យុវតី​វ័យ​២៤​ឆ្នាំ ជាស សៀង​ឡា ពី​និស្សិត​កសិកម្ម ក្លាយជា​កសិករ​គំរូ​នៅ​ខេត្តកំពង់ស្ពឺ​

21/10/2021 3:30 pm កំពង់ស្ពឺ

​ដោយ​៖ ញឹក ស្រីល័ក្ខ 

ភ្នំពេញ​៖ មាន​វ័យ​២៤​ឆ្នាំ កញ្ញា ជាស សៀង​ឡា បាន​ក្លាយជា​កសិករ​វ័យ​ក្មេង​គំរូ និង​ឆ្នើម ដែលមាន​សមត្ថភាព​លើ​ការដាំដុះ​បន្លែ និង​ចិញ្ចឹមសត្វ សម្រាប់​ផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​។ យុវតី​រូបនេះ បានចាប់ផ្ដើម​ដាំ​ដុះ​បន្លែ នៅ​ឆ្នាំ​២០១៩ គ្រា​ដែល​នាង​កំពុង​សិក្សា​ឆ្នាំ​ទី​២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ បច្ចុប្បន្ន សៀង​ឡា កំពុង​ជោគជ័យ​លើ​របរ​កសិកម្ម ដោយមាន​គម្រោង​ពង្រីក​ការដាំដុះ​បន្ថែម​ទៅ​ថ្ងៃ​អនាគត​។



​កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​ក្រាំង​ចំបក់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កញ្ញា ជាស សៀង​ឡា មាន​ចំណូលចិត្ត​លើ​វិស័យ​កសិកម្ម​ដូច​ឪពុកម្ដាយ​របស់ខ្លួន​។ ក្រោយ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សៀង​ឡា បានសម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​កសិកម្ម ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​។ 

​សៀង​ឡា រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត យ៉ាង​ដូច្នេះ​៖ «​មូល​ហេតុដែល​ធ្វើឱ្យ​ខ្ញុំ​ចាប់យក​ជំនាញ​កសិកម្ម គឺ​ដោយសារ​ខ្ញុំ​កើត​ក្នុង​គ្រួសារ​កសិករ ដូច្នេះ​ខ្ញុំ​ចង់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅក្នុង​ភូមិ​ស្រុក​ខ្ញុំ​។ ហើយ​ការអភិវឌ្ឍ​នៅក្នុង​ភូមិ​ស្រុក​ខ្ញុំ មាន​ភាពងាយស្រួល អាចធ្វើឱ្យ​ខ្ញុំ​ដាំ​ដុះ ចិញ្ចឹមសត្វ និង​បណ្ដុះ​ផ្សិត​ផ្សេងៗ ដែលជា​តម្រូវការ​ខ្លាំង​នៅក្នុង​មូលដ្ឋាន​របស់ខ្ញុំ​»​។​

កញ្ញា ជាស សៀងឡា នៅក្នុង​ផ្ទះសំណាញ់

​តាមរយៈ​ការដាំដុះ និង​ចិញ្ចឹមសត្វ​ក្នុង​មូលដ្ឋាន​នេះ យុវតី សៀង​ឡា អះអាងថា របរ​ទាំងនេះ អាចធ្វើឱ្យ​នាង​រកបាន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការ​ចំណាកស្រុក​។ ម្យ៉ាងវិញទៀត យុវតី​រូបនេះ ចង់​ធ្វើជា​គំរូ​ដល់​កសិករ​ដទៃ ពិសេស​យុវជន​ក្នុង​សហគមន៍​របស់​នាង ដែលមាន​កម្លាំង​ពេញលេញ កុំឱ្យ​ពួកគេ​ចំណាកស្រុក ដោយ​ងាក​មក​មើល​វិស័យ​កសិកម្ម​នៅក្នុង​ស្រុកភូមិ​វិញ​។​

ចាប់ផ្ដើម​ដំបូង​គ្មាន​អ្នក​លើកទឹកចិត្ត តែ​ការប្រឹងប្រែង​រហូត​បាន​ផល​ល្អ ធ្វើឱ្យ​គ្រួសារ​រីករាយ​វិញ​

​ចាប់ផ្ដើម​ដាំ​ដុះ​ដំបូង​នៅ​ឆ្នាំ​២០១៩ ក្នុងនាម​ជា​និស្សិត​ឆ្នាំ​ទី​២ យុវតី ជាស សៀង​ឡា មិនត្រូវ​បាន​ក្រុមគ្រួសារ​លើកទឹកចិត្ត​ឱ្យដាំ​ដុះ​នោះទេ​។ យុវតី សៀង​ឡា លើកឡើងថា​៖ «​ជាក់ស្ដែង នៅពេល​ចាប់​ផ្ដើមដំបូង មិនសូវមាន​ការលើក​ទឹកចិត្ត​ពី​គ្រួសារ និង​មជ្ឈដ្ឋាន​ជុំវិញ​នោះទេ​។ ដោយ​ពួកគាត់​យល់ថា យើង​ជា​និស្សិត​រៀន​ដល់​ឆ្នាំ​ទី​២​ហើយ ហេតុអ្វី​មក​ដាំ​ដុះ​ដូច​កសិករ​នៅក្នុង​ភូមិ​ដែរ ហេតុអ្វី​មិន​ទៅធ្វើ​ការងារ​អ្វី​ផ្សេង ដែលមាន​ភាពងាយស្រួល​ជាង​ការងារ​កសិកម្ម ដែល​ប្រើ​កម្លាំង​ហត់​»​។

 
កញ្ញា ជាស សៀងឡា ក្នុងពេលដែល​ម្ចាស់ជំនួយ​ចុះ​នៅទីតាំងផ្ទះសំណាញ់របស់នាង

​ពាក្យពេចន៍​ខាងលើនេះ ត្រូវបាន​យុវតី សៀង​ឡា ចាត់ទុកជា​បញ្ហា​ប្រឈម​សម្រាប់​រូបនាង​នាពេល​ចាប់​ផ្ដើមដំបូង​។ ប៉ុន្តែ​ពាក្យ​ទាំងនេះ មិន​ចោទ​ជា​បញ្ហា​ខ្លាំង ឬ​នាំឱ្យ​នាង​បាក់​ទឹកចិត្ត​ឡើយ​។ បើតាម​យុវតី​វ័យ​២៤​ឆ្នាំ​រូបនេះ ការប្រឹងប្រែង ជម្នះ​ឧបសគ្គ រហូត​ទទួលបាន​ជោគជ័យ បានធ្វើឱ្យ​គ្រួសារ និង​មជ្ឈដ្ឋាន​ជុំវិញ​មើលឃើញ​ពី​តម្លៃ​របស់​កសិកម្ម ពិសេស​គ្រួសារ​របស់​នាង បាន​ជួយ​នាង​បន្ថែម​លើ​ការងារ​នេះ​ផងដែរ​។ 

​គ្រានោះ សៀង​ឡា បាន​ដាំ​បន្លែ​ស្លឹក​រួមមាន ស្ពៃ និង​សាលាដ លើ​ទីវាល​ដែលមាន​ផ្ទៃដី ៣០​អា ក្នុង​បរិ​វេលា​ផ្ទះ​របស់​នាង​។ រហូតដល់​ឆ្នាំ​២០២០ សៀង​ឡា បាន​ពង្រីក​ការដាំដុះ​បន្ថែម​លើ​ផ្ទៃដី ៦០​អា​។  

ការមិន​រុញ​រា និង​មិន​បោះបង់ ធ្វើឱ្យ​យុវតី សៀង​ឡា ទទួលបាន​ជំនួយ​ផ្ទះ​សំណាញ់​ពី​កម្មវិធី ASPIRE

​តាមរយៈ​ការខិតខំ​ប្រឹងប្រែង ជម្នះ​ឧបសគ្គ​លើ​ការដាំដុះ​បន្លែ សៀង​ឡា បាន​ក្លាយជា​កសិករ​គំរូ​មួយរូប​ក្នុង​សហគមន៍​មួយ​នៃ​ខេត្តកំពង់ស្ពឺ​។ ទន្ទឹមនឹងនេះ សមត្ថភាព និង​ភាពលេច​ធ្លោ​របស់​កសិក​រ​វ័យក្មេង​រូបនេះ បាន​ទាក់ចិត្ត​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ ដោយបាន​ផ្ដល់​ផ្ទះ​សំណាញ់​មួយ​ខ្នង​របស់​កម្មវិធី ASPIRE ជូន​ដល់​នាង​សម្រាប់​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ផងដែរ​។ 

ភាគីពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដាំដុះរបស់​កញ្ញា ជាស សៀងឡា

​ក្រោយ​បន្លែ​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់ មានគុណ​ភាពល្អ និង​មាន​ទីផ្សារ បានធ្វើឱ្យ​កសិករ​ដទៃ ចាប់អារម្មណ៍ និង​ចង់​រៀនសូត្រ​ពី​នាង​។ កញ្ញា ជាស សៀង​ឡា និយាយ​បែបនេះ​៖«​មកដល់​បច្ចុប្បន្ន ការធ្វើ​កសិកម្ម​របស់​ខ្ញុំ​ទទួលបាន​ជោគជ័យ ហើយ​មាន​ប្រជាជន​នៅក្នុង​មូលដ្ឋាន និង​សមាជិក​នៅក្នុង​បណ្ដុំ​កសិកម្ម បាន​មកសុំ​រៀនសូត្រ​ពី​បច្ចេកទេស​នៃ​ការដាំដុះ​បន្លែ​សុវត្ថិភាព​ពី​ខ្ញុំ​ផងដែរ​។ ខ្ញុំ​ក៏បាន​ចែករំលែក​ចំណេះដឹង​ផ្សេងៗ​ជូន​ពួកគាត់​»​។ 

​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ជំនាញ​កសិកម្ម​រូបនេះ ការដាំដុះ​បន្លែ​ក្នុងផ្ទះ​សំណាញ់ មិនមាន​ផល​លំបាក ឬ​បញ្ហា​ប្រឈម​នោះទេ ពោល​អាចធ្វើឱ្យ​នាង​ដាំ​ដុះ​បាន​ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។ ជាមួយគ្នានេះ ការដាំដុះ​ក្នុងផ្ទះ​សំណាញ់ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទឹក និង​ជី ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​ដំណក់ទឹក​ស្រោចស្រព​លើ​ដំណាំ​។ លើសពីនេះ ជួយ​កាត់បន្ថយ​ការបំផ្លាញ់​របស់​ពួក​សត្វ​ចង្រៃ និង​មិន​ប្រើ​ថ្នាំពុល ពិសេស​ផ្ដល់​ទ​ន្និ​ផល​ខ្ពស់ បើ​ធៀប​នឹង​ការដាំដុះ​នៅ​ទីវាល​។ 

ចង់ឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​សុខ​ភាពល្អ តាមរយៈ​ការទទួល​ទាន​បន្លែ​សុវត្ថិភាព​

​បន្ទាប់ពី​ទទួលបាន​ផ្ទះ​សំណាញ់​ពី​កម្មវិធី ASPIRE កញ្ញា សៀង​ឡា បានជ្រើសរើស​ការដាំដុះ​បន្លែ​សុវត្ថិភាព​បន្ថែម​លើ​ការដាំដុះ​នៅ​ទីវាល​។ កសិករ​វ័យក្មេង​រូបនេះ ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​សុខ​ភាពល្អ តាមរយៈ​ការបរិភោគ​បន្លែ​សុវត្ថិភាព​។ កញ្ញា សៀង​ឡា អះអាងថា បន្លែ​របស់​នាង​ដាំ​មានគុណ​ភាព មាន​ប្រភព​ច្បាស់លាស់​ជូន​ដល់​អតិថិជន និង​អ្នក​បរិភោគ​។  

ចំពោះ​ទីផ្សារ​វិញ មិនជា​បញ្ហា​ចោទ​ឡើយ ដោយ សៀង​ឡា បាន​ចូលរួម​ក្នុង​បណ្ដុំ​កសិករ ដែល​ងាយស្រួល​ក្នុងការ​ផ្គត់ផ្គង់ និង​នាំចេញ​បន្លែ​។ បន្លែ​របស់​កញ្ញា សៀង​ឡា រួមទាំង​កសិករ​នៅក្នុង​បណ្ដុំ​កសិកម្ម ត្រូវបាន​ចែកចាយ​នៅក្នុង​តំបន់​, ក្នុង​ហាង និង​ផ្សារ​ទំនើប​ក្នុង​រាជធានី​-​ខេត្ត​មួយចំនួន និង​ចែកចាយ​ទៅ​អតិថិជន​ដែល​បាន​ចុះកិច្ចសន្យា​ទិញ​បន្លែ​ផងដែរ​។ 

យុវតី សៀង​ឡា​៖ «​របរ​កសិកម្ម ជួយ​ជីវភាព​គ្រួសារ​ខ្ញុំ និង​ការសិក្សា​ខ្ញុំ​»

​យុវតី ជាស សៀង​ឡា អាច​ប្រមូល​ផល​បន្លែ​ប្រមាណ ៦០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​ក្នុង​មួយ​គីឡូក្រាម ៥០០០​រៀល​។ ក្នុងផ្ទះ​របស់​យុវតី សៀង​ឡា មាន​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​បន្លែ​ដូចជា ស្ពៃក្រញាញ់​, ស្ពៃ​តឿ​, ស្ពៃចង្កឹះ​, ឆៃថាវ​, ដើម​ខាត់ណា​, តាសក់​, ត្រឡាច និង​ននោង ដែល​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់ និង​ទីវាល​។​

​ក្នុង​មួយខែ សៀង​ឡា អាច​រកចំណូលបាន ១​លាន​៤​សែន​រៀល ទៅ​១​លាន​៦​សែន​រៀល ពី​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ដែលមាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​។ ក្រៅពី​ចំណូល​លើ​ការដាំដុះ​ក្នុងផ្ទះ​សំណាញ់ យុវតី សៀង​ឡា មាន​ចំណូល​បន្ថែមទៀត គឺ​ការដាំដុះ​ដំណាំ​នៅ​ទីវាល និង​ការ​ចិញ្ចឹមសត្វ​។ «​តាមរយៈ​វិស័យ​កសិកម្ម​នេះ គឺ​ជួយ​ជីវភាព​គ្រួសារ​ខ្ញុំ​ឱ្យ​ប្រសើរឡើង ទាំង​ការសិក្សា​របស់ខ្ញុំ ទាំង​ជីវភាព​របស់​អាណាព្យាបាល​ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា សៀង​ឡា ដោយ​បន្តថា ទៅ​ថ្ងៃ​អនាគត នាង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ និង​បន្ថែម​ផ្ទះ​សំណាញ់​ឱ្យបាន​ច្រើន​ខ្នង ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឱ្យបាន​គ្រប់គ្រាន់​។​

​កសិករ​វ័យក្មេង​រូបនេះ សប្បាយចិត្ត​ចំពោះ​ការងារ​កសិកម្ម​របស់​ខ្លួន ដែលមាន​ការទទួលស្គាល់​ពី​មន្ទីរ​កសិកម្ម និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកំពង់ស្ពឺ ពិសេស​ការលើកទឹកចិត្ត និង​ការផ្ដល់​សម្ភារ​ផ្សេងៗ​ពី​កម្មវិធី ASPIRE ។ សៀង​ឡា ជំរុញ​ឱ្យ​យុវជន​មាន​វ័យ​ប្រហាក់ប្រហែល​នាង គួរ​ចាប់យក​វិស័យ​កសិកម្ម ដែល​អាច​ដាំ​ដុះ និង​រកលុយ​នៅក្នុង​ផ្ទះ​រៀងៗ​ខ្លួន ដោយ​មិនបាច់​ចំណាកស្រុក​៕

ព័ត៌មានទាក់ទង