ហេតុអ្វីដូនតាខ្មែរប្រើ «ឈើសើម» នៅតាមធ្នឹម ឬលម្អជាពិដានក្នុងប្រាសាទ?

13/04/2022 5:00 pm សៀមរាប


ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ ក្នុងការសាងសង់ប្រាសាទថ្មដ៏ធំស្កឹមស្កៃ ដូនតាខ្មែរក៏បានប្រើប្រាស់ឈើនៅតាមធ្នឹម ឬលម្អជាពិដានក្នុងប្រាសាទផងដែរ។ អ្នកជំនាញបានលើកឡើងថា ឈើដែលត្រូវបានយកមកប្រើប្រាស់ទាំងនោះ ជាពិសេសឈើធ្នឹម គឺជាប្រភេទឈើសើម។ តើហេតុអ្វី បានជាដូនតាយើងប្រើប្រាស់ឈើនេះក្នុងសំណង់ប្រាសាទខ្មែរ?




ព័ត៌មានពិស្ដារ សូមទស្សនានូវកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឃាម មុនី ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ឃាម មុនី មានប្រសាសន៍ថា ដូនតាខ្មែរបានប្រើឈើជើងចាប និងឈើតាត្រាវ ដែលជាប្រភេទឈើសើម ជាធ្នឹមនៃតួប្រាសាទ។ លោក មុនី បន្ថែមថា តួយ៉ាងនៅខ្លោងទ្វារតាកាវ ឬខ្លោងទ្វារខាងលិចក្រុងអង្គរធំ គឺជាប្រភេទឈើជើងចាប ដែលជាប្រភេទឈើសើម។
 
លោក ឈាម មុនី ពន្យល់ទៀតថា មូលហេតុដែលដូនតាខ្មែរប្រើឈើសើមនេះ ព្រោះទាក់ទងនឹងសាសនាផង និងផ្នែកវិទ្យាសាស្រ្ដផង។ ស្ថាបត្យករ លោក ឃាម មុនី ពន្យល់ថា មានធាតុផ្សំមួយចំនួនដែលដូនតាខ្មែររៀបចំនៅតាមប្រាសាទនានាក្នុងនោះក៏មានឈើសើមមួយផងដែរ ហើយតាមប្រាសាទនីមួយៗកម្រមានរន្ទះបាញ់ណាស់ ទាល់តែវាបាត់បង់ធាតុផ្សំណាមួយ។
 
បច្ចុប្បន្ន នៅពេលដែលមានការអភិរក្ស និងជួសជុលខ្លោងទ្វារតាកាវឡើងវិញ ទើបអ្នកជំនាញបានដកឈើជើងចាប ដែលប្រើជាធ្នឹមចេញ ដោយជំនួសឈើថ្មីវិញ គឺប្រភេទឈើតាត្រាវ ដែលតែងប្រើក្នុងសំណង់ប្រាសាទផងដែរ។ ដោយសារអាយុកាល ឈើធ្នឹមនៃខ្លោងទ្វារតាកាវ មានភាពផុកផុយខ្លាំង ដែលបង្ខំឱ្យអ្នកអភិរក្ស ដូរឈើថ្មី។ យ៉ាងណាក៏ដោយ ឈើនេះត្រូវបានយកទៅអភិរក្សទុក ដើម្បីបង្ហាញសាធារណជនឱ្យបានដឹងពីប្រវត្តិរបស់វា។ ឈើនេះ ត្រូវបានលាបជ័រចុង និងជ័រទឹកមានពណ៌ខ្មៅ ដើម្បីរក្សាគុណភាព ក៏ដូចជាមិនឱ្យសត្វល្អិតស៊ីតទៅទៀត៕

ព័ត៌មានទាក់ទង