គម្រោងវិនិយោគថ្មីចំនួន១៤ ទំហំទឹកប្រាក់ជាង៥០០លានដុល្លារ ត្រូវបានCDCអនុម័ត

13/11/2021 11:00 am ភ្នំពេញ

ដោយ៖ ថ្មីៗ២៥

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រេចឱ្យក្រុមហ៊ុនចំនួន១៤ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកែច្នៃផ្លែឈើ រោងចក្រដំឡើងរថយន្ត និងសាងសង់ខ្សែបណ្តាញអគ្គិសនីជាដើម នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ បើតាមCDCក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគប្រមាណ៥០០លានដុល្លារ ដែលអាចបង្កើតឱកាសការងារជូនពលរដ្ឋបានដល់ជិត១,៤ម៉ឺនកន្លែង។


 
គម្រោងវិនិយោគថ្មីចំនួន១៤ទៀត ដែលទំហំទឹកប្រាក់សរុប៥៣០លានដុល្លារ ត្រូវបានCDCអនុម័ត។ នេះបើយោងតាមការចុះផ្សាយរបស់CDC នាព្រឹកថ្ងៃទី១២វិច្ឆិកា ដោយបានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, គម្រោងបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តមាន២, គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីមាន២ ខណៈក្រុមហ៊ុន៣ទៀត គ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ, រោងចក្រផលិតទឹកបរិសុទ្ធ និងរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់។ 

ក្រុមហ៊ុនទាំង១៤ដែលCDC អនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគនោះ មាន៖ ក្រុមហ៊ុន SMART TEX GARMENT (CAMBODIA), ក្រុមហ៊ុន REMONDA (CAMBODIA) APPAREL, ក្រុមហ៊ុន WTX LEADING FASHION និងក្រុមហ៊ុន HENGWIN (CAMBODIA) GARMENT នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល។ រោងចក្ររបស់ក្រុមហ៊ុនទាំង៤នេះ អាចបង្កើតការងារឱ្យបានជាង៦ពាន់កន្លែង ខណៈរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុនCATHAYA INDUSTRY (CAMBODIA) អាចបង្កើតការងារបានចំនួន ១ ៦៤៧កន្លែង។ 
 
ជាមួយគ្នានេះ ក្រុមហ៊ុន JW ZHONGRUN (CAMBODIA) GARMENT នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ដែលអាចបង្កើតការងារបានចំនួន ១, ៦៤៨កន្លែង និងគម្រោងបង្កើតរោងចក្រផលិតកាបូប របស់ក្រុមហ៊ុនCLOTHO (CAMBODIA) អាចបង្កើតការងារបានជាង១ពាន់។
 
ដោយឡែកក្រុមហ៊ុន SCHNEITEC WESTERN នឹងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក្រោមទុននវិនិយោគចំនួន១១១លានដុល្លារ ខណៈក្រុមហ៊ុននេះក៏ត្រូវបានCDC អនុញ្ញាតឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ ក្រោមទុនទំហំទឹកប្រាក់៣៣០លានដុល្លារ ផងដែរ។  គម្រោងរបស់ក្រុមហ៊ុន អាចបង្កើតការងារបានជាង២០០កន្លែង។
 
ក្រៅពីនេះCDC បានអនុម័យឱ្យក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA)  បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមទំហំវិនិយោគ២១លានដុល្លារ ខណៈ EM AUTOMOBILE ត្រូវបានCDC ឱ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមទុនវិនិយោគ១៦,៣លានដុល្លារ។ បើតាមCDCក្រុមហ៊ុនទាំង២នេះ អាចការងារបានជិត១ពាន់កន្លែង។ 
 
CDC ក៏បានសម្រេចឱ្យក្រុមហ៊ុនHUN TY REAL ESTATE បង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារវេចខ្ចប់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទំហំវិនិយោគ១៧,២លានដុល្លារ, សម្រេចឱ្យក្រុមហ៊ុន KULARA WATER បង្កើតរោងចក្រផលិតទឹកបរិសុទ្ធ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រោមទំហំវិនយោគ៥,៦លានដុល្លារ និងសម្រេចឱ្យក្រុមហ៊ុន SUN PLEASURE (CAMBODIA) បង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ៩លានដុល្លារ៕ 

 

ព័ត៌មានទាក់ទង