រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញ​អង្ករធ្លាក់ចុះ បណ្ដាលមកពីបញ្ហាចម្បង៤

20/10/2021 11:00 am ភ្នំពេញ


ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះ ដោយសារតម្លៃដឹកជញ្ជូនឡើងថ្លៃ, កង្វះទូកុងទីន័រ, ការកាត់បន្ថយការបញ្ជាទិញ និងតម្រូវការអង្ករក្រអូបថយចុះ។



ក្នុងឆ្នាំ២០២១នេះ ផលិតផលកសិកម្មកម្ពុជាបានជួបប្រទះបញ្ហាក្នុងការនាំចេញមួយចំនួន ក្នុងនោះការនាំអង្ករចេញទៅទីផ្សារអន្តរជាតិក៏មានការធ្លាក់ចុះផងដែរ។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២១នេះ អង្ករនាំចេញទៅទីផ្សារក្រៅប្រទេសបានចំនួន ៤១០ ៦៩៨តោន គឺធ្លាក់ចុះប្រមាណ ៧៨ ០៧៧តោន ពោលថយចុះ ១៥,៩៧ភាគរយ ធៀប​នឹង​ឆ្នាំ២០២០។

ការនាំចេញអង្ករទៅកាន់ទីផ្សារ​អន្តរជាតិធ្លាក់ចុះនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន លើកឡើងពីមូលហេតុ៤ចម្បង តាមរយៈការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។ បញ្ហាចម្បងទាំង៤ ដែលធ្វើ​ឱ្យការនាំចេញអង្ករធ្លាក់ចុះនោះគឺ បណ្ដាលមកពីតម្លៃដឹកជញ្ជូនតាមកប៉ាល់ ឡើងថ្លៃពី១ ៥០០ដុល្លារ ដល់ចន្លោះពី៧ ០០០-៨ ០០០ដុល្លារ ក្នុងមួយកុងទីន័រ ដែលមានទំហំ២០ហ្វីត។

តម្លៃការដឹកជញ្ជូនថ្លៃនេះ បានជះឥទ្ធិពលដល់ការបញ្ជាទិញរបស់ឈ្មួញ ដោយរងចាំថ្លៃដឹកជញ្ជូនធ្លាក់ថ្លៃវិញ និងពិចារណាលើការទិញចូល។ ដោយ​សារ​បញ្ហានេះ ការបញ្ជាទិញសម្រាប់តែផ្គត់ផ្គត់តម្រូវការជាក់ស្ដែងប៉ុណ្ណោះ​ ដោយមិនសម្រាប់ស្តុកទុកឡើយ​។
កង្វះទូកុងទីន័រផ្ទុកទំនិញទំហំ២០ហ្វីត ក្លាយជាបន្ទុកដល់ការនាំចេញអង្កររបស់កម្ពុជា បន្ទាប់ពីតម្លៃដឹកជញ្ជូនផ្លូវទឹកឡើងថ្លៃ។ បញ្ហាកង្វះទូកុងទីន័រទំហំ២០ហ្វីតនេះ បណ្ដាលមកពីសំបកកុងទីន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អឺរ៉ុប ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូនក្នុងទីផ្សារសហគមន៍អឺរ៉ុបកកស្ទះ។ ម្យ៉ាងទៀត បណ្ដាលមកពីកង្វះកម្មករ និងអ្នកបើកឡានដឹកកុងទីន័រជាដើម។

បញ្ហាមួយទៀត ដែលប៉ះពាល់ដល់ការនាំចេញអង្ករ គឺក្រុមហ៊ុនដឹកជញ្ជូនកាត់បន្ថយការដឹកជញ្ជូន និងផ្ដល់អាទិភាពដល់ការដឹកទំនិញស្រាល ខណៈទំនិញធ្ងន់ដូចជាអង្ករ មានចំនួនកំណត់ក្នុងការដឹកជញ្ជូន។ ក្នុងមួយសប្ដាហ៍ កម្ពុជាត្រូវការទំហំផ្ទុកកុងទីន័រលើកប៉ាល់ប្រមាណពី ៣៥០ ទៅ៤០០ទូកុងទីន័រ សម្រាប់កំពង់ផែមេសិង្ហបុរី ទៅកាន់កំពង់ផែនៅសហគមន៍អឺរ៉ុប ខណៈបច្ចុប្បន្នផ្ដល់ត្រឹមតែ១០០ ទៅ១៥០ទូកុងទីន័រប៉ុណ្ណោះ សម្រាប់អង្ករ និងទំនិញធ្ងន់ផ្សេងទៀត។

មូលហេតុមួយទៀត ដែលធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះដែរនោះគឺ ជំងឹរាតត្បាតកូវីដ-១៩។ ជំងឺនេះបានធ្វើឱ្យតម្រូវការ និងតម្លៃអង្ករក្រអូបមានធ្លាក់ចុះខ្លាំង បើបធៀបនឹងអង្ករសធម្មតា គឺធ្លាក់ចុះពីជាង ៨០០ដុល្លារ មកនៅ៦៥០ដុល្លារ ក្នុងមួយតោន ខណៈអង្ករប្រមាណ៨០ភាគរយ ដែលកម្ពុជានាំចេញ ជាប្រភេទអង្ករក្រអូប។

សូមរម្លឹកថា អង្ករជាង៤១ម៉ឺនតោន ទៅទីផ្សារអន្តរជាតិនេះ គឺចិនជាទីផ្សារនាំចេញធំជាងគេសម្រាប់កម្ពុជា ដោយនាំចេញបានប្រមាណ ២០ម៉ឺនតោន។ ក្រៅពីចិន កម្ពុជានាំចេញអង្ករ ១០ម៉ឹនតោន ទៅប្រទេសចំនួន២២ក្នុងសហភាពអឺរ៉ុប, អាស៊ានចំនួន៧ប្រទេស ជាង៤ម៉ឺនតោន និងប្រទេសចំនួន២៣ប្រទេសទៀតចំនួន ៦ម៉ឺនតោន។ ក្នុងចំណោមអង្ករដែលកម្ពុជានាំចេញ ក្នុងអង្ករក្រអូបគ្រប់ប្រភេទជាង ២៨ម៉ឺនតោន ស្មើនឹង៧០,៣៣ភាគរយ, អង្ករសគ្រប់ប្រភេទជាង ១១ម៉ឺនតោន ស្មើនឹង២៧,៨៧ភាគរយ និងអង្ករចំហុយជាង៧ពាន់តោន ស្មើនឹង ១,៨០ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕

 

ព័ត៌មានទាក់ទង