លោក ថោង ខុន ជំរុញតំបន់កសិ-ទេសចរណ៍ និងវប្បធម៌សហគមន៍ ដើម្បីទាក់ទាញអន្តរជាតិ

05/12/2021 1:00 pm មណ្ឌលគីរី

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យវិស័យឯកជន និងមន្ទីរទេសចរណ៍ បង្កើនផលិតផលទេសចរណ៍ ដូចជាកសិ-ទេសចរណ៍ និងបង្ហាញវប្បធម៌តាមសហគមន៍  ដើម្បីជាចំណីអារម្មណ៍ថ្មីដល់ភ្ញៀវអន្តរជាតិ។ លោក ថោង ខុន លើកឡើងថា៖ «បើសិនយើងធ្វើរឿងនេះបាន យើងនឹងមានលទ្ធភាពប្រកួតជាមួយប្រទេសជិតខាងបាន»។



ក្រសួងទេសចរណ៍កំពុងពង្រឹងផ្នែកបដិសណ្ឋារកិច្ចបន្ថែមនៅតំបន់ឆ្នេរ និងខេត្តសៀមរាប ដែលជាទិសដៅសំខាន់ សម្រាប់ទទួលភ្ញៀវអន្តរជាតិ។ បន្ថែមពីនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានមើលឃើញពីសក្តានុពលនៃចម្ការផ្លែឈើ និងបន្លែរបស់កសិករ ដែលអាចបង្កើតជាតំបន់កសិ-ទេសចរណ៍ និងមានភាពទាក់ទាញខ្លាំងសម្រាប់ទេសចរអន្តរជាតិ។

លោក ថោង ខុន លើកឡើងដូច្នេះថា៖ «យើងត្រូវពង្រីកកសិ-ទេសចរណ៍ ទេសចរណ៍ជនបទ ត្រូវតែខិតខំធ្វើ។ នៅកន្លែងកសិ-ទេសចរណ៍ខ្លះគួរតែមានការច្នៃប្រឌិត ឱ្យមានការទាក់ទាញ ដូចជាមានកន្លែងដាំដំណាំអីមួយ ហើយឱ្យភ្ញៀវបេះខ្លួនឯង។ អ្នកមានចម្ការផ្កាអី ថ្ងៃសីល ឬបុណ្យទាន ឱ្យគេចូលកាច់ផ្កាថ្វាយព្រះ ហើយគេបានចូលលេងកម្សាន្តទីនោះផង»។

ការបង្កើតឱ្យមានតំបន់កសិ-ទេសចរណ៍បន្ថែម អាចឱ្យម្ចាស់ចម្ការរកចំណូលបានតាមរយៈការលក់កសិផលនៅនឹងកន្លែង ព្រមទាំងទទួលបានចំណូលពីការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ តែម្ចាស់ចម្ការត្រូវមានចំណេះដឹងផ្នែកបដិសណ្ឋារកិច្ច និងការរៀបកន្លែងកម្សាន្តឱ្យមានភាពច្នៃប្រឌិត ព្រមទាំងប្លែកភ្នែកដល់ទេសចរ។

ក្រៅពីបង្កើនតំបន់កសិ-ទេសចរណ៍ ការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីវប្បធម៌តាមសហគមន៍ក៏ជាចំណីអារម្មណ៍របស់អ្នកទេសចរផងដែរ ជាពិសេសភ្ញៀវអន្តរជាតិ ដែលចង់សិក្សា ស្វែងយលពីវប្បធម៌ខ្មែរ។ ជាពិសេសប្រជាជនកម្ពុជា មានវប្បធម៌ប្លែកៗពីគ្នាតាមតំបន់ និងសហគមន៍។ ជាក់ស្ដែងដូចជាវប្បធម៌ជនជាតិដើមភាគតិច វប្បធម៌ប្រជាជនតំបន់អង្គរ និងវប្បធម៌អ្នកនៅទីក្រុង។

«វប្បធម៌ដែលសម្បូរបែប គឺវប្បធម៌សហគមន៍ ពេលខ្លះយើងមិនបានយល់អស់ទេ។ យើងអត់បានគាស់បង្ហាញដោយសារ យើងមិនបានយល់អស់។ ខ្ញុំគិតថាសហគមន៍អាចធ្វើព្រឹត្តការណ៍វប្បធម៌ ព្រឹត្តិការណ៍កីឡា នៅតាមគោលដៅទេសចរណ៍បាន ហើយទាក់ទាញណាស់។ វៀតណាមគេពូកែណាស់ លើរឿងនេះ គេគ្មានអង្គរវត្តផង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ថោង ខុន។

ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឧទាហរណ៍ពីប្រទេសវៀតមណាម ដែលបានបង្ហាញវប្បធម៌របស់គេតាមរយៈការបង្កើតព្រឹត្តិការណ៍កីឡាដូចជា ការជល់ក្របី និងជល់ចង្រិត ហើយទាក់ទាញទេសចរអន្តរជាតិជាច្រើនឈរមើល។ បើសិនវិស័យឯកជន ឬមន្ទីរទេសចរណ៍ខិតខំបង្កើតផលិតផលទេសចរណ៍ឱ្យមានភាពច្នៃប្រឌិតនោះ កម្ពុជាអាចជំរុញទេសចរផ្ទៃក្នុង និងទេសចរអន្តរជាតិបាន។ លោក ថោង ខុន អះអាងថា៖ «បើសិនយើងធ្វើរឿងនេះបាន យើងនឹងមានលទ្ធភាពប្រកួតជាមួយប្រទេសជិតខាងបាន »៕

 

ព័ត៌មានទាក់ទង