សាលា​បឋមសិក្សា​ក្រវ៉ា​ន់​ខេត្តសៀមរាប ជាប់​ជ័យលាភី​ជា​សាលា​មេត្រី​បរិស្ថាន​

22/10/2021 4:30 pm សៀមរាប

​ដោយ​៖ ប៉ូ សុភា 
​ភ្នំពេញ​៖ សាលាបឋមសិក្សា​ក្រវ៉ា​ន់ ស្ថិតនៅ​សង្កាត់​អង្គរធំ ក្រុង​សៀមរាប បាន​ជាប់​ជ័យលាភី​ជា​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី​៣ ដោយ​ទទួលបាន​ប្រាក់​៤​លាន​រៀល ពី​ក្រសួងបរិស្ថាន​នៅ​ឆ្នាំ​២០២១​។ សកម្មភាព​នៃ​ការប្រកួតប្រជែង​នេះ បានធ្វើឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មានចំណេះដឹង​ផ្នែក​បរិស្ថាន ដើម្បី​យកមកអនុវត្ត​នៅក្នុង​សហគមន៍​បន្ត​។



​សាលាបឋមសិក្សា​ក្រវ៉ា​ន់ ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​អង្គរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ទទួលបាន​ជ័យលាភី​ប្រាក់​៤​លាន​រៀន ក្នុងការ​ប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី​៣ ឆ្នាំ​២០២១​។ នេះ​បើតាម​ក្រសួងបរិស្ថាន​ថ្ងៃទី​២១ ខែតុលា​។​

​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ការគ្រប់គ្រង​អនាម័យ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​ការរៀបចំ​ឲ្យ​សាល​រៀន និង​ភូមិដ្ឋាន​ស្អាត​នៅតាម​សហគមន៍ បានបង្ហាញ​ពី​ស្មារតី​ចេះ​ទទួលខុសត្រូវ​ចំពោះ​ការស្រឡាញ់ និង​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​។ «​វា​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​កូនចៅ​យើង​គ្រប់ៗ​គ្នា​។ ការប្រកួតប្រជែង​សាលា​មេត្រី​បរិស្ថាន បានផ្តល់​ចំណេះដឹង​បរិស្ថាន​បន្ថែម ដល់​សាធារណៈជន​ក្នុងការ​គ្រប់គ្រង​អនាម័យ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅតាម​សហគមន៍​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​»​។ នេះ​ជាការ​បកស្រាយ​របស់ សៅ សុភាព​។ 

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រួប​នេះ បាន​បន្ថែមថា ការប្រកួតប្រជែង​សាលា​មេត្រីភាព​បរិស្ថាន​ត្រូវ អនុលោម​ទៅតាម​ក្របខណ្ឌ​ការងារ​អាស៊ាន​ស្តីពី​សាលា​មេត្រី​បរិស្ថាន​។ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឱ្យមាន​ការណែនាំ ដោយ​ផ្តោតលើ​លក្ខណៈវិនិច្ឆ័យ​មួយចំនួន​ដូចជា​៖ មាន​គោលការណ៍ និង​រដ្ឋបាល​របស់​សាលា​លើ​ការងារ​បរិស្ថាន​, មានការ​បង្រៀន​មេរៀន​បរិស្ថាន និង​សកម្មភាព​អប់រំ​បរិស្ថាន​, មាន​សម្ភារ​បរិក្ខារ​អប់រំ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រតិបត្តិ​បរិស្ថាន​, មាន​ភាពជា​ដៃគូ​ជាមួយ​អ្នកពាក់ព័ន្ធ និង​ការផ្សព្វផ្សាយ​តាម​សហគមន៍ និង​មាន​សូចនាករ​ណ៍រ​វាស់វែង​ចំនួន​១៨​។ 

​បើតាម​លោក សៅ សុភាព ក្រសួងបរិស្ថាន រួមជាមួយ​ក្រសួង​នានា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ជំ​រុញឱ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រួប​នេះ លើកទឹកចិត្ត​ឲ្យ​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សហគមន៍ បន្ត​ចូលរួម​ក្នុង​សកម្មភាព​មេត្រី​បរិស្ថាន​នេះ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ស្រស់បំព្រង​ផងដែរ​។​

​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​ជាតិ ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១៧ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន អនុម័ត​សេចក្តីណែនាំ​ថ្នាក់ជាតិ​ស្តីអំពី ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន ដោយ​អនុលោម​តាម​គោលការណ៍​ណែនាំ និង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​អាស៊ាន​៕ 

ព័ត៌មានទាក់ទង