កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាន នៅថ្ងៃទី១មករា

23/11/2021 3:00 pm ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

 
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) នឹងចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ដោយបញ្ជាក់ថា  កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានេះ គឺជាយន្តការថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាស ក្រុមហ៊ុន ព្រមទាំងបង្កើតអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។



កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន (Free Trade Agreement _ CCFTA) នឹងចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ គឺបានចុះហត្ថលេខាជាផ្លូវការ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិន កាលពីថ្ងៃទី១២តុលា ឆ្នាំ២០២០។ 
 
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២១ ថា ការសន្យាបើកទីផ្សារសេវាកម្ម និងពាណិជ្ជកម្មនេះ បានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ស្ថានទូតចិន បានសរសេររៀបរាប់បន្ថែម ដោយបានសង្កត់ធ្ងន់ថា៖«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុននិងបង្កើតអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។
 
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ លើវិស័យដូចជាគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។ នេះបើតាមស្ថានទូតចិនប្រចាំកម្ពុជា។ 
 
យោងតាមការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង៩០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥ភាគរយ។ 
 
លោក សុខ សុភ័ក្រ្ត ដែលជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់អះអាងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។ លោកបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនកាលឆ្នាំ២០១៩ មានទឹកប្រាក់ប្រមាណ៩,៤ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា ទៅប្រទេសចិន មានតម្លៃ១ពាន់លានដុល្លារ ខណៈចិននាំទំនិញចូលកម្ពុជាវិញ មានតម្លៃរហូតជិត៧ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ ក៏បានធ្លាប់មកត្រឹមជាង៨,១ពាន់ដុល្លារវិញ នៅក្នុងឆ្នាំ២០២០ ព្រោះតែវិបត្តិសកលកូវីដ-១៩។ តែយ៉ាងនេះក្តី ប្រទេសទាំងពីរ គ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៣៕ 
 
 
 

ព័ត៌មានទាក់ទង