រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ ទោះស្ថិតក្នុងវិបត្តិកូវីដ តែវិស័យអចលនវត្ថុកម្ពុជា នៅមានសក្តានុពលខ្ពស់ ក្នុងការវិនិយោគ

26/11/2021 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ ថ្វីដ្បិតកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ ប៉ុន្តែវិស័យវិស័យអចលនទ្រព្យ នៅតែមានសក្កានុពលខ្ពស់ ក្នុងការវិនិយោគ ខណៈវិស័យនេះត្រូវបានព្យាករនឹងកំណើនក្នុងអត្រា២,៤ភាគរយនៅឆ្នាំ២០២១។ នេះបើការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដោយបានបន្ថែមថា វិស័យនេះនឹងបន្តកើនដល់អត្រា៤,៨ភាគរយ នៅក្នុងឆ្នាំ២០២២។

 
 
វិស័យអចលនវត្ថុនៅកម្ពុជា នៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ានតាមប្រព័ន្ធវីដេអូ(Online) នាព្រឹកថ្ងៃទី២៥វិច្ឆិកា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ និងបន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី ក៏ប៉ុន្តែវិស័យអចលនទ្រព្យនេះ គឺនៅមានសក្កានុពលក្នុងការវិនិយោគ។ 
 


បើតាមលោក អូន ព័ន្ធមុនីរ័ត្ន តំបន់ដែលមានសក្តានុពលក្នុងការវិនិយោគ ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនោះ គឺមានខេត្តព្រះសីហនុ ដែលកំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង។  ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត, នៅក្រុងប៉ាវិតនៃខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ...ជាដើម។ 
 
អនុវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានព្យាករថានឹងងើបឡើងក្នុងអត្រា២,៤ភាគរយនៅក្នុងឆ្នាំ២០២១ និងកើនដល់៤,៨ភាគរយ នៅក្នុងឆ្នាំ២០២២។ លោក អូន ព័ន្ធមុនីរ័ត្ន  បានបញ្ជាក់ថា៖«អត្រានេះ គឺបានដោយសារការកើនឡើងសន្សឹមៗនៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគនិងតម្រូវការស្រុកលើវិស័យអចលនវត្ថុដែលមានតម្លៃទាបនិងមធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ»។
 
 
បច្ចុប្បន្ន កម្ពុជាកំពុងការអភិវឌ្ឍលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវល្បឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងសាងសង់ព្រលានយន្ត គម្រោងផ្លូវដែកអាស៊ានពីភ្នំពេញ ទៅក្រុងព្រះសីនុ និងភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ គម្រោងផ្លូវដែកភ្ជាប់ទៅប្រទេសវៀតណាម និងការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។ លោក សន សៀប ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងធ្វើឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជា កើនឡើងនាពេលខាងមុខ។
 
បើតាមការលើកឡើងរបស់លោក សន សៀប នៅក្នុងសមាជខាងលើ តម្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញ ចំពោះ កម្រិតទាប មានតម្លៃពី៤ទៅ១០ម៉ឺនដុល្លារក្នុងផ្ទះមួយល្វែង និងមានតម្លៃពី ១០ម៉ឺនទៅ៤០ម៉ឺនដុល្លារ ក្នុងមួយល្វែងសម្រាប់អ្នកកម្រិតមធ្យម ដែលនេះជាតម្លៃសមរម្យមួយ។ ដោយឡែក ទីផ្សារខុនដូវិញ សម្រាប់កម្រិតទាបមានតម្លៃពី៨០០ទៅ១ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កម្រិតមធ្យមមានតម្លៃ ពី១៦០០ទៅ២៥០០ដុល្លារ និងកម្រិត មានតម្លៃចាប់២៥០០ដុល្លារឡើងក្នុងមួយម៉ែត្រការ៉េ។  លោកបានបន្ថែមយ៉ាងខ្លីថា តម្លៃអចលនទ្រព្យទាំងនេះ នឹងមានកំណើនជារៀងរាល់ឆ្នាំ៕ 

 

ព័ត៌មានទាក់ទង