គ្រួសារ​​លោក សឿន ប៊ុន នៅរក្សាទម្លាប់គោះឫស្សីដើម្បី​​ពពាយនាយលក់គុយទាវ

02/01/2022 3:00 pm ភ្នំពេញ


ដោយ: ឡាយ សុភាវតី
ភ្នំពេញ៖ លោក សឿន ប៊ុន ជាអ្នកលក់គុយទាវឫស្សីគោះមុនអស់រយៈពេលជិត១០ឆ្នាំ បានសង្កេតឃើញថា ពលរដ្ឋបច្ចុប្បន្ន នៅតែនិយមទិញគុយទាវឫស្សីគោះនេះ ព្រោះពួកគេចងចាំសំឡេងឬស្សីគោះដែលជាអត្តសញ្ញាណគុយទាវជំនាន់មុន។ បើទោះបី ស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាងណា ក៏លោកនៅតែអាចលក់បានពី៧០ទៅ៨០ចានក្នុងមួយថ្ងៃ។


 

លោក សឿន ប៊ុន ដែលជាអ្នកលក់គុយទាវឫស្សីគោះក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ សង្កេតឃើញថា សម័យឥឡូវមានឧបករណ៍បំពងសំឡេងនិងសម្បូរអ្នកគុយទាវជាហូរហែ ប៉ុន្តែពលរដ្ឋនៅគ្រប់ទីកន្លែងភាគច្រើននៅតែនិយមគុយទាវឬស្សីគោះដដែរ។ អ្នកលក់រូបនេះ បញ្ជាក់ថា ការនិយមនេះ ក៏ដោយសារការលក់គុយទាវជំនាន់មុន គេប្រើសញ្ញាសម្គាល់នៃសំឡេងគោះឫស្សី។
 

«គោះឫស្សីអ៊ីចឹង  លក់ដាក់ជាងមេក្រូ(ឧបករណ៍បំពងសំឡេង)។ បើដាក់មេក្រូក៏លក់អត់សូវដាច់ដែរ។ បើវិភាគទៅ គឺគេចូលចិត្តរបស់ជំនាន់មុន! ជំនាន់ឥឡូវគេអត់សូវចូលចិត្តទេ»។ នេះបើតាមការលើកឡើងរបស់លោក ប៊ុន ដោយបន្ថែមថា នៅបរិបទកូវីដ-១៩នេះ ក្នុងមួយថ្ងៃលោក អាចលក់បានពី៧០ទៅ៨០ចាន។ 

ជាអ្នកលក់គុយទាវអស់រយៈពេលជិត១០ឆ្នាំមកនេះ លោក ប៊ុន បានលក់គុយទាវចល័តជាច្រើនកន្លែង ពោលគឺធ្លាប់លក់នៅខេត្តកោះកុង ព្រះសីហនុ បន្ទាយមានជ័យជាដើម។ ការផ្លាស់ប្ដូរពីខេត្តមួយទៅខេត្តនេះ ធ្វើឡើងតាមការរៀបចំរបស់ថៅកែដែលជាអ្នករៀបចំគោលដៅទីផ្សារ។ សម្រាប់គ្រប់យ៉ាង គឺខាងថៅជាអ្នករៀបចំទាំងគ្រឿងគុយទាវ និងក្មេងៗជួយគោះឫស្សីតាមភូមិ។ 



ឈរស្រុសគុយទាវបណ្ដើរ បន្តប្រាប់សារព័ត៌មានថ្មីៗបណ្ដើរថា កាលពីមិនទាន់មានកូវីដ-១៩ ក្នុងមួយថ្ងៃលោកអាចលក់បានជាង១០០ចានក្នុងមួយថ្ងៃ។ គុយទាវមួយចាន៥០០០រៀល ហើយលោកទទួលបានផលចំណេញ១០០០រៀល។ 
ជាមួយគ្នាដែរ ក្មេងៗដែលតាមរទេះភាគច្រើនគឺទំនេរពីសិក្សា ទើបចុះជួយគោះឫស្សីគ្រាន់បានចំណូលសម្រាប់ចាយវាយ។ បើតាមក្មេងប្រុស ឈឿន រដ្ឋា ដែលជាអ្នកគោះឫស្សី បានឲ្យដឹងថា ក្នុងរទេះគុយទាវមួយ គឺមានក្មេងប្រមាណ២ទៅ៤នាក់ សម្រាប់ដើរគោះឫស្សីតាមផ្លូវតូចៗក្នុងភូមិ។ 

«គាត់(លោក ប៊ុន)អត់មានគ្នាជួយលក់ ទើបខ្ញុំដើរគោះឫស្សីជួយលក់គាត់ ដល់ពេលថ្ងៃចូលរៀនវិញបានចូលរៀន…ខ្ញុំជួយលក់បានបីខែហើយ»។ នេះបើតាម រដ្ឋា ដោយបន្ថែម នៅពេលមានភ្ញៀវទិញ ទើបដើរទៅរករទេះគុយទាវនិងរៀបចំយកគុយទាវយកត្រឡប់ឲ្យភ្ញៀវវិញ។ ក្នុងដៃកាន់ជាប់ដោយបន្ទះឫស្សី បានបន្តថា រាល់ថ្ងៃខ្លួនចាប់ផ្ដើមដើរគោះឫស្សីចាប់ពីម៉ោង១រសៀល ដល់ម៉ោងជាង១០យប់៕ 


 

ព័ត៌មានទាក់ទង