រដ្ឋមន្ត្រីកសិកម្ម៖ ថ្នាំនិងជីកសិកម្មឡើងថ្លៃ ដោយសារខ្វះការផ្គត់ផ្គង់ពីប្រទេសផលិត

21/10/2021 2:00 pm ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ បច្ចុប្បន្នថ្នាំកសិកម្ម និងជីកសិកម្ម កើនតម្លៃខ្ពស់នៅលើទីផ្សារ។ ការកើនឡើងតម្លៃនេះ ដោយសារ ប្រទេសផលិតមិនមានលិទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់, កង្វះវត្ថុធាតុដើមផលិត, ការកាត់បន្ថយកម្លាំងពលកម្មផលិត, ការចំណាយពេលច្រើនក្នុងការដឹកជញ្ជូនជាដើម។


 

ស្ថិតក្នុងបរិបទ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ វិស័យកសិកម្មនៅតែអាចដំណើរការធម្មតា ខណៈអាជីវកម្មតូចធំមួយចំនួនត្រូវបានបិទទ្វារ ជាពិសេសវិស័យទេសចរណ៍។ ដ្បិតវិស័យកសិកម្មអាចដំណើរការទៅពិតមែន ប៉ុន្តែវិស័យមួយចំនួនបានជួបបញ្ហាការឡើងថ្លៃថ្នាំ និងជីកសិកម្ម។ ការកើនតម្លៃនៅពេលនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មពន្យល់ថា ដោយសារបញ្ហាមួយចំនួនរបស់ប្រទេសផលិត។ 

បញ្ហាធ្វើឱ្យថ្នាំនិងជីកសិកម្មឡើងថ្លៃបណ្ដាលមកពី ប្រទេសផ្គត់ផ្គង់ធំៗកង្វះវត្ថុធាតុដើមទៅដល់ប្រទេសផលិតថ្នាំ និងជីកសិកម្មនាំចេញ ខណៈប្រទេសផលិតដូចជាប្រទេសចិន វៀតណាម ថៃ កាត់បន្ថយកម្លាំងពលកម្មផលិត ដោយសារបញ្ហាជំងឺកូវីដ-១៩។ 

ស្របពេលការកាត់បន្ថយកម្លាំងផលិត តម្រូវការជីកសិកម្ម និងថ្នាំកសិកម្ម នៅតែមានតម្រូវនៅប្រទេសកសិកម្មផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ដែលការផ្គត់ផ្គង់មិនអាចបំពេញតាមតម្រូវការបាន ខណៈការដឹកជញ្ជូនទាមទាររយៈពេលយូរ និងតម្លៃខ្ពស់។ ឯការចំណាយលើការវេចខ្ចប់ឡើងវិញ និងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្ដាលជាហេតុធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានតម្លៃថ្លៃជាងរោងចក្រផលិត។ 

ទន្ទឹមនឹងនេះ តម្រូវការប្រើប្រាស់ក្នុងប្រទេសមានការកើនឡើង ដោយសារអ្នកវិនិយោគមួយចំនួនពីវិស័យផ្សេងៗ ងាកមកវិស័យកសិកម្មវិញ ខណៈកម្ពុជា មិនទាន់មានលទ្ធភាពផលិតជីកសិកម្ម បាននៅឡើយ៕
 

ព័ត៌មានទាក់ទង