ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ ដី ទឹក និងខ្យល់ កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ពីការបំពុលនានា ហើយកត្តាចម្បងនៃការបំផ្លាញសុខភាពដី ទឹក និងខ្យល់នោះ គឺមនុស្ស។ មនុស្សកំពុងបំផ្លាញភពរបស់ខ្លួនដោយមិនដឹងខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការប្រចាំថ្ងៃ តាមរយៈការធ្វើឧស្សាហកម្ម និងកសិកម្ម និងការបង្កើនសំណល់ដ៏ច្រើនមហិមា។
ការបំពុល ជាការកែប្រែមជ្ឈដ្ឋានជីវិត ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់លំនឹងធម្មជាតិ សុខភាពរបស់ភាវៈរស់ និងចំនួនប្រភេទភាវៈរស់ទាំងនោះ។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «បរិស្ថានយើង» ជាទូទៅ ការបំពុលបណ្តាលមកពីសារធាតុពុល សារធាតុគីមី ឬមេរោគដ៏ច្រើនលើសលប់ នៅក្នុងខ្យល់ ទឹក ដី ចំណី និងអាហារ។
សំរាមនៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងត្បូងផ្សារព្រៃទទឹង។ រូបភាពដោយ ហុង ស្រីណា
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងរបៀបរស់នៅខុសៗគ្នារបស់ខ្លួន មនុស្សយើងអភិវឌ្ឍន៍សកម្មនានា ជាពិសេសសកម្មភាពឧស្សាហកម្ម និងកសិកម្ម។ ជាអកុសល សកម្មភាពទាំងនោះ បែរជាបំផ្លាញធនធានធម្មជាតិ និងធ្វើឲ្យខូចបរិស្ថានទៅវិញ។ ជាក់ស្តែង ឧស្សាហកម្ម ជាមូលហេតុចម្បងមួយ នៃការបំពុលទឹក ព្រោះធាតុគីមីដែលបញ្ចេញចោលទៅក្នុងបឹង ទន្លេ ឬសមុទ្រ។ សារធាតុទាំងនោះ មានផ្ទុកអាស៊ីត អ៊ីដ្រូកាបូ លោហៈធ្ងន់(សំណ) ដែលវាកំពុងរាំងស្ទះ ដំណើរការប្រព្រឹតទៅធម្មតារបស់ធម្មជាតិ និងបំផ្លាញសុខភាពមនុស្សគ្រប់រូប។
ការបំពុលដោយកសិកម្ម ក៏កំពុងប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាស និងដីផងដែរ។ កសិករជាច្រើនព្យាយាមផលិតឲ្យកាន់តែច្រើន កាន់តែល្អ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ ដូច្នេះ កសិករត្រូវប្រើគីមី ដែលជួយឲ្យដំណាំលូតលាស់រហ័ស និងប្រើថ្នាំកម្ចាត់ពពួកផ្សិត ស្មៅចង្រៃ ដង្កូវ និងសត្វល្អិត។ ជី និងថ្នាំទាំងនោះ មានផ្ទុកសារធាតុពុល ដែលហើរទៅក្នុងខ្យល់ និងហូរចូលទៅក្នុងតាមទឹកភ្លៀង ដែលវាអាចបំពុលដី ផ្លូវទឹក និងដង្ហើមទឹក ដែលជួនកាលហូរចូលប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រើប្រាស់ក្នុងក្រុងផងដែរ។ ជាងនេះទៅទៀត សារធាតុទាំងនោះ ក៏បំផ្លាញរុក្ខជាតិ និងសត្វល្អិត ដែលមិនមែនជាសត្វចង្រៃដូចឃ្មុំជាដើម។ ចំណែក កសិករដែលចិញ្ចឹមសត្វ ដូចជាកសិដ្ឋានជ្រូក បានបង្កើតឲ្យមានទឹកនោម និងលាមកសត្វជាច្រើនបំពុលខ្យល់ បំពុលដី និងបង្ករក្លិនអាក្រក់ ដល់អ្នករស់នៅតំបន់នោះ។
ក្រៅពីបញ្ហាខាងលើ បញ្ហាកំពុងប្រឈមខ្លាំងនៅកម្ពុជា គឺការបោះចោលសំណល់គ្មានរបៀប និងមិនបែងចែកឲ្យបានត្រឹមត្រូវ។ សំណល់មួយភាគធំ កើតចេញពីការប្រើប្រាស់ និងពីជីវិតប្រចាំថ្ងៃ។ ការបោះចោលសំបកកញ្ចប់ផ្សេងៗ ផលិតផលគីមី បោកគក់សម្លៀកបំពាក់ ឬលាងចាន ក៏ជាការបំពុលទឹក និងដីផងដែរ។
ចំពោះការបោះចោលសំរាមវិញ នៅអឺរ៉ុប ប្រជាជនញែកសំរាមចេញពីគ្នាបានត្រឹមត្រូវ និងបានយកទៅកែច្នៃជាថ្មី ប៉ុន្តែប្រជាជនកម្ពុជាមួយភាគធំ មិនបែងចែកសំណល់ឡើយ។ ពួកគេតែងយកធម្មជាតិ ជាធុងសំរាម។ ជាក់ស្តែង នៅតាមបណ្តោយដងផ្លូវនានា យើងតែសង្កេតឃើញមានសំរាមជាច្រើន តាមចិញ្ចើមថ្នល់ ដែលវាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសោភ័ណភាពផ្លូវ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com