ពេទ្យគន្ធបុប្ផា អំពាវនាវឲ្យពលរដ្ឋជួយបរិច្ចាគឈាម ព្រោះតម្រូវការកាន់តែច្រើន

26/11/2021 10:00 am ភ្នំពេញ

ដោយ៖ ហុង ស្រីណា 

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់ពលរដ្ឋ និងឪពុកម្តាយរបស់កុមារ ឲ្យជួយបរិច្ចាគឈាម ខណៈឈាមដែលទុកជួយសង្រ្គោះកុមារដោយឥតគិតថ្លៃកំពុងខើចស្តុក។ ចំពោះពលរដ្ឋ ដែលមានបំណងទៅបរិច្ចាគឈាម មន្ទីរពេទ្យនឹងធ្វើតេស្តរកមេរោគកូវីដជាមុនសិន។



មន្ទីរពេទ្យគន្ធបុប្ផា ជាទីព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ ដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា។ ពេលនេះ មន្ទីរពេទ្យកំពុងខ្វះខាតឈាម ដើម្បីជួយសង្រ្គោះកុមារ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឲ្យឪពុកម្តាយកុមារ និងពលរដ្ឋទូទៅ មិនហានបរិច្ចាគឈាម។  

ក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ មន្ទីរទទួលបានការបរិច្ចាគឈាមតិចជាងមុន ព្រោះពលរដ្ឋមានការព្រួយបារម្ភច្រើន ពីការឆ្លងមេរោគកូវីដ។ បើតាមលោក មាស សារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ឲ្យដឹងថា ចំនួនឈាមដែលប្រើប្រាស់ក្នុងមួយរយៈពេលកូវីដនេះ គឺមានចំនួនច្រើន។ មន្ទីរពេទ្យមានការខ្វះខាតឈាម ដោយសារតែបងប្អូនប្រជាពលរដ្ឋគាត់មានការភ័យខ្លាច មិនហានបរិច្ចាគ។ 

មន្ទីរពេទ្យគន្ធបុប្ផា ពឹងផ្អែកច្រើនទៅលើការបរិច្ចាគឈាមរបស់ ឪពុកម្តាយ និងសាច់ញាតិអ្នកជំងឺ ចំណែកពលរដ្ឋ ដែលទៅបរិច្ចាគឈាមទូទៅ គឺមិនសូវមានចំនួនឡើយ។ លោក សារិទ្ធ បញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនព្រួយបារម្ភពីបញ្ហា ដែលនឹងកើតមានក្រោយបរិច្ចាគឈាម ខុសពីពលរដ្ឋខាងប៉ែក អ៊ឺរ៉ុប ដែលយល់ឃើញថា ការបរិចាគឈាមជារឿងត្រឹមត្រូវបំផុត។ លោកសង្ឃឹមថា ពលរដ្ឋខ្មែរនឹងផ្លាស់ប្តូរផ្នត់គំនិតនេះ ហើយចូលរួមបរិច្ចាគឈាមដើម្បីកុមារកម្ពុជា ជាពិសេសកុមារក្រីក្រ។ 

មន្ទីរពេទ្យ បើកទទួលការចូលបរិច្ចាគឈាមរបស់ពលរដ្ឋខ្មែររៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ ដល់ ១១ព្រឹក និងពីម៉ោង ២ ដល់ ៤ល្ងាច។ ពលរដ្ឋអាចទៅបរិច្ចាគឈាមនៅ មន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំ ដែលនៅ ជិតវត្តភ្នំដូនពេញ និងក្បែព្រះបរមរាជវាំង។ ក្រៅពីនេះ ពលរដ្ឋក៏អាចបរិច្ចាគនៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវ័រ្មនទី៧ នៅខេត្តសៀមរាប។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ៨៧ ៨៧៤៥៕ 

 

 

ព័ត៌មានទាក់ទង