អ្នកស្រី ប៉ុន សោភ័ណ យកផ្ទះបាយជាកន្លែងដុតនំលក់ ដើម្បីរៀនរស់ក្នុងរបត់ថ្មីនៃអាជីវកម្ម

12/11/2021 11:00 am ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកស្រី ប៉ុន សោភណ័ អតីតអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិ បានសម្រេចចិត្តឈប់ពីការងារ មកគ្រប់គ្រង និងបង្កើតយីហោ ឃ្វីន ខេក ដែលផ្គត់ផ្គង់នំរសជាតិទុរេន។ មូលហេតុដែលអ្នកស្រី ចាប់យករបរថ្មីនេះ ព្រោះចង់ផ្ដល់ពេលវេលាមើលថែកូន និងចង់រៀនរស់ក្នុងរបត់ថ្មីនៃអាជីវកម្ម។ អតីតអ្នកសារព័ត៌មានរូបនេះ បានយកផ្ទះបាយរបស់ខ្លួន ច្នៃជាកន្លែងដុតនំសម្រាប់លក់ជូនអតិថិជន ដែលជាផ្នែកមួយជួយកាត់បន្ថយការចំណាយដូចជា ថ្លៃជួលហាង និងចំណាយបុគ្គលិកជាដើម។

  

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ប៉ុន សោភណ័ ម្ចាស់យីហោ ឃ្វីន ខេក ដូចតទៅ៖
 
«ពីអ្នកសារព័ត៌មានស្រ្តី ក្លាយជាម្ចាស់អាជីវកម្មថ្មីថ្មោង»

ជាង៥ឆ្នាំនៃបទពិសោធ ជាអ្នកសារព័ត៌មានស្រ្តី នៅសា្ថប័នព័ត៌មានល្បីមួយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន អ្នកស្រី ប៉ុន សោភ័ណ ក្លាយជាស្ថាបនិក ឃ្វីន ខេក ដែលផ្តោតសំខាន់លើការផលិតនំចំណីច្រើនរសជាតិពីផ្ទះបាយ និងជាអ្នកគ្រប់គ្រងទូទៅហាង ស្តេចទុរេន ដែលតែងតែជួយជ្រោមជ្រែងនៅក្នុងវិស័យកសិកម្ម។ ផ្លាស់ប្ដូរជីវិតពីអ្នកធ្វើការឱ្យគេ មកគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង អ្នកស្រី សោភ័ណ យល់ថា របត់ជីវិតថ្មីនេះ គឺដើម្បីមានពេលវេលាផ្តល់សុភមង្គលជូនគ្រួសារ និងការចង់ផ្លាស់ប្ដូរបទពិសោធថ្មីៗសម្រាប់ជីវិត។ តើគាត់មានការបត់បែនបរិយាកាសនៃជីវិតគ្រួសារ និងការងារដូចម្តេច? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ វាគ្មិន អ្នកស្រី ប៉ុន សោភ័ណ ស្ថាបនិក ឃ្វីន ខេក ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងចូលរួមទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន អ្នកស្រី ប៉ុន សោភណ័ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» ដូចតទៅ៖

Posted by គំនិតថ្មី-New IDEAS on Thursday, November 4, 2021


ក្រោយលាឈប់ពីអាជីពសារព័ត៌មាន អ្នកស្រី ប៉ុន សោភណ័ បានក្លាយជាអ្នកគ្រប់គ្រងហាងផ្លែឈើស្ដេចទុរេន ដែលជាហាងរបស់ស្វាមីអ្នកស្រី។ ដោយមើលឃើញពីតម្រូវការនៃការបរិភោគទុរេនរបស់អតិថិជនមានការកើនឡើង ពិសេសចង់លើកស្ទួយផលិតផលក្នុងស្រុក អ្នកស្រី សោភ័ណ មានគំនិតច្នៃទុរេនទៅជានំ និងបង្កើតយីហោថ្មី គឺឃ្វីន ខេក។ 

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ អ្នកស្រី ប៉ុន សោភ័ណ បានឱ្យដឹងថា នំទាំងអស់ដែលលក់ជូនអតិថិជន កើតឡើងពីការដុតដោយផ្ទាល់ដៃ និងដុតចេញពីផ្ទះបាយរបស់អ្នកស្រីតែម្តង។ ក្នុងមួយថ្ងៃអ្នកស្រីដុតនំបានពីចន្លោះ ២០ ទៅ ៣០នំ ហើយរសជាតិមានភាពប្លែកៗគ្នា ដែលសុទ្ធសឹងតែចម្រាញ់ចេញពីសាច់ទុរេនខ្មែរ។ នំរសជាតិទុរេនរបស់អ្នកស្រី សោភ័ណ មានតម្លៃ ៧.៥០ ដុល្លា សម្រាប់ខ្នាតតូច, តម្លៃ ១២ដុល្លារ ខ្នាតកណ្ដាល និងតម្លៃ ២០ ដុល្លារ ខ្នាតធំ។



ស្រ្តីសម្បុរសស្តើងរូបនេះ លើកឡើងថា៖ «នាងខ្ញុំ និងស្វាមីមានការផ្គត់ផ្គង់ទុរេនខ្មែរជាច្រើន ពិសេសលើទីផ្សាររាជធានីភ្នំពេញ ហើយនៅពេលវាទុំច្រើន គឺយើងចែកចាយតាមបណ្តាហាងមួយចំនួនក្នុងការយកទៅផលិតនំផ្សេងៗ។ ដូច្នេះនាងខ្ញុំចង់សាកល្បងប្រើប្រាស់សាច់ទុរេនដែលមានក្នុងដៃនេះ ឱ្យអស់លទ្ធភាព តាមរយៈក្តីស្រឡាញ់ និងចង់មានពេលវេលាមើលថែទាំកូនតូចៗពីនាក់ក្នុងដៃផងដែរ»។ 
អតីតអ្នកសារព័ត៌មានរូបនេះ បន្តថា ការសម្រេចចិត្តចាប់ផ្តើមអាជីពថ្មីក្នុងបរិយាកាសអ្នកជំនួញ ព្រោះចង់ទទួលបានបទពិសោធន៍ថ្មីៗក្នុងជីវិតការងារ។ ជាមួយគ្នានេះ អ្នកស្រី មានស្វាមីជាសហគ្រិន ចាំជួយបំពេញបន្ថែមនូវចំណុចខ្វះខាតផងដែរ។ ក្រោយមានការគាំទ្រពីអតិថិជន ស្រ្តីវ័យ៣២ឆ្នាំរូបនេះ មានបំណងបន្ថែមនូវការផលិតនំច្រើនប្រភេទទៀត ដើម្បីប្រកួតប្រជែងជាមួយនំបរទេសដែលហូរចូលទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន៕
  
 
 
 


 

ព័ត៌មានទាក់ទង