អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ គឺ«រំលឹកគុណអង្គរ»

04/12/2021 1:00 pm សៀមរាប

ដោយ៖  អុីសា រ៉ហានី ( Isa Rohany )

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនៅរមណីយដ្ឋានអង្គរ ដែលឱ្យឈ្មោះថា «រំលឹកគុណអង្គរ»។



នៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរា បានកំណត់យកថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលជាឆ្នាំសាកល្បងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយនេះ ដែលអាចនឹងដូចព្រឹត្តិការណ៍អង្គរសង្រ្កាន្តផងដែរ។ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានសុទិដ្ឋនិយមថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញសាធារណ ក៏ដូចជាភ្ញៀវទេសចរ កាន់តែច្រើនចូលមកកម្សាន្តរមណីយដ្ឋានអង្គរ។

អគ្គនាយករង និងជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ខាងលើ លោក ជុំ សុភមករា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំព្រឹត្តិការណ៍នេះតាំងពីឆ្នាំទៅមកម្ល៉េះ តែត្រូវអាក់ខានដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។ អគ្គនាយករងរូបនេះបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំសាកល្បង ហើយចាប់ពីឆ្នាំ២០២២តទៅ វានឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្នុងរមណីយដ្ឋានអង្គរ។



លោក ជុំ សុភមករា ពន្យល់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ រៀបចំឡើងក្នុងបំណងដើម្បីដឹងគុណដល់ព្រះមហាក្សត្រ បុព្វការីជនដែលបានកសាងប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដែលជាប្រយោជន៍ដ៏ក្រៃលែងសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីសមិទ្ធផលការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាពេលកន្លង ហើយនឹងអនុញ្ញាតឱ្យសាធារណជន អាចចុះមើលការងារតាមការដ្ឋានជួសជុលដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើផងដែរ។ នេះជាការបន្ថែមរបស់លោក ជុំ សុភមករា។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងមានកម្មវិធីដាច់ដោយឡែកចំនួន៣ ទី១ កម្មវិធីសាសនា នាថ្ងៃបើក ទី២ស្ដង់ពិព័រណ៍ ទី៣ កម្មវិធីសម្ដែងសិល្បៈនាពេលល្ងាចនៅបរិវេណព្រះលានជល់ដំរី និងប្រាសាទព្រះពិធូរ។

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសពីសារព័ត៌មានថ្មីៗ ជាមួយលោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដូចតទៅនេះ៖ 
 

ព័ត៌មានទាក់ទង