វៀតណាម និង​ថៃ ជាទី​ផ្សារ​នាំចេញ​កសិផល​ដ៏​ធំ​របស់​កម្ពុជា​

20/10/2021 9:00 am ភ្នំពេញ

​ដោយ​៖  ញឹក ស្រីល័ក្ខ 

​ភ្នំពេញ​៖ កសិផល​កម្ពុជា​មួយចំនួន​ធំ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ថៃ ដែលជា​ទីផ្សារ​ប្រពៃណី​របស់​កម្ពុជា​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​សម្រេចបាន​ជាង ៥,៩៣ លាន​តោន ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម មាន​ចំនួន ៦៤,១១​ភាគរយ​, ថៃ ២១,៤៩ ភាគរយ ខណៈ​ចិន​មាន​ត្រឹម ៦,៦៩​ភាគរយ និង​គោលដៅ​ប្រទេស​ដទៃទៀត​ចំនួន ៤,៧១​ភាគរយ​ប៉ុណ្ណោះ​។​



​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​កាស​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៨ តុលា បាន​បកស្រាយ​ជុំវិញ​ចម្ងល់​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​។ ក្នុងនោះ​លោក វេ​ង សាខុន ក៏បាន​លើកឡើង​ពី​មូល​ហេតុដែល​កម្ពុជា​នាំចេញ​កសិផល​ត្រឹមតែ​ប្រទេសជិតខាង​ផងដែរ​។​

​បើតាម​ការបកស្រាយរ​បស់​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ ប្រទេស​ថៃ និង​វៀតណាម ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ក​សិ​ផល​របស់​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។ លោក វេ​ង សាខុន អះអាងថា ប្រទេស​ទាំង​២ បានធ្វើ​សមាហរណកម្ម​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ពិភពលោក​មុន​កម្ពុជា ដោយ​ទទួលបាន​បទពិសោធន៍​ពេញលេញ​ជា​ប្រទេស​កែច្នៃ​នាំចេញ​ផលិតផល​កសិកម្ម និង​ម្ហូបអាហារ​ទៅកាន់​ទីផ្សារ​តំបន់ និង​ពិភពលោក​។ ជាមួយគ្នានេះ ប្រទេស​ទាំងពីរ បាន​អភិវឌ្ឍ​ខ្លួន​ទៅជា​ចំណុច​ប្រមូលផ្តុំ​ស្បៀង សម្រាប់​ពិភពលោក​មុន​កម្ពុជា ក្នុងនោះ​កម្ពុជា និង​ប្រទេស​មួយចំនួន ជាទី​ភ្នា​ក់​ផ្គត់ផ្គង់​ឱ្យ​ឧស្សាហកម្ម​កែច្នៃ​របស់​ប្រទេស​ទាំងពីរ​។ 



​ជុំវិញ​បញ្ហា​កែច្នៃ​នេះ រដ្ឋមន្ត្រី​កសិកម្ម រំពឹង​យ៉ាង​ដូច្នេះ​៖«​ក្នុងពេល​ខាងមុខ នៅពេល​កម្ពុជា​មានការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ សមត្ថភាព​កែច្នៃ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ភស្តុភា​កម្ម​ពាក់ព័ន្ធ​បាន​មួយកម្រិត​បន្ថែមទៀត នឹង​ជំរុញឱ្យមាន​ការ​ស្រូបយក​វត្ថុធាតុដើម មក​កែច្នៃ​ពង្រីក​ការនាំចេញ​ទៅកាន់​ទីផ្សារ​មាន​សក្តានុពល​ដូចជា​ចិន និង​បណ្តា​ប្រទេស​ដែល​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​កាត់បន្ថយ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ប្រទេស​ទាំងពីរ​»​។​

​ទាក់ទង​នឹង​ការនាំចេញ​នេះ ក្រៅពី​ប្រទេសជិតខាង​ទាំងពីរ កម្ពុជា ក៏បាន​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​ចំនួន​៩០​ប្រទេស ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ផងដែរ​។ របាយការណ៍​របស់​ក្រសួងកសិកម្ម បង្ហាញថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១ ការនាំចេញ​សម្រេចបាន​ជាង ៥,៩៣ លាន​តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម មាន​ចំនួន ៦៤,១១​ភា​គេ​យ​, ប្រទេស​ថៃ ចំនួន​២១,៤៩​ភាគរយ​, ប្រទេស​ចិន ចំនួន ៦,៦៩​ភាគរយ និង​គោលដៅ​ប្រទេស​ដទៃទៀត​ចំនួន ៤,៧១​ភាគរយ​៕ 

ព័ត៌មានទាក់ទង