ក្រុមអ្នកសិក្សាស្រាវជ្រាវ កំណាយឃើញធាតុជាច្រើនដែលគេបញ្ចុះនៅទីតាំងតែមួយ នៅអង្គរវត្ត

06/12/2021 1:00 pm សៀមរាប

ដោយ៖  អុីសា រ៉ហានី ( Isa Rohany )

សៀមរាប៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើកំណាយនៅទីតាំងបុរាណដ្ឋានមួយកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត ហើយបានប្រទះឃើញកុលាលភាជន៍ ដែលបានដាក់ធាតុជាច្រើននៅក្នុងនោះ។



បុរាណវិទូ លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ក្រុមការងាររបស់លោក បានផ្តើមធ្វើកំណាយនៅទីតាំងមួយកន្លែង ដែលមានការសង្ស័យ ក្រោយប្រទះឃើញកុលាលភាជន៍ ដែលមានទម្រង់ខុសពីការរកឃើញកន្លងមក។ លោកពន្យល់ថា៖« កន្លងមក យើងមានបំណងរៀបចំសណ្ដាប់ធ្នាប់ថ្ម នៅរាយប៉ាយទេ ដល់កាយដល់កន្លែងនេះ ប្រទះឃើញបំណែកកុលាលភាជន៍ ក្អម ឆ្នាំង ចាន.... នេះជាចំណុចចាប់ផ្តើមធ្វើកំណាយ បំណែកក្អម ឆ្នាំងនេះ មិនមែនដូចបំណែកប្រទះឃើញកន្លងមកទេ តែត្រូវគេបញ្ចុះប្រើប្រាស់ ជាកោដ្ឋសម្រាប់ដាក់ធាតុ»។

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី បន្តថា ដើម្បីស្រាយចម្ងល់ខាងលើ ក្រុមកំណាយបានជីករណ្ដៅដី និងបានរកឃើញភស្ដុតាង នៃការបញ្ចុះធាតុ ដែលមិនមែនជាការបញ្ចុះនៅសម័យអង្គរទេ តែនៅសម័យក្រោយ និងតរហូតដល់សម័យទំនើប។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះ បានប្រទះឃើញមានបំណែកធ្យូង ផេះ ដែលបានពីការសាកសពដែលគេបូជា មានបំណែកធាតុដាក់ក្នុងចាន ក្រឡ និងខួចជាដើម​ យកមកបញ្ចុះនៅទីតាំងតែមួយ។


 
តាមការការបញ្ជាក់ពីអ្នកស្រាវជ្រាវរូបនេះ ការប្រទះឃើញនេះ ជាភស្ដុតាងបុរាណវិទ្យាដ៏សំខាន់មួយ ដែលសបញ្ជាក់ថា អង្គរវត្តមានមនុស្សរស់នៅមិនដាច់ ហើយប្រពៃណីនៃការបញ្ចុះធាតុក្នុងបរិវេណប្រាសាទ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នោះ ក៏មានតរហូតមកដែរ។ ទំនៀមនេះ តដល់បច្ចុប្បន្ន គ្រាន់តែគេប្ដូរពីទីបុរាណដ្ឋាន មកបញ្ចុះធាតុនៅជុំវិញវត្តអារាមតែប៉ុណ្ណោះ។ លោក អ៊ឹម សុខរិទ្ធី បន្ថែម។
 
នៅថ្ងៃទី១ ធ្នូ ក្រុមការងារកំណាយ បានរៀបចំពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធ ដល់ធាតុដែលបានកាយឃើញ និងបានរៀបចំដាក់ធាតុទាំងនោះ ទៅទីតាំងដើមវិញផងដែរ។


 
ដោយសារទីតាំងដែលរកឃើញពីការបញ្ចុះធាតុ ដែលស្ថិតនៅជ្រុងខាងត្បូងប្រាសាទអង្គរវត្ត មានសារសំខាន់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ប្រាប់ថា នឹងរៀបចំរៀបចំខឿនថ្មឡើងវិញ ដោយមានដាំស្មៅ និងផ្កា ធ្វើជាទីតាំង ដើម្បីបង្ហាញដល់ទេសចរ។ ទេសចរ នឹងបានដឹងថាទីតាំងនេះជាទីបញ្ចុះធាតុ នៃមនុស្សសម័យកណ្ដាល និងដើមសតវត្សទី២០  ដែលនៅបន្តរហូតមក៕

ព័ត៌មានទាក់ទង