ខេត្តព្រះសីហនុ មានរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់លំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា

05/12/2021 3:00 pm ព្រះសីហនុ

ដោយ៖ អ៊ូ សុខមាន (OU Sokmean)

ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារអន្តរជាតិចំនួន២ នៅក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការហើយនោះ ខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានប្រព្រឹត្តកម្មទឹកកខ្វក់ កម្រិតស្តង់ដារមួយទៀត ដែលមានសមត្ថភាពសម្អាតទឹក បានរហូតដល់ជាង២ម៉ឺនគូប ក្នុងមួយថ្ងៃ។ បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងបីនេះ គឺមានកម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។



បច្ចុប្បន្ន ទីក្រុងព្រះសីហនុ មានស្ថានីយប្រព្រឹត្តទឹកកខ្វក់ ឬទឹកស្អុយចំនួន២កន្លែង ដែលកំពុងដំណើរការយ៉ាងសកម្ម ក្នុងការបន្សុទ្ធទឹកកខ្វក់ មុននឹងបង្ហូរចូលក្នុងទឹកសមុទ្រ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈស្ថានីយទីពីរ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។  នេះជាការលើកឡើងរបស់លោក គួច ចំរើន ដោយបានបញ្ជាក់​ សព្វថ្ងៃខេត្តព្រះសីហនុ កំពុងសាងសង់ស្ថានីយប្រព្រឹត្តទឹកកខ្វក់ទីបី នៅលើផ្ទៃដីជិត២ហិកតា​ ដែលមានសមត្ថភាព សម្អាតទឹកកខ្វក់បានរហូតដល់២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។



អភិបាលខេត្តព្រះសីហនុរូបនេះ បានថ្លែងនៅក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ ថា៖ «អាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលយើងបានកសាងនេះ យើងបានជួលក្រុមហ៊ុនរបស់សិង្ហបុរី ដែលក្រុមហ៊ុននេះ បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល។ បើយើងគិតពីស្តង់ដារទឹកសម្អុយ ដែលក្រោយចម្រាញ់រួច កម្រិតគុណភាពនៃទឹកនេះ បើធៀបនឹងប្រទេសជប៉ុន ឬសហរដ្ឋអាម៉េរិក គឺយើងមានគុណភាពល្អជាង»។ បើតាមលោក គួច ចំរើន​ ទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងពីរ គឺអាចនៅសល់ជាតិពុល ត្រឹម២០ភាគរយប៉ុណ្ណោះ ដែលអត្រានេះ ស្ថិតក្រោមកម្រិតជាតិពុល៥០ភាគរយនៃច្បាប់គ្រប់គ្រងបរិស្ថាន ដែលអាចបង្ហូរទឹកហូរក្នុងសមុទ្របាន។
 
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុនេះ  គឺដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR ដែលមានសមត្ថភាពដកយកកាកសំណល់ភាគល្អិតបំផុត ដូចជា​អាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត សារធាតុពុល និងសម្លាប់មេរោគ ឬបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព រហូតដល់៦០ភាគរយ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ កាលពីរសៀលថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១ដូច្នេះ៖«ទឹក[កខ្វក់]ដែលប្រព្រឹត្តកម្មរួច គឺមិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រទេ។  វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់»។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទីក្រុងនេះ នឹងត្រូវសាងសង់លូមេ ប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ។ ដោយឡែកនៅចន្លោះ ឆ្នាំ២០២៣-២០៣០ ស្ថានីយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នឹងពង្រីកសមត្ថភាពសម្អាតទឹកកខ្វក់បានរហូត ដល់ ៦ម៉ឺនម៉ែត្រគូប ទៅ៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយជាង១៧០លានដុល្លារ ដែលមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕ 

ព័ត៌មានទាក់ទង