ប្តីប្រពន្ធមួយគូ រចនាហាងកាហ្វេមានរចនាបថដូចវិទ្យាល័យព្រះស៊ីសុវត្ថិ
នាយ យ៉ាន
តាំងពីប្រមាណ ១០ឆ្នាំមកហើយ ហាងកាហ្វេបែបទំនើបរីកដូចផ្សិតនៅរាជធានី ភ្នំពេញ។ ទោះបីជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ក៏ភាគច្រើនជោគជ័យ ដោយសារការច្នៃដេក័រប្លែកៗ និងបង្កើតបរិយាកាសពិសេស។ ក្នុងចំណោមហាងកាហ្វេទាំងអស់នោះ មានហាងកាហ្វេមួយដែលរចនាបែបថ្មីដូចនឹងវិទ្យាល័យព្រះស៊ីសុវត្ថិ។ វិទ្យាល័យ café មិនមែនជាសាលារៀនដែលមានលក់កាហ្វេទេ គឺជាហាងកាហ្វេដែលមានរចនាបថដូចសាលារៀនវិញ ជាពិសេសដូចវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ខ្លោងទ្វារក៏ត្រូវបានចម្លង ឱ្យដូចខ្លោងទ្វារនៃសាលានេះ ដែលមានទីតាំងនៅមហាវិថី ព្រះនរោត្តម ក្នុងរាជធានី។ ខាងក្នុងមានស្លាកសម្រាប់បន្ទប់ ទីចាត់ការ និងមាននាយិកា។ នាយិកាវិទ្យាល័យ café គឺជាអ្នកស្រី ជីង សុនីតា ដែលទាំងគាត់ ទាំងស្វាមីរបស់គាត់ ក៏ជាអតីតសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដូចគ្នាដែរ។ ទីធ្លាខាងក្រៅវាតូចជាងទីធ្លាសាលារៀន ក៏ប៉ុន្តែមានកន្លែងពិសាអាហារ ជាពិសេសបង្អែម ដូចក្នុងសាលារដ្ឋពិត។ ជាពិសេសមានក្ដារខៀន ដែលគេសរសេរជាមួយដីសដែរ ជាមួយទង់ជាតិ និងលើជញ្ជាំងមានរូបគំនូរតាមប្រធានបទចំណេះដឹង និងមានសៀវភៅច្រើនក្បាលលើទូ ដែលមួយចំនួនគ្រាន់តែជាគ្រឿងតុបតែង។ ចំណុចតែមួយគត់ ដែលខុសពីវិទ្យាល័យរដ្ឋ គឺគ្មានចំណតយានយន្ដនិងកង់ទេ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com