CAST បង្កើត​ប្រព័ន្ធ​តាមដាន​ប្រភព​ត្រី ដើម្បី​លើកកម្ពស់​គុណភាព​ផលិតផល​ត្រី​ក្នុងស្រុក​

25/11/2021 3:00 pm ភ្នំពេញ

​ដោយ​៖ ឈុំ ចន្ថា 

​ដើម្បី​លើកកម្ពស់​គុណភាព​ផលិតផល​ត្រី​ក្នុងស្រុក CAST បាន​បង្កើត​ប្រព័ន្ធ​តាមដាន​ប្រភព​ត្រី ដែល​អាច​ឲ្យ​អតិថិជន​ដឹង​អំពី​ព័ត៌មាន​ចិញ្ចឹម​ត្រី​របស់​កសិករ តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស្គែ​ន QR Code នៅលើ​កញ្ចប់​ត្រី​។ បច្ចុប្បន្ន CAST បានធ្វើការ​ជាមួយ​កសិករ​ចិញ្ចឹម​ត្រី និង​កែច្នៃ​ផលិតផល​ត្រី​ទូទាំងប្រទេស​ជាង​១៥០០​ទីតាំង ហើយ​ការបង្កើត​ប្រព័ន្ធ​តាមដាន​នេះ តម្រូវ​ឲ្យ​កសិករ​ទាំងនោះ ចិញ្ចឹម​ត្រី​តាម​ស្តង់ដារ​សុវត្ថិភាព និង​អនាម័យ​។​



​លោក តិច គង់ តំណាង​អង្គការ​ទស្សន​ពិភពលោក (World Vision CAST) បាន​លើកឡើងថា ការបង្កើត​ប្រព័ន្ធ​តាមដាន​ប្រភព​ត្រី​នេះ គឺជា​ការផ្ដល់​ទំនុកចិត្ត​មួយទៀត​ដល់​អតិថិជន ឬ​អ្នក​បរិភោគ​នៅ​កម្ពុជា តាមរយៈ​ការផ្ដល់​ព័ត៌មាន​ពី​អ្នក​ចិញ្ចឹម ដោយ​ការ​ស្គែ​ន QR Code នៅលើ​កញ្ចប់​ត្រី​។ មិនតែប៉ុណ្ណោះ កសិករ​ចិញ្ចឹម​ត្រី ក៏មាន​លទ្ធភាព​ក្នុងការ​ដំឡើង​តម្លៃ​ត្រី​របស់ខ្លួន​ដោយ​គ្រាន់តែ​ផលិត​តាម​លក្ខណៈ​ស្ដង់ដារ និង​អនាម័យ​។ 


លោក តិច គង់ តំណាងអង្គការទស្សនពិភពលោក

​តំណាង​អង្គការ​ទស្សន​ពិភពលោក ថ្លែងថា​៖ «​ការបង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​វាយតម្លៃ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​អ្នកប្រើប្រាស់​ចុងក្រោយ​អាច​ដឹង​ពី​ប្រភព​ច្បាស់លាស់​អំពី​ផលិត ពិសេស​ត្រី​នេះ​។ នៅពេលដែល​វា​ច្បាស់លាស់ អំពី​ប្រភព​នេះ គឺ​ធ្វើ​ឲ្យ​ពួកគាត់​(​អតិថិជន​) បរិភោគ​ទៅ​មាន​សុវត្ថិភាព ព្រោះ​គាត់​អាច​ដឹងថា ការចិញ្ចឹម​ហ្នឹង​របៀប​មិច តើ​វា​មាន​លក្ខណៈ​គីមី ឬ​មិន​គីមី​»​។  

​បច្ចុប្បន្ន CAST បានធ្វើការ​ជាមួយ​កសិករ ចិញ្ចឹម​ត្រី និង​កែច្នៃ​ផលិតផល​ត្រី​ទូទាំងប្រទេស​ជាង​១៥០០​ទីតាំង ហើយ​ការបង្កើត​ប្រព័ន្ធ​តាមដាន​នេះ តម្រូវ​ឲ្យ​កសិករ​ទាំងនោះ ចិញ្ចឹម​ត្រី​តាម​ស្តង់ដារ​សុវត្ថិភាព និង​អនាម័យ​។ ចំណែក លោក ឆេង មករា តំណាង​ក្រុមហ៊ុន​ដា​វ៉ាន់ បាន​លើកឡើងថា ការបង្កើត​ប្រព័ន្ធ​តាមដាន​ផលិត​ត្រី​នេះ គឺ​ដាក់​សម្ពាធ​មួយ​ទៅ​អ្នក​ផលិត ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនួល​ខុសត្រូវ​លើ​បញ្ហា​សុវត្ថិភាព និង​អនាម័យ​។ ប្រសិនបើ កសិករ​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​សុវត្ថិភាព និង​អនាម័យ​ទេនោះ កសិករ​ទាំងនោះ នឹងត្រូវ​ដកចេញ​ពី​បណ្តាញ​របស់​កម្មវិធី​តា​ម​ដាន​ផលិតផល​ត្រី​។  

​លោក ឆេង មករា ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ «​តាមរយៈ​ប្រព័ន្ធ​តាមដាន​ផលិតផល​ត្រី ដែល​យើង​ប្រើ QR Code ជា​មូលដ្ឋាន​នេះ​គឺ​គាត់​(​អតិថិជន​)​អាច​យក​ទូរ​សព្ទ​គាត់​ស្គែ​ន​ព័ត៌មាន​ទាំងអស់​ហ្នឹង​។ វា​ជា​សម្ពាធ​មួយ​ដែល​អាច​ឲ្យ​អ្នក​ផលិត​ហ្នឹង គោរព​ទៅតាម​ស្ដង់ដារ ហើយ​បើ​គាត់​ផលិត​អត់​បានល្អ​ទេ គឺ​គេ​អា​ចរក​គាត់​ឃើញ ដែល​អាច​ឲ្យ​គាត់​(​កសិករ​)​ទទួលខុសត្រូវ​លើ​ផលិតផល​របស់គាត់​ហ្នឹង ក្នុងករណី​មាន​មនុស្ស​ឈឺ ឬ​ឈឺ​ធ្ងន់​ជាដើម​»​។ 


លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់

​ជាមួយគ្នានេះ លោក រំពឹងថា ការបង្កើន​ប្រព័ន្ធ​ត្រួត​ពិ​ន្យិ​តាមដាន​ត្រី​នេះ នឹង​ទទួលបាន​ការចូលរួម​ច្រើន​ពី​អតិថិជន និង​អ្នក​ផលិត ដើម្បី​ឲ្យ​ទីផ្សារ​ត្រី​ក្នុងស្រុក​មាន​លំនឹង និង​តម្លៃ​ខ្ពស់​តាម​ស្ដង់ដារ​សុវត្ថិភាព និង​អនាម័យ​៕  

ព័ត៌មានទាក់ទង