រដ្ឋបាល​ខេត្តក្រចេះ ចាប់ផ្ដើម​ទទួល​ពាក្យស្នើសុំ​សិទ្ធិ​ប្រកប​អាជីវកម្ម​ពិឃាតសត្វ និង​ប្រមូល​ទិញ​សត្វ 

22/10/2021 5:30 pm ក្រចេះ

​ដោយ​៖ ស៊ុ​ល រ៉​វី​
​រដ្ឋបាល​ខេត្តក្រចេះ ផ្ដល់ដំណឹង​ឱ្យ​ពលរដ្ឋ និង​អាជីវករ​ដែលមាន​បំណង ឬ​ប្រកប​អាជីវកម្ម ពិឃាតសត្វ និង​ប្រមូល​ទិញ​សត្វ ក្នុង​ខេត្តក្រចេះ​ទាំងអស់ ឱ្យ​ដាក់ពាក្យ​ស្នើសុំ​បើក ឬ​បន្ត​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​សម្រាប់​ឆ្នាំ​២០២២ ខណៈ​លិខិតអនុញ្ញាត​អាជីវកម្ម​ឆ្នាំ​ចាស់ នឹង​ផុតកំណត់​នៅ​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ​។



​ពលរដ្ឋ​ដែលមាន​បំណង ឬ​បន្ត​អាជីវកម្ម​ពិឃាតសត្វ ឬ​ប្រមូល​ទិញ​សត្វ ត្រូវ​ទៅ​បំពេញបែបបទ និង​ដាក់​ពាក្យសុំ​ធ្វើ​អាជីវកម្ម​នៅ អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តក្រចេះ​។ បើតាម​រដ្ឋបាល​ខេត្តក្រចេះ ការទទួល​ពាក្យស្នើសុំ គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៥​កន្លះ​ល្ងាច​។ 

​ចំពោះ​លក្ខខណ្ឌ​ដែល​អាច​ស្នើសុំ​បើក​អាជីវកម្ម ឬ​បន្តបាន ពលរដ្ឋ​ត្រូវមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​, ការធ្វើ​អាជីវកម្ម​មាន​រយៈពេល​១​ឆ្នាំ​, ការធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ត្រូវមាន​លិខិតអនុញ្ញាត​ចេញ​ដោយ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត​, អាជីវករ​ត្រូវ​ភ្ជាប់​លិខិតបញ្ជាក់​ទីតាំង ដែល​ទទួលស្គាល់ ឬ​អនុញ្ញាត​ដោយ​អាជ្ញាធរ​ឃុំ​ឬ​សង្កាត់ និង​ក្រុង​ឬ​ស្រុក និង​អាជីវករ​ដែល​ទទួលបាន​លិខិតអនុញ្ញាត ត្រូវ​ធ្វើតាម​កិច្ចសន្យា​ស្ដីពី​អាជីវកម្ម​របស់ខ្លួន​។ 

​ដោយឡែក​សំណុំបែបបទ​ដែល​ត្រូវបំពេញ​រួមមាន ពាក្យសុំ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ពិឃាតសត្វ ឬ​ប្រមូល​ទិញ​សត្វ ២​ច្បាប់​, ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត​ទំហំ ៤​គុណ​៦ ដោយមាន​ចុះ​ទិដ្ឋាការ​ពី​មេឃុំ​ឬ​ចៅសង្កាត់ ២​ច្បាប់​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​គ្រួសារ​ថតចម្លង​២​ច្បាប់​, កិច្ចសន្យា​ស្ដីពី​ការធ្វើ​អាជីវកម្ម​ពិឃាតសត្វ ឬ​ប្រមូល​សត្វ ២​ច្បាប់ និង​ប័ណ្ណ​ពន្ធ​ប៉ាតង់​ឆ្នាំ​២០១៩​ថតចម្លង​២​ច្បាប់ ចំពោះ​អាជីវ​ករចាស់ ។ 

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ ០៩៧ ៩៩៥៣ ៧៤៧, ០៩៧ ៧០០០ ៤០០ និង ០១៧ ៣៣២ ៥៥២ រៀងរាល់​ម៉ោង​ធ្វើការ​៕

ព័ត៌មានទាក់ទង