អ្នកជំនាញ ចាប់ផ្តើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ដើម្បីសុវត្ថិភាពទេសចរ និងប្រាសាទ
ដោយ៖ ហុង ស្រីណា
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញសិក្សាឃើញថា ខ្លោងទ្វារខាងកើតមានសភាពទ្រុឌទ្រោម ដោយថ្មមួយចំនួនអាចនឹងធ្លាក់ចុះ ដែលអាចបង្កគ្រោះថ្នាក់ដល់ទេសចរជាយថាហេតុ។

ខ្លោងទ្វារខាងកើត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទអង្គរវត្ត។ ប៉ុន្តែ បញ្ហាអាកាសធាតុ កត្តាអាយុកាល និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ បានធ្វើឱ្យខ្លោងទ្វារនេះ រងការខូចខាត ដោយថ្មមួយចំនួនអាចនឹងធ្លាក់បាក់បែក ដែលអាចបង្កហានិភ័យដល់តួប្រាសាទ និងទេសចរ។
លោកស្រី ភិន វិជ្ជាសច្ចរ៉ា បុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា៖«ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត មិនមានការខូចខាតធ្ងន់ធ្ងរឡើយ ដោយខូតខាតផ្នែកខ្លះៗដូចជា ជណ្តើរ ដំបូល ព្រហ្មដំបូល និងហោជាងជាដើម»។

លោកស្រី ភិន វិជ្ជាសច្ចរ៉ា ជាបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត។ ។ រូបភាពពី អាជ្ញាធរជាតិអប្សរា
បច្ចុប្បន្ន ដំណើរការជួសជុល កំពុងស្ថិតក្នុងដំណាក់កាលនៃការរើថ្ម ដែលធ្លាក់រាយប៉ាយ និងយកទៅផ្គុំ ដើម្បីវិភាគកំណត់ថា ជាអ្វីនៃសំណង់។ បើតាមលោកស្រី វិជ្ជាសច្ចរ៉ា បន្ទាប់ពីផ្គុំសាកល្បងហើយ អ្នកជំនាញនឹងសិក្សាពីទម្ងន់ និងវិភាគថាតើអាចលើកដាក់វិញបាន ឬអត់។

សកម្មភាពក្រុមអ្នកជំនាញកំពុងរើថ្ម ដែលប្រឈមនឹងធ្លាក់ចុះ ដើម្បិយកទៅវិភាគ និងផ្គុំសាកល្បង។ . រូបភាពពី អាជ្ញាធរជាតិអប្សរា។
ក្នុងដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ មិនមានការលំបាកអ្វីច្រើនឡើយសម្រាប់ក្រុមអ្នកជំនាញ។ ថ្វីបើការលំបាកមិនមានច្រើន តែកត្តាអាកាសធាតុ នៅតែជាឧបសគ្គរាំងស្ទះការងារមួយចំនួន សម្រាប់ក្រុមអ្នកជំនាញក្នុងការជួសជុល។ លោកស្រី វិជ្ជាសច្ចរ៉ា មិនអាចបញ្ជាក់ពីរយៈពេលនៃការជួសជុលបានឡើយ។
សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ថវិកាជាតិ ដើម្បីជួសជុល៕
ខ្លោងទ្វារខាងកើតនៃប្រាសាទអង្គវត្ត ត្រូវបានអ្នកជំនាញប្រើឧបករណ៍ទប់ ដើម្បីបង្ការការធ្លាក់បែកបាក់។ រូបភាពពី អាជ្ញាធរជាតិអប្សរា
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

