាន ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ឆែប ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​។ 

​ជាមួយគ្នានេះ តំបន់ការពារធម្មជាតិ​ភាគ​ខាងជើង គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍ និង​ការការពារ​ជីវៈចម្រុះ និង​ព្រៃឈើ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព តាមរយៈ​ការលក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។ លោក Nev Broadis លើកឡើងថា​៖«​គម្រោង​នេះ បាន​គាំទ្រ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​២០​នៅ​ទូទាំង​តំបន់​។ សកម្មភាព​នេះ បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ការពារ​ព្រៃឈើ និង​ជីវៈចម្រុះ​របស់​កម្ពុជា​ឱ្យនៅ​គង់វង្ស​រយៈពេល​វែង​»​។​



​ទីប្រឹក្សាបច្ចេកទេស​ខាងលើ​បាន បន្ថែមថា ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ គឺ​ផ្តោត​តែ​ទៅលើ​តំបន់​ទាំងឡាយណា​ដែល​ទទួលរង​ការកាប់​រាន​ខុសច្បាប់ ហើយ​ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដកហូត​យកមក​គ្រប់គ្រង​។ ទន្ទឹមនឹងនេះ គម្រោង​រេ​ដ​បូក​តំបន់ការពារធម្មជាតិ​ភាគ​ខាងជើង នឹង​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ៣​មុនគេ គឺ​ទី​១ នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ទី​ពីរ​ដែនជម្រកសត្វព្រៃ​ឆែប និង​ទី​៣ ដែនជម្រកសត្វព្រៃ​ព្រះ​រកា ហើយ​បន្ទាប់មក​ពង្រីក​ទៅកាន់​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​។​

​ក្នុង​ដំណើរការ​ការងារ​រេ​ដ​បូក​ជិត​បី​ឆ្នាំ ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ WCS សង្កេតឃើញថា បញ្ហា​រួមជាមួយ​កត្តា​គំរាមកំហែង​ចំពោះ​ព្រៃឈើ​នៅក្នុង​តំបន់​ធម្មជាតិ​ភាគ​ខាងជើង ស្រដៀង​គ្នា​ទៅនឹង​កត្តា​គំរាមកំហែង​នៅ​ទូទាំងប្រទេស ដូចជា​ការរំលោភ​យក​ដី​ខុសច្បាប់ ការកាប់​រាន​ដីព្រៃ ដើម្បី​ធ្វើ​កសិកម្ម និង​ការកាប់​រាន​ក្រោមរូបភាព​សម្បទាន​។ លើសពីនេះ លោក​គិតថា ចន្លោះ​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០៣៨ ការគាំទ្រ​រយៈពេល​វែង​របស់​អង្គការ WCS នឹងចូលរួម​ចំណែក​ជួយ​កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​ទាំងនេះ បើ​ធៀប​ទៅនឹង​តំបន់​ដទៃទៀត​។ 



​ទន្ទឹមនេះ អង្គការ WCS សង្ឃឹមថា គម្រោង​រេ​ដ​បូក​ថ្មី​នេះ នឹង​ជួយ​ពង្រីក​និង​បង្កើន​កិច្ចការពារ​ព្រៃ​ទាំងនេះ​ថែម​មួយកម្រិត​ទៀត ព្រមទាំង​អាចជួយ​គាំទ្រ​សហគមន៍ ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ការពារ​សិទ្ធិ ដើម្បី​ទទួលបាន​ផល​ពី​ធនធានធម្មជាតិ​ទាំងនោះ​។ មួយវិញទៀត ក៏​អាចរួមចំណែក​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត និង​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​សហគមន៍​តាមរយៈ​សេវា​ទេសចរណ៍​ផ្ទាល់​ពី​ភ្ញៀវ​ផងដែរ​៕

ព័ត៌មានទាក់ទង