សត្វស្លាបនៅទួលព័ន្ធតាឡី កើនឡើងរាប់ពាន់ក្បាល ខណៈព្រៃជម្រកសត្វកាន់តែរេចរឹល

21/10/2021 4:30 pm ព្រៃវែង


ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖ សត្វស្លាប នៅតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍នៅខេត្តព្រៃវែង បានកើនឡើងរាប់ពាន់ក្បាលក្នុងឆ្នាំ២០២១នេះ។ ក្នុងចំណោមនោះ ប្រភេទសត្វដែលកើនច្រើនជាងគេ រួមមាន សត្វចង្កៀលខ្ចង ខ្វែកគំនូរ ស្មោញ ក្អែកទឹក  ត្រយងខ្លួនស ទង និងកុកជាដើម។ ស្របពេលសត្វស្លាបកាន់តែកើនឡើង ព្រៃដែលជាជម្រកសត្វ ក៏កាន់តែរេចរឹលទៅៗ ព្រោះសត្វទាំងនោះកាច់ធ្វើសម្បុក។

 

លោក នួន សារ៉េត អនុប្រធានសហគមន៍សត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានឱ្យដឹងថា ចំនួននៃការកើនឡើងសត្វស្លាបនេះ លោកមិនអាចប៉ាន់ប្រមាណចំនួនជាក់លាក់ឡើយ ប៉ុន្តែអនុប្រធានសហគមន៍រូបនេះ សង្កេតតាមរយៈការកើនឡើងសម្បុក កូន និងទីតាំងព្រៃដែល ទំលើជាដើម។ ជាពិសេសនោះ ប្រភេទសត្វស្លាបមួយចំនួនដែលមិនធ្លាប់មាននៅទីតាំងនេះ  ក៏ចាប់ផ្ដើមមានផងដែរ។ 

លោក សារ៉េត បានបញ្ជាក់ដូច្នេះ៖ « ឆ្នាំមុនសត្វសង្កៀលខ្យង នៅតែលើផ្ទៃដី២ទៅ៣ហិកតាប៉ុណ្ណោះ តែឆ្នាំនេះវាទំជាង១០ហិកតា។ ចំណែកឯ ទីតាំងសត្វដេកជុំគ្នាមានជាង២០ហិកតា  ខណៈឆ្នាំមុនៗ វាតែ៤ទៅ៥ហិកតាប៉ុណ្ណោះ។ រីឯ ខ្វែកគំនូរ មិនដែលមានទេនៅឆ្នាំមុន តែឆ្នាំនេះមានចំនួនច្រើន និងកូនស្មោញ កូនក្អែកទឹក ត្រយងខ្លួនស ឃើញមានច្រើនលើសពីឆ្នាំកន្លងទៅ។ មួយវិញទៀតសត្វទងឆ្នាំមុនមានត្រឹម៣០ ទៅ ៤០ក្បាលប៉ុណ្ណោះ តែឆ្នាំនេះមានរាប់រយក្បាលនៅក្នុងតំបន់របស់យើង»។ 



បើតាម លោក សារ៉េត ដ្បិតវត្តមានសត្វស្លាបមានការកើនច្រើនក្ដី តែតំបន់នេះក៏កំពុងជួយបញ្ហារេចរឹលព្រៃជម្រកសត្វ ដែលអាចនាំឱ្យសត្វថយចុះនៅពេលក្រោយ។  លោក សារ៉េត បានបន្ថែមថា មូលហេតុដែលនាំឱ្យព្រៃរេចរឹល ដោយសារសត្វទំលើព្រៃតូចៗច្រើន មិនសូវលូត និងដើមខ្លះងាប់បន្តបន្ទាប់។ ជាពិសេស ក្នុងរដូវពងកូនសត្វចង្កៀលខ្យង សត្វត្រូវការមែកឈើកាច់ធ្វើសម្បុក ដែលជាហេតុធ្វើឱ្យបាត់បង់ព្រៃក្នុងតំបន់។ 

ដើម្បីដោះស្រាយបញ្ហារេចរឹលព្រៃតំបន់ ក្នុងឆ្នាំនេះ សហគមន៍បានដាំកូនឈើ ១៥០ដើម ដើម្បីស្ដារព្រៃឈើនៅតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ដើម្បីផ្ដល់ជម្រកដល់សត្វស្លាប៕ 
 

ព័ត៌មានទាក់ទង